• ភួន ឡាំងកូស៊ីន នឹងស្ថិតក្រោមការឃ្លាំមើលយ៉ាងម៉ត់ចត់ពីគ្រូបង្វឹក
    ប្រដាល់ក្នុងស្រុក 1 month ago 46 Views

    អ្នកប្រដាល់កំពុង​ស្រវា​រក​ភាព​ល្បី​ល្បាញ ភួន ឡាំកូស៊ីន នឹង​ត្រូវ​ស្ថិត​នៅក្រោមការ​ឃ្លាំ​មើល​យ៉ាង​ម៉ត់ចត់ ពី​សំណាក់​គ្រូ​បង្វឹក​លោក សាន សៅយ៉ាន់ គឺ​ធ្វើ​យ៉ាង​ណា​​ត្រូវ​ជំរុញ​ឲ្យ ឡាំងកូស៊ីន ហ្វឹក​ហាត់ឲ្យ​បាន​ទៀតទាត់ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ឲ្យបាន​កាន់តែ​​រឹងមាំ ត្រៀម​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដណ្តើមខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន PNN។

    លោក​ សាន សៅយ៉ាន់ បាន​និយាយ​ថា៖ ​«ដល់​វគ្គ​សំខាន់នេះ​ហើយ ខ្ញុំ​នឹង​មិនបណ្តោយ ភួន ឡាំងកូស៊ីន ​ទៀត​នោះ​ទេ គឺ​ខ្ញុំ​ត្រូវ​តាមដាន​គាត់​ឲ្យ​ជាប់! កន្លង​មក យើង​ហាក់​ព្រងើយកណ្តើយ មិនសូវ​តាម និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គាត់ ប៉ុន្តែ​លើក​នេះ​ខ្ញុំ​ប្តេជ្ញា​ចំពោះ​ខ្លួន​ឯង​ថា ទោះ​បីជា​ត្រូវ​ខាត​ពេល​វេលា​យ៉ាង​ណា​ ឬ​​ទោះ​បីឈ្នះ​ ឬចាញ់ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​មិន​ឲ្យការ​ប្រកួត​របស់​គាត់​​ទន់​ជ្រាយ​នោះ​ទេ គឺ​ត្រូវតែ​ពង្រឹង​ស៊ុហ្វគាត់​ថែម​ទៀត»។

    ទាក់ទងទៅនឹងការពង្រឹង​សមត្ថ​ភាព​របស់ ភួន ឡាំងកូស៊ីន ត្រៀមការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ លោក សៅយ៉ាន់ បាន​បង្ហើប​ថា៖ ​«នៅ​ពេល​ដឹង​​ថា យើង​ត្រូវ​ជួបអ្នក​ណា គឺ​យើងត្រូវ​មើល​វីដេអូ​របស់​អ្នក​នោះ នឹង​ធ្វើ​ការ​វិភាគ តើថា​យើង​ត្រូវ​វ៉ៃ​ក្បាច់អី គេ​អន់អី យើង​អន់អី ហើយ​យើង​ត្រូវការ​ពារ​ទៅលើ​ផ្នែក​អី ដើម្បី​កុំ​ឲ្យ​យើង​អន់ទៀត។ ជារួម​យើងមានគំនិតច្នៃប្រឌិតបន្តិចៗ ឲ្យគាត់ធ្វើ​តាម​យើង»។

    យ៉ាង​ណាក៏​ដោយ គ្រូ​បង្វឹករូបនេះ បាន​ធ្វើការ​ព្យាករ​យ៉ាង​​ប្រកប​ដោយ​ភាព​ជឿជាក់ថា កីឡាករ ពេជ្រ ប៊ុនសិដ្ឋ និង ខេម ចាន់ នឹង​ឈ្នះ​កៅ​អី​ប្រចាំ​ពូល​B ដើម្បី​ឡើង​ទៅ​ជួប រិន ដាវីត និង ភួន ឡាំងកូស៊ីន នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ គឺ យីប ឌុក មិនអាច​យក​ឈ្នះ ប៊ុនសិដ្ឋ សម្រាប់ការ​ប្រកួត​លើក​ទី​៣​ចុង​ក្រោយ​នោះទេទេ ហើយលោក​ច្បាស់ទៀត​ថា ភួន ឡាំងកូស៊ីន នឹង​ត្រូវ​ជួប ពេជ្រ ប៊ុនសិដ្ឋ ហើយ ខេម ចាន់ នឹងត្រូវ​​ជួប​ រិន ដាវីត។

    ចំណែក ភួន ឡាំងស៊ីន បាន​និយាយ​ផ្តោតទៅ​លើសមត្ថ​ភាព ពេជ្រ ប៊ុនសិដ្ឋ, រិន ដាវីត និង យីប ឌុក ដែល​រូបគេ​ជួប​ម្នាក់ នៅវគ្គ​បន្ត​ថា៖​ «ពួក​គាត់​ទាំង​៣​ហ្នឹង មាន​សមត្ថ​ភាព​ប្រហាក់​ប្រហែល​គ្នា និង​ល្អៗ​ដូ​ចគ្នា អ៊ីចឹង​យើងមិនទាន់​អាច​ដឹង​ថា អ្នក​ណា​ខ្លាំង អ្នក​ខ្សោយ​នោះ​ទេ គឺ​លុះ​ត្រា​ពេល​ប្រកួតតែ​ម្តង ទើប​ដឹង​ច្បាស់ អ៊ីចឹង​​ខ្ញុំ​នឹង​ខំ​ប្រឹង​ប្រែង​ហ្វឹក​​ហាត់ និង​បង្កើន​ស្ទុះ​ឲ្យ​បានរឹងមាំ ព្រោះ​បើ​ស្ទុះ​ល្អ ការ​ប្រកួត គឺ​​យើង​មាន​សង្ឃឹម​ហើយ»។

    គួរ​បញ្ជាក់​ថា សម្រាប់​ការ​ទទួល​បាន​ឱកាសឡើង​ទៅ​កាន់​ការ​ប្រកួតវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ ភួន ឡាំងកូស៊ីន ដែល​ឈរ​នៅ​ពូល​A បាន​ឈ្នះ​ជើងខ្លាំង ធន់ អៀនឡៃ ដោយ​ស្វ័យ​ប្រវត្តិ ព្រោះ អៀនឡៃ ធ្វើ​គីឡូ​មិន​បាន ហើយ​បន្ទាប់មក ឡាំងកូស៊ីន បាន​ចាញ់ពិន្ទុ រិន ដាវីត តែ​​ការ​ប្រកួត​លើកទី​៣​ចុង​ក្រោយ ឡាំងកូស៊ីន បាន​ឈ្នះ​ពិន្ទុ ស៊ឺន ថៃសាន់ ដែល​ធ្វើ​ឲ្យ​៣​ប្រកួត​រូប​គេ បញ្ចប់​ដោយការ​ឈ្នះ​២ និងចាញ់​១ មាន​៧ពិន្ទុ៕

     

  • Loading...
  • Recent Posts