• ជើងថ្មី ស្រេកឃ្លានជ័យជម្នះ៤នាក់ ត្រូវវ៉ៃគ្នាដណ្តើមប្រាក់លាន តែ ធន់ សុភា ថា កូនសិស្សលោក នឹងឈ្នះ
    ប្រដាល់ក្នុងស្រុក 3 weeks ago 49 Views

    អ្នក​ប្រដាល់មាន​បទពិសោធ​​ខ្ចីវស្សា តែ​ចិត្ត​ធំ ស្រេក​ឃ្លាន​ការ​ឈ្នះ​ចំនួន​៤​នាក់ រួម​មាន​ ធន់ ផានិត, ពេជ្រ កក្កដា, អេលីត សេងហួរ និង បាន លីម ត្រូវ​បាន​​គេ​ដាក់​ឲ្យ​ប្រកួត ដណ្តើម​ប្រាក់​លាន ទម្ងន់​៥៧​គីឡូក្រាម នៅ​សង្វៀន​ថោន នៅ​ថ្ងៃអាទិត្យ​នេះ ខណៈ​ម្ចាស់​ជើង​ឯក ​នឹង​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន​​៣,៤​លាន​រៀល។

    បើទោះ​បីជា អ្នកទាំង៤នាក់​នេះ តម្រូវ​ឲ្យចាប់​ឆ្នោត មុនការ​ប្រកួតជម្រុះ​៣ទឹក ដើម្បី​រក​អ្នក​ឈ្នះ​២​នាក់ ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​លោក ធន់ សុភា ហាក់​មិនបានចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើបេក្ខភាព​៣នាក់ផ្សេង​ទៀត​នោះ​ទេ ដោយ​លោក​សង្ឃឹម​យ៉ាង​មុត​មាំ​ថា សិស្ស​របស់​គាត់ ធន់ ផានិត នឹងក្លាយ​ជា​ម្ចាស់​ប្រាក់​លាន ​ប្រចាំ​សប្តាហ៍នេះ។

    គ្រូ​បង្វឹក​របស់ ​ធន់ ​ផានិត លោក ធន់ សុភា បាន​ប្រាប់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​៖ «​​ការ​​ហ្វឹក​ហាត់​​របស់ ធន់ ផានិត បាន​ល្អ​ណាស់​ ចំណែកបេក្ខភាពប្រកួតលើក​នេះ ​មាន​​សមត្ថភាព​ប្រ​ហាក់​ប្រ​ហែល​គ្នាទេ ​ហើយ​​មាន​ដៃ​គូ​ខ្លះ​ ទំនង​ក្រោម​យើង​បន្តិច​បន្តួច​ផងដែរ ហេតុ​នេះខ្ញុំ​មាន​ជំនឿចិត្ត​មុត​មាំ​ថា​ ​កូន​សិស្ស​របស់​ខ្ញុំ នឹង​​ឈ្នះ​ប្រាក់​លាន​ នៅ​សប្តាហ៍​នេះ គឺ​ខ្ញុំ​សង្ឃឹម​ជឿជាក់​៩០​ភាគ​រយ»។​

    ទាក់​ទង​ទៅ​នឹង​សមត្ថភាព​ និង​បទ​ពិសោធបច្ចេក​ទេស​ប្រកួត​របស់​​កីឡាករ​វ័យ​ក្មេង​ទាំង​៤​នាក់​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​ ​ ​ធន់ ​ផានិត ​​មាន​ទឹក​ចិត្ត​ប្រ​កួត​ពុះ​កញ្ជ្រោល​ចូល ​វាយ​សម្រុក​មិន​បន្ធូរ​ដៃ​ ដែល​​ទំនង​មាន​ប្រៀប​ជាង​គេ​បន្តិច​បន្តួច ​ព្រោះ​​សូម្បី​តែ​ជើង​ខ្លាំងជម្រើសជាតិ រិន​ ដាវីត ​ក៏​លំបាក​យក​ឈ្នះ​គេ​ណាស់​។

    ចំណែកកីឡករ​ ពេជ្រ​ កក្កដា ក៏​​មាន​ក្បាច់​​ប្រយុទ្ធ គួរឲ្យ​​ចាប់​អារម្មណ៍ និងមិនគួរ​ឲ្យមើល​រំលង ចំណែក អេលីត​ សេងហួរ​ និង បាន លីម​ ក៏អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ដូចគ្នា ព្រោះ​អ្នក​ទាំង២នេះ ជា​កីឡាករ ​ចូលចិត្ត​វាយ​សម្រុក ហេតុនេះ​​នៅពេល​វាយ​ចំ​គោល​ដៅ​ល្អ ករណី​​សន្លប់​ក៏​អាច​កើត​ផងដែរ​។

    យ៉ាង​ណា​ក៏​ដោយ លោក​ ពេជ្រ​ សុផាន់​ គ្រូ​បង្វឹក​ ​ពេជ្រ ​កក្កដា​ បាន​រំពឹង​ដល់​៨០ភាគ​រយ​ថា សិស្ស​របស់​លោក នឹង​អាច​ឡើង​ទៅ​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ បើ​សិនជា​ចាប់​ឆ្នោតប៉ះ អេលីត សេងហួរ ឬ បាន លីម ប៉ុន្តែ​លោក​មាន​ការ​បារម្ភ បើ​សិនជា ពេជ្រ កក្កដា ចាប់​ឆ្នោត​ប៉ះ ធន់ ផានិត នៅវគ្គ​ជម្រុះ។

    លោក ពេជ្រ សុផាន បាន​និយាយ​ថា​៖«​នៅ​ក្នុង​ចំណោម​អ្នកទាំង៤​​នេះ ​យើង​លំបាក​ទស្សន៍​ទាយ​ឲ្យ​ច្បាស់​ណាស់​ ​ព្រោះ​ជា​ប្រភេទ​កីឡារមាន​​ចិត្ត​ធំ​ ហ៊ាន​ចូល​វាយ​ប្តូរ​ដូច​គ្នា ​ហេតុនេះ​បើ​វាយ​ចូល​គោល​ដៅ​ពេញ​ វា​ប្រឈម​ទៅ​នឹង​ការស្រុត​ចុះ​ ឬ​សន្លប់​ភ្លាមៗ​ក៏​ថា​បាន​ដែរ​។ យ៉ាងណា​ក៏​ដោយ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​កូន​សិស្ស​ខ្ញុំ​ នឹង​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រេ​ ប៉ុន្តែ​​បើចាប់​ឆ្នោត​ប៉ះ​ ធន់​ ផានិត​ គារ​​ចាញ់​ឈ្នះ​តឹង​តែង​ណាស់​ គឺខ្ញុំ​មាន​ទំនុក​​ចិត្ត​ឈ្នះ​ត្រឹម​​៥០​ភាគ​រយ​ប៉ុណ្ណោះ»​។

    តាម​​ប្រ​វត្តិ​ប្រ​កួត​ ទទួល​បាន​ពី​គណៈកម្មការ​ផ្គូផ្គង បាន​ឲ្យដឹង​ថា កីឡករ​មានកម្ពស់​១,៧១​ម៉ែត្រ ធន់ ​ផានិត​ ធ្លាប់​ប្រ​កួត​បាន​​១៤​លើក​ ឈ្នះ​១៣​ គឺ​ចាញ់​តែម្តងគត់ ​រីឯ ​ពេជ្រ​ កក្កដា​ធ្លាប់​ប្រ​កួត​បាន​២​៥​ដង ​ឈ្នះ​១៦​ ​ចាញ់​​៨​ និង​​ស្មើ​១​ដង​ ខណៈ ​បាន​ លីម​ ធ្លាប់​ប្រ​កួត​​២៣​ដង​ឈ្នះ​១៧ ​និង​ចាញ់​៦ដង ហើយ​ អេលីត​ សេង​ហួរ​ ប្រ​កួត​បាន​​៣២​ដង ឈ្នះ​២៣​ ​ចាញ់​៧​ និង​​ស្មើ​២​ដង​៕

     

  • Loading...
  • Recent Posts