• ពេជ្រ ប៊ុនសិដ្ឋ អន្ទះសាកាន់តែខ្លាំង ពេលឮថា យីក ឌុក ចង់វ៉ៃប្តូរការសន្លប់ជាមួយខ្លួន
    បាល់ទាត់ក្នុងស្រុក 3 months ago 112 Views

    ការប្រកួតលើកទី៣ចុងក្រោយ ប្រចាំពូល B ដណ្តើមខ្សែក្រវាត់ ទម្ងន់៥៤គីឡូក្រាមរវាង ពេជ្រ ប៊ុនសិដ្ឋ និង យីប ឌុក នៅលើសង្វៀន PNN នារសៀលថ្ងៃអាទិត្យនេះ អាចនឹងមានករណីសន្លប់ កើតមានឡើង ខណៈ យីក ឌុក ចង់ប្រកួតបែបប្តូរការសន្លប់ ជាមួយ ពេជ្រ ប៊ុនសិដ្ឋ នោះ។

    កីឡាករ យីប ឌុក បានដឹងរួចទៅហើយថា ពេជ្រ ប៊ុនសិដ្ឋ ជាជើងខ្លាំង ដែលធ្លាប់ផ្តួលរូបគេឲ្យសន្លប់១ដង និងឈ្នះពិន្ទុម្តងទៀត ប៉ុន្តែតាមលក្ខខណ្ឌ និងលទ្ធផលប្រកួត២លើកប្រចាំពូលB កន្លងមកនេះ គឺ យីប ឌុក អាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន លុះត្រាតែអាចផ្តួល ប៊ុនសិដ្ឋ ឲ្យសន្លប់ នៅក្នុងទឹកណាមួយ ព្រោះការឈ្នះត្រឹមពិន្ទុ ក៏រូបគេ ត្រូវធ្លាក់ចេញពីការប្រកួតនេះផងដែរ។
    សិស្សគណក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ យីក ឌុក បាននិយាយថា៖«ខ្ញុំហ្វឹកហាត់ត្រៀមខ្លាំងជាងមុន ប៉ុន្តែ ពេជ្រ ប៊ុនសិដ្ឋ ធ្លាប់ឈ្នះខ្ញុំ២ដង និងបានឈញនះដល់ ខេម ចាន់ ទៀតផង ខណៈពេលនេះ គាត់កាន់តែល្អ និងឡើងជើងជាងមុនទៅទៀត។ យ៉ាងណាក៏ដោយ យើងមានការវាយប្តូរ គឺបើមិនសន្លប់គេ សន្លប់យើង ព្រោះមានតែមួយក្រឡានេះទេ ដែលអាចបានឡើងទៅវគ្គបន្ត»។

    តាមរយៈការប្រកួត២លើកកន្លងមកនេះ ពេជ្រ ប៊ុនសិដ្ឋ បានឈ្នះពិន្ទុលើ ខេម ចាន់ និង ម៉ន ភារម្យ មាន៦ពិន្ទុ ហើយកំពុងឈរនៅលេខ២ប្រចាំពូលBនេះ បន្ទាប់ពី ខេម ចាន់ ដែលបញ្ចប់ការប្រកួតទាំង២លើក ជាមួយការឈ្នះ២ និង១ដង មាន៧ពិន្ទុ ចំណែក ២ប្រកួតរបស់ យីប ឌុក បានឈ្នះពិន្ទុ ម៉ន ភារម្យ និងចាញ់ដោយសន្លប់ក្រោមស្នាដៃ ខេម ចាន់។ ហេតុនេះការទទួលបានឱកាសឡើងទៅវគ្គបន្តរបស់ យីប ឌុក មានតែមួយច្រកគត់ គឺត្រូវផ្តួល ពេជ្រ ប៊ុនសិដ្ឋ ឲ្យសន្លប់ នៅក្នុងទឹកណាមួយ។
    យ៉ាងណាក៏ដោយ ការចង់វាយឲ្យ ពេជ្រ ប៊ុនសិដ្ឋ សន្លប់នេះ ត្រូវបានគេមើលឃើញថា យីប ឌុក ប្រហែលជាមិនអាចធ្វើបាននោះទេ គឺស្រួលមិនស្រួល យីប ឌុក ទៅវិញទេ ដែលជាអ្នកសន្លប់ ព្រោះ ប៊ុនសិដ្ឋ ជាកីឡាករចូលចិត្តវាយប្តូរស្រាប់ ហើយអ្នកលេងកណ្តាប់ដៃធ្ងន់រូបនេះ កំពុងតែអន្ទះសា ចង់ប្រកួតខ្លាំង នៅពេលឮថា យីក ឌុក មានបំណងចង់វាយប្តូរការសន្លប់ជាមួយខ្លួននោះ។

    ពេជ្រ ប៊ុនសិដ្ឋ បាននិយាយថា៖«ខ្ញុំគិតថា ការប្រកួតនេះ មិនមែនពិបាកទេ គឺធម្មតា តែខ្ញុំមិនហ៊ានមើលស្រាលគាត់ទេ ព្រោះការប្រកួតខ្សែក្រវាត់បែបនេះ គេក៏ខំហាត់ យើងក៏ខំហាត់ដូចគ្នា។ យ៉ាងណាក៏ដោយ ខ្ញុំអត់ខ្លាចនោះទេ គឺបន់ឲ្យតែគាត់ចូលប្តូរ ព្រោះការវាយប្តូរគ្នា វាល្អមើល ហើយខ្ញុំនឹងយកជ័យជម្នះឲ្យបាន»៕

  • Loading...
  • Recent Posts