• អ្នកប្រណាំងកង់គ្មានស្បែកជើងពាក់ ប៉ិច ភារ៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំង តែបំណងធំរបស់គេ មិនមែនត្រឹមការជិះកង់
    កីឡាផ្សេងៗ 2 weeks ago 66 Views

    រូប​ភាព​​ប៉ុន្មាន​សន្លឹក​របស់​កុមារា ប៉ិច ភារ៉ា ដែលបាន​ចូល​រួមការ​ប្រណាំង​កង់ភ្នំ នៅ​ទី​លាន​ព្រែក​លៀប ដោយប្រើ​កង់​កញ្ចស់ តម្លៃ​ត្រឹម​២ម៉ឺន​រៀល ហើយ​គ្មាន​សូម្បី​ស្បែកជើង​ពាក់​ហ្នឹង​គេ​នោះ បាន​ក្លាយ​ជា​ប្រធាន​បទថ្មី ដែល​កំពុងទទួល​បានការ​ចាប់អារម្មណ៍ខ្លាំង​ពី​មហាជន និង​ត្រូវបាន​គេ​នាំ​គ្នា​យក​មក​បង្ហោះ​ព្រោង​ព្រាត នៅ​ក្នុង​ប្រព័ន្ធ​សង្គមហ្វេសប៊ុក។

    តាម​រយៈ​​រូប​ភាព​ដ៏​កម្សត់នេះ បាន​ធ្វើ​ឲ្យ​មហាជន មានការ​កោតសរសើរ​ពី​ឆន្ទៈ​ដ៏​មោះ​មុត​របស់ ប៉ិច ភារ៉ា និងមាន​ការ​អាណិត​ដល់​កុមារ៉ា​អាយុ​១៣​ឆ្នាំ​រូបនេះផងដេរ​ ដែល​​បាន​ប្រើ​កង់​កញ្ចស់ ទិញ​ពី​អែតចាយ ក្នុង​​តម្លៃ​ត្រឹម​២ម៉ឺន​រៀល យក​ទៅ​ប្រណាំងកង់​ភ្នំ​ជាមួយកុមារផ្សេងៗ​ទៀត ដែល​គេមាន​កង់ថ្មីទំនើប និង​មាន​សម្លៀក​ពាក់​កីឡា​យ៉ាង​សមសួន។

    យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោយការ​ប្រកួត កាល​ពី​ថ្ងៃអាទិត្យមុន​នេះ អ្នក​ប្រណាំង​កង់​ដ៏កម្សត់ពាក់លេខ​ ២៦១ ប៉ិច ភារ៉ា ដែល​បាន​ត្រឹម​លេខ​៦ នៅ​ក្នុងការ​​ប្រកួត​​វិញ្ញាសា​ផ្នែក​កុមារ​នោះ មាន​សប្បុរជន​ជិត​ឆ្ងាយ បាន​នាំ​យក​កង់​ថ្មី បូក​រួមទាំងសម្ភារ និង​ថវិកា ទៅ​ប្រគល់​ជូន​ដល់រូប​គេ ជា​បន្ត​បន្ទាប់ ហើយ​នៅ​ពេលនេះ​ក៏មាន​ឧកញ៉ា និង​អ្នក​មានទ្រព្យសម្បត្តិ មួយចំនួន ចង់​ជួប ដើម្បី​ជួយ​ដល់ ប៉ិច ភារ៉ា ផងដែរ។

    ទាក់ទង​ទៅនឹងការ​ចូល​រួម​ប្រកួត​ប្រណាំងកង់​ភ្នំ ឆ្នាំ​២០២០ នៅ​ព្រែក​លៀប កាលពី​ថ្ងៃអាទិត្យ​នោះ ប៉ិច ភារ៉ា បាន​ប្រាប់​ប្រព័ន្ធ​ផ្សាយ​ថា៖ «ខ្ញុំ​ឃើញ​គេ​ប្រណាំង​បាន ខ្ញុំ​ទៅ​សុំ​ចុះ​ឈ្មោះ​ដែរ ព្រោះ​គេ​មិន​ប្រកាន់​ចំពោះ​ខ្ញុំ ​អត់​មាន​សម្ភារ​ប្រកួត​គ្រប់គ្រាន់​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មាន​អារម្មណ៍​អន់ចិត្ត ឬ​ខ្មាស​គេ​ ពេល​ឃើញ​គេ​មាន​កង់​ប្រណាំង​ស្អាត និង​សម្លៀក​បំពាក់​កីឡា​ល្អៗនោះ​ដែរ ​ព្រោះ​ខ្ញុំ​ចង់​ចូល​រួម និង​ព្យាយាម​យក​ឈ្នះ»។

    ជុំ​វិញ​ការ​ចូល​រួមប្រណាំង​កង់ភ្នំ ដែល​គ្មានសូម្បី​ស្បែក​ជើង​ពាក់​នោះ ប៉ិច ភារ៉ា បាន​និយាយ​ថា៖ «ខ្ញុំ​ពាក់​ស្បែក​ជើង​ផ្ទាត់​ធម្មតា តែ​ពេល​ប្រណាំង ខ្ញុំ​ដោះ​ស្បែក​ជើង ពី​ព្រោះ​វា​ស្រួល​ជាង»។

    យ៉ាង​ណា​ក៏​ដោយ កុមារ៉ា ប៉ិច ភារ៉ា ដែល​មាន​ឪពុក​ជា​កម្មករ​សំណង់ និង​ម្ដាយ​មាន​ជំងឺ​ប្រចាំ​កាយ ដែល​បានរស់​នៅ​​ក្នុង​​​ជីវភាព​ដ៏​កម្សត់​ ក្រោមដំបូល​​ខ្ទមទ្រុឌទ្រម ជាមួយ​បងប្អូន​៤នាក់ទៀត នៅ​ក្នុង​ភូមិ​ព្រែក​តាគង់ សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ នោះ បាន​បង្ហើប​ឲ្យ​ដឹង​ពី​គោលបំណង​ធំ​របស់​គេ ទៅ​ថ្ងៃអនាគត ដែល​មិន​មែន​ជា​ការក្លាយ​ខ្លួន​ទៅ​ជា​កីឡាករ​ប្រណាំងកង់​នោះ​ទេ។​

    កុមារ៉ា ដែល​​កំពុង​សិក្សា​ថ្នាក់​ទី៤ ប៉ិច ភារ៉ា បាន​បញ្ជាក់៖​«ដំបូង​ខ្ញុំ​ចង់​ឱ្យ​គេ​ជួយ​គ្រួសារ​របស់​ខ្ញុំ ហើយ​បើ​អាច ខ្ញុំ​ចង់​ទិញ​សម្ភារ​សិក្សា និង​ខោអាវ ហើយ​ពេលខ្ញុំធំ ខ្ញុំ​​ចង់​ធ្វើ​ជា​ទាហាន បំណង​ការពារ​ប្រទេស​ជាតិ»៕

  • Loading...
  • Recent Posts