• ល្បីថា ជើងខ្លាំងៗភាគច្រើន បានចូលរួមប្រកួតប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ នៅឆ្នាំនេះ
    ប្រដាល់ក្នុងស្រុក 3 weeks ago 59 Views

    ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ​បាន​​អះអាង​ថា ការ​ប្រ​កួត​កីឡា​ប្រដាល់​ជ្រើសរើស​ជើង​ឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០​នេះ​ ដែល​នឹងត្រូវធ្វើ​​​​​ពី​​ថ្ងៃ​ទី​១៦​ ដល់​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​នៅ​ទី​តាំង​មជ្ឈ​មណ្ឌល​កីឡាកង​យោធពល​ខេមរភូមិន្ទ​ (ស្តាតចាស់​) ខាង​មុខ​នេះ មាន​ជើង​ខ្លាំង​ល្បីៗភាគច្រើន​ គឺ​ច្រើនជាង​៥០ភាគ​រយ បានចុះ​ឈ្មោះ​ចូល​រួមប្រកួតរួច​ហើយ គឺ​ខុសប្លែក​ពី​បណ្តា​ឆ្នាំ​កន្លងមក ដែល​អ្នក​ទាំង​នោះ មិនសូវ​អើពើ​ទៅនឹងការ​ប្រកួត​ថ្នាក់ជាតិ ដែល​មាន​ប្រាក់តម្លៃ​ខ្លួន​ប្រកួត​មួយ​លើកៗ បានត្រឹម​៣ទៅ​៤​ម៉ឺន​រៀល។

    ការទាក់​​ទាញបាន​ នូវ​ចំណាប់អារម្មណ៍​របស់​អ្នកប្រដាល់​ល្បីៗ ទាំង​នោះ ​ឲ្យ​ងាយ​មក​ចាប់ចូល​រួមការ​ប្រកួតប្រដាល់​គុនខ្មែរ​ថ្នាក់ជាតិ នៅ​ឆ្នាំ​២០២០​នេះ ត្រូវ​បានលោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុនខ្មែរ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា មក​ពីការ​ប្រកួត​លើក​នេះ សហព័ន្ធ បាន​ធ្វើកំណែ​ទម្រង់​បាន​ល្អ ពិសេស​សហព័ន្ធ ក៏​រក​បាន​ដៃ​គូឯកជន មកចូល​រួម​ឧបត្ថម្ភ ដែល​ធ្វើ​ឲ្យ​អ្នក​ឈ្នះ​មេដាយ​មាស ក្នុង​ប្រភេទ​ទម្ងន់នីមួយៗ អាច​ទទួល​បាន​ប្រាក់រង្វាន់​យ៉ាងតិច​៣០០ដុល្លារ។

    លោក​ តែម ​ម៉ឺន ​បានថ្លែង​ថា​៖ «ការ​ប្រកួតកីឡាប្រដាល់គុនខ្មែរ​ជើង​ឯក​ថ្នាក់ជាតិ នៅ​​ឆ្នាំ​២០២០​នេះ​ យើងមាន​កំណែទម្រង់​កាន់​តែ​ល្អ​ជាង​មុន ​និង​ជាង​បណ្តា​ឆ្នាំ​មុនៗ​ ​​ដែល​ធ្វើ​ឲ្យ​​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​ ព្រម​ចូល​ប្រ​កួត ​ដោយ​សារ​តែ​យើង​បន្ថែម​នូវ​ថវិកា​ពី​វិស័យ​ឯក​ជន ទៅ​លើតម្លៃ​ខ្លួន ដែល​​ទទួល​បាន​ពី​ក្រសួង​អប់រំ យុវជណ និង​កីឡា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កីឡាកររបស់​យើង»។

    លោក​បាន​បន្ថែម​ថា៖​ «សហព័ន្ធ​ បាន​ស្វះ​ស្វែង​រក​ដៃ​គូ​ពី​វិស័យ​ឯក​ជន​ខ្លះ​ ដើម្បី​រក​ថវិកា​ទប់​ទល់​ទល់ការ​ចំណាយ​ និង​ដើម្បី​ផ្តល់​ប្រាក់​រង្វាន់​ជូន​កីឡាករ ​ដែល​ឈ្នះ​បាន​ជើង​ឯក ​ទៅ​តាម​ប្រភេទ​ទម្ងន់​នីមួយៗ ហើយ​តាម​ខ្ញុំ​គិត​ជា​បឋម​ជា​មួយ​ក្រុម​ការ​ងារ គឺ​​អ្នក​ឈ្នះ​ជើង​ឯក​ប្រចាំ​ឆ្នាំ​តាម​ប្រភេទ​ទម្ងន់នីមួយៗ​ ​យើងនឹង​​បន្ថែម​ឲ្យ​បាន​ប្រាក់រង្វាន់​យ៉ាង​តិច​ចំនួន​៣០០​ដុល្លារ​ ​ពី​លើ​ប្រាក់រង្វាន់ ​បាន​ពី​ក្រសួង​អប់​រំ ​​ដែល​អនុវត្ត​តាម​ឆ្នាំ​ចាស់​»​។

    យោងតាម​របាយការណ៍ ពី​គណៈកម្មការរៀបចំ​ការ​ប្រកួត​ បាន​ឲ្យដឹង​ថា គិតត្រឹម​ពេល​នេះ ​ការ​ប្រកួត​ប្រដាល់​គុនខ្មែរជើង​ឯក​ថ្នាក់ជាតិ ​មាន​អត្តពលិក​ចូល​រួម​សរុប​៩៨​នាក់​ ដែល​នឹង​ត្រូវ​ប្រកួត​​តំណាង​ខេត្ត​រាជ​ធានី​ចំនួន​១៣ ​មាន​រាជ​ធានី​ភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​បន្ទាយមាន​ជ័យ​ ឧត្តរ​មាន​ជ័យ ​បាត់​ដំបង សៀម​រាប ​​រតនគីរី ​មណ្ឌល​គិរី ​ព្រៃ​វែង ​ត្បួង​ឃ្មុំ​ កោះ​កុង ​កំពង់​ស្ពឺ ព្រមទាំង​​ក្រ​សួង​ចំនួន​៣ ​មាន​​ក្រ​សួង​ការ​ពារ​ជាតិ ​ក្រ​សួង​មហាផ្ទៃ​ និង​ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។​

    អត្តពលិក​ទាំង៩៨នាក់​នេះ នឹង​ត្រូវ​ប្រកួតប្រជែង នៅ​លើ​វិញ្ញាសា​​ចំនួន​៩​ប្រភេទ​ទម្ងន់​ រួម​មាន​ទម្ងន់​៤៥​ ៤៨​ ៥១​ ៥៤​ ៥៧​ ៦០ ៦៣,៥ ៦៧​ និង​ទម្ងន់​៧១​គីឡូក្រាម ហើយ​កីឡាករ​ជើង​ខ្លាំង ដែល​មាន​សមត្ថ​ភាព​ល្អៗ បាន​ដាក់​ពាក្យ​ចូល​រួមប្រកួត នៅ​ឆ្នាំ​នេះ រួមមាន ខេម ចាន់, ប៊ុន គន្ធា (ប៊ុន សុធា), ឈុត សេរីវ៉ាន់ថង, លន បញ្ញា, ឡៅ ចន្ទ្រា, វ៉ាន់ វឿន, សួន ចាន់នី, ឈឿន ល្វៃ, សុខ សុវណ្ណ, ខាំ ខ្លានាង, សូត្រ ខេវិន, ប៉ោ ភារិទ្ធ (យ៉េន ឌីណា) និង ធឿន ធារ៉ា ជា​ដើម៕

  • Loading...
  • Recent Posts