• ព្រឹត្តិការណ៍ប្រកួតប្រដាល់ថ្នាក់ជាតិ និងនៅតាមសង្វៀនឯកជន ត្រូវផ្អាកទាំងអស់
    ប្រដាល់ក្នុងស្រុក 3 weeks ago 51 Views

    ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ទាំង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ និងការ​ប្រកួត​ប្រដាល់​​ជា​លក្ខណៈ​ឯក​ជន នៅ​តាម​សង្វៀន​នានា ដែល​តែង​តែ​បាន​រៀបចំ​ឲ្យមាន​ឡើង ជា​រៀង​រាល់​ចុង​សប្តាហ៍​នោះ ត្រូវ​បាន​ពន្យារពេល និងផ្អាក​ការ​ប្រកួតទាំង​អស់ ហើយការ​ពន្យារពេល និងផ្អាក ​នៃ​ការ​ប្រកួត​នេះ គឺ​ធ្វើ​ឡើង ទៅ​​តាម​​ការ សេចក្តី​ប្រកាស​របស់​​ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា ដើម្បី​បង្កា​រការរីក​រាលដាល​ជា​ថ្មី​នៃ​ជំងឺកូវីដ​១៩។​

    សម្រាប់ការ​ប្រកួត​​កីឡា​ប្រដាល់​គុនខ្មែរ ជ្រើសរើស​ជើង​ឯក ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើ​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុនខ្មែរ ដែល​មានលោក តែម ម៉ឺន ជា​ប្រធាន បាន​ចេញ​សេចក្តី​ប្រកាស​ ឲ្យពន្យារពេល​ការ​​ប្រកួត ដោយ​រង់ចាំ​ ទទួល​ព័ត៌​មាន​ថ្មី នៅ​ពេល​ក្រោយ។

    ជាមួយ​គ្នា​នេះ សម្រាប់ការ​ប្រកួត​ប្រដាល់​ឯកជន ដែល​ធ្វើ​ឡើង​នៅរៀងរាល់​ថ្ងៃសុក្រ សៅ និងអាទិត្យ នៅ​តាម​សង្វៀន​ស្ថានីយទូរទស្សន៍​ឯក​ជន រួម​មាន​សង្វៀន​បាយ័ន​ CNC ប៉ុស្តិ៍​លេខ​៥ PNN ​និង​​សង្វៀន​ថោន ​ព្រម​ទាំង​សង្វៀន​ឯក​ភ្នំ ​នៅ​ខេត្ត​បាត់​ដំបង​ ដែល​សរុប​ចំនួន​ការប្រ​កួត មិន​តិច​ជាង​១៥​លើក​ ក្នុង​មួយ​សប្តាហ៍​នោះ​ ក៏​ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង​ផងដែរ។

    លោក ​តែម ​ម៉ឺន ​ដែល​ជា​អគ្គ​លេខាធិការ​រង គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា ផង​នោះ ​ NOCC ​​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​៖ «​ការ​ប្រ​កួត​ប្រដាល់គុនខ្មែរ ជើង​​ឯក​ថ្នាក់​ជាតិ​ យើង​ពន្យារ​ពេល​សិន​ និង​មិន​ទាន់​ហ៊ាន​កំណត់​ពេល​វេលា​បើក​ជា​ថ្មី​នៅ​ឡើយ​ទេ ​ដោយ​រង់​ចាំ​ក្រសួង​ជំនាញ​ និង​បទ​បញ្ជា​ជា​ថ្មី​ពី​ថ្នាក់​លើ។​ ចំណែក​​ការ​ប្រ​កួត​​ប្រដាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ឯក​ជន​វិញ គឺ​បិទ​ទាំង​ស្រុង​ ដោយ​នៅ​រង់​ចាំ​បទ​បញ្ជា​ថ្មី ហើយ​​យើង​នឹង​ជម្រាប​ជូន​ដំណឹង​ជា​ថ្មី​ទៀត ថា​នឹង​បើក​វិញ​នៅ​ពេល​ណា​»។​

    ជុំវិញ​ការ​ផ្អាក និងពន្យារពេល​ប្រកួតប្រដាល់ជើង​ឯក​ថ្នាក់ជាតិ និង​ប្រដាល់​នៅ​តាម​សង្វៀន​ឯកជន​នេះ គឺ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ និងម្ចាស់​សង្វៀន​ បាន​​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រ​សួង​ជំនាញ​ និង​ថ្នាក់​ដឹក​នាំ​ ដោយ​​យោងតាម​​លិខិត​លេខ ២២៣ ​សខល​ របស់​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​និង​ជំងឺ​កូវីដ១៩​ និង​​យោង​លិខិត​លេខ ៦៣ ​អយក​.សជណ របស់​​ក្រសួង​អប់រំ យុវជន និងកីឡា ចុះ​ថ្ងៃ​ទី​ ៨​ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ស្តី​ពី​ការ​ផ្អាក​ការ​លេង​កីឡា ឬ​ហាត់​ប្រាណ​គ្រប់ប្រភេទ ដែល​មានការ​ប្រមូល​ផ្តុំ និង​ផ្អាក​ការចេញ-ចូល​ក្នុង​បរិវេណ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក ជា​បណ្តោះ​អាសន្ន៕

  • Loading...
  • Recent Posts