• ព្រឹត្តិការណ៍ប្រកួតចំនួន៤ ត្រូវបានពន្យារពេល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា
    កីឡាផ្សេងៗ 2 weeks ago 48 Views

    ព្រឹត្តិការណ៍​ប្រកួត​កីឡាទាំង​ក្របខ័ណ្ឌ​ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ និងក្រប​ខ័ណ្ឌ​សិស្ស​សាលា​​ចំនួន​៤ ត្រូវ​បាន​ពន្យារពេល និង​ផ្អាក​ការ​ប្រកួត ដោយ​មិនទាន់បានកំណត់​កាល​បរិច្ឆេទ​ជា​ថ្មី នៅ​ឡើយ​ទេ ដើម្បី​ចូល​រួម​ទប់ស្កាត់ការ​រីក​រាល​ដាល​ជាថ្មី នៃ​ជំងឺកូវីដ​១៩ ដែល​កំពុង​បង្ក​​ហានិភ័យ​ខ្លាំង នៅ​ក្នុង​ប្រទេស​កម្ពុជា។

    សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និងសហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ បាន​ប្រកាស​រួច​ហើយ ពី​ការ​ប្រកាស​ឲ្យ​ពន្យា​រពេល​គ្រប់​កម្ម​វិធី​ប្រកួត​របស់​ខ្លួន ដែល​កំពុងដំណើរ​ការ និង​គ្រោង​រៀបចំ ចំណែក​​ថ្នាក់​ដឹកនាំ​របស់​ សហព័ន្ធ​កីឡា​រាំ​កម្ពុជា សហព័ន្ធ​កីឡា​បាញ់កាំភ្លើង និងនាយកដ្ឋាន​កីឡា​សិស្ស និស្សិត ក៏បានសម្រេច​ពន្យា​រ​ពេល​ការ​ប្រកួត ដែល​ខ្លួន​គ្រោង​នឹង​ធ្វើ នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ផងដែរ។

    សហព័ន្ធកីឡារាំ​កម្ពុជា ដែល​មាន​លោកជំទាវ ញ៉ែម មរកត ជា​ប្រធាន នោះ ​បាន​ចេញ​សេចក្តី​ជូនដំណឹង ស្តី​ពី​ការ​ពន្យារពេល​ការ​ប្រកួតកីឡារាំ​ជ្រើស​រើសជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ ដែលគ្រោង​ធ្វើ​នៅ​វិមានពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ខាងនេះ ហើយសហព័ន្ធ​នេះ នៅមិន​ទាន់ បាន​កំណត់ពីកាល​បរិច្ឆេទ​ជា​ថ្មី នៅ​ឡើយ​ទេ។

    ចំណែក​សហព័ន្ធ​កីឡា​បាញ់កាំ​ភ្លើងកម្ពុជា ដែល​គ្រោងរៀបចំការ​ប្រកួតកីឡា​បាញ់​កាំភ្លើង​​ជ្រើស​រើសជើង​ឯក​ប្រចាំ ​ឆ្នាំ​២០២០ ពី​​ថ្ងៃទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​បញ្ជាការ​ដ្ឋាន​ទ័ពពិសេស​៩១១ (កំពូល) នោះ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ កាលពី​ថ្ងៃពុធ ដោយ​បាន​សម្រេច​លើកការ​ប្រកួតនេះ ទៅ​ធ្វើ​នៅ​ខែ​ធ្នូ ​វិញ។

    ជាមួយ​គ្នា​នេះ ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ​លើកទី​១​ ឆ្នាំ​២០២០ ​ដែល​គ្រោង​ ធ្វើ​ជា​ថ្មី នៅ​​ថ្ងៃ​ទី២០​ ដល់​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិកា ​ឆ្នាំ​​២០២០​ ​ខាង​មុខ​នេះ ក៏​ត្រូវបាន​ខាង​នាយក​ដ្ឋាន​​កីឡា​​សិស្ស និស្សិត ពន្យារពេលទៀត ដោយមិនទាន់កំណត់កាល​បរិច្ឆេទ​ជា​ថ្មី នៅ​ឡើយ​ទេ។

    ជុំវិញ​ការ​ផ្អាក និងពន្យារពេលព្រឹត្តិការណ៍​ប្រកួត​ខាង​លើ​នេះ ​គឺ​ធ្វើ​ឡើង ដើម្បី​ចូល​រួម​បង្ការ និងទប់ស្កាត់​ការ​រីក​រាលជា​ថ្មី​នៃជំងឺកូវីដ​១៩ នៅ​កម្ពុជា ទៅតាមការ​ជូនដំណឹង​របស់​​ក្រសួង​អប់រំ យុវជន និងកីឡា ចុះ​ថ្ងៃ​ទី​ ៨​ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ដោយបាន​កំណត់​ឲ្យ​ផ្អាក​ការ​លេង​កីឡា ឬ​ហាត់​ប្រាណ​គ្រប់ប្រភេទ ដែល​មានការ​ប្រមូល​ផ្តុំ និង​ផ្អាក​ការចេញ-ចូល​ក្នុង​បរិវេណ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក ជា​បណ្តោះ​អាសន្ន៕

  • Loading...
  • Recent Posts