• ក្រុមអ្នកលេងសាច់ដុំកម្ពុជា កំពុងពង្រឹងសមត្ថភាពឡើងវិញ ដើម្បីអាចបានចូលរួមប្រកួតប្រជែងជាថ្មី នៅស៊ីហ្គេម
    កីឡាផ្សេងៗ 1 month ago 80 Views

    ក្រុមអ្នក​លេង​សាច់ដុំ នៃ​ប្រភេទ​កីឡាសាច់ដុំ បាន​កំពុងនឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ជា​លក្ខណៈឯក​ជន ពង្រឹងសមត្ថ​ភាព​ឡើង​វិញ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ថ្នាក់ដឹក ពិសេស​ពីគណៈកម្មាធិការជាតិ​អូឡាំ​ពិកកម្ពុជា (NOCC) ដើម្បី​ពួកគេ អាច​នឹង​ទទួល​បាន​ឱកាស​​ទៅ​ចូល​រួមការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ខាងមុខ​នេះ។

    ការ​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ម្ចាស់​ផ្ទះ​វៀតណាម បាន​សម្រេច​ដាក់​​កីឡា​កាយវប្បកម្ម ទៅក្នុងការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២១ ហើយស្របពេលជាមួយ​គ្នា​នេះ មន្រ្តី​ជំនាញ​របស់ NOCC ក៏​បាន​ផ្តល់ការ​ទុក​ចិត្ត​ដល់​ក្រុម​អត្តពលិក​កាយ​វប្បកម្ម ផងដែរ ដោយ​សារ​តែ​ពួកគេ ធ្លាប់​ដណ្តើម​បាន​រហូត​ដល់​មេដាយ​មាស ប្រាក់ និងសំរឹទ្ធ ពី​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក។

    ជុំ​វិញ​ការងារ​នេះ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC បាន​ប្រាប់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា សម្រាប់ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​វៀតណាម គឺ​កម្ពុជា ​មាន​គោល​ដៅ​ចង់​ឈាន​ជើង​ចូល​ចំណាត់​ថ្នាក់​លេខ​៧ ​ឬ​លេខ​៦​ ក្នុង​ចំណោមប្រទេស​ទាំង​១១ ដែល​នឹង​ត្រូវ​ចូល​រួម។ ជាមួយ​គ្នា​នេះ ​​វៀតណាម​ បាន​សម្រេច​ដាក់​បញ្ចូល​កីឡា​កាយ​វប្បកម្ម​ ​​   ​ជា​ផ្លូវការ​ហើយ ហើយ​កីឡា​កាយ​វប្បកម្ម​ ក៏​កម្ពុជា​មាន​ធនធាន​ល្អ​ សម្រាប់​ការ​ដណ្ដើម​បាន​មេដាយ​ផង​ដែរ។

    ​ លោក​បាន​បន្ត​ថា៖​«ផ្អែក​តាម​លទ្ធផល​ការ​ប្រកួត នៅ​លើ​ឆាក​អន្តរជាតិ កន្លង​មក​ ​កីឡា​កាយ​វប្បកម្ម​របស់​កម្ពុជា ​​ដណ្ដើម​បាន​មេដាយ​ល្អ ​ពីការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ចំនួន​៣​លើក​​។ ហេតុនេះ​​ការ​ដាក់​បញ្ចូល​កាយ​វប្បកម្ម ​ចូល​ក្នុង​ស៊ី​ហ្គេ​ម ​នៅ​វៀតណាម មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ ​មាន​ក្តី​សង្ឃឹម​ល្អ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា ​អាច​ចំណេញ​មេដាយ​ជាង​មុន ​សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​ក្រោយ​ផង​ដែរ»​។​

    គួរ​រំឭក​ថា សម្រាប់ការ​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភពលោក ចំនួន​៣លើក​កន្លង​មក ក្រុម​អ្នក​លេងសាច់ដុំ​កម្ពុជា នៃ​ប្រភេទ​កីឡា​កាយវប្បកម្ម ធ្លាប់​ដណ្តើម​បានទាំង​មេដាយ​មាស២ ប្រាក់១ និងសំរឹទ្ធ២ ហើយ​ក្រុម​មួយនេះ ក៏​ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ពី​ការ​ប្រកួត​ជើង​ឯកអាស៊ី និង​ជើង​ឯក​អាស៊ាន ផងដែរ។

    ដោយឡែក សម្រាប់​ការ​បង្ហាញ​សមត្ថ​ភាព ជា​លើក​ដំបូង នៅ​ស៊ីហ្គេម ឆ្នាំ​២០១៣ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កីឡាករ​កម្ពុជា​២នាក់ ​​បាន​ឡើង​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​មិន​ដណ្តើម​បានមេដាយនោះ​​ទេ ដោយ​ក្នុង​នោះ​កីឡាករ សុខ សុភ័ក្តិ ទទួលបាន​លេខ​៤ ក្នុងការ​បង្ហាញ​សាច់ដុំ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ហើយម្ចាស់មេដាយ​ប្រាក់ តឹក ប៊ុនវី បាន​លេខ​៥ ក្នុង​ប្រភេទ៧០​គីឡូក្រាម។

    យ៉ាង​ណាក៏​ដោយ នៅ​ក្រោយស៊ីហ្គេម ឆ្នាំ​២០១៣នោះ​មក ក្រុម​កាយវប្បកម្មកម្ពុជា កាន់តែ​មានសមត្ថ​ភាព​ល្អ ដោយពួកគេ បាន​បង្កើត​ប្រវត្តិសាស្រ្ត ចំពោះការ​ឈ្នះបាន​​មេដាយមាស​ ពិភព​លោក ចំនួន​២លើក​ជាប់ៗ​គ្នា ដោយ​ក្នុង​នោះ សំបូរ ណាន បាន​ឈ្នះ​មេដាយមាស១ ស្រប​ពេល តឹក ប៊ុនវី បាន​ឈ្នះមេដាយ​ប្រាក់ និង ណុំ សុបិន្ត បាន​ឈ្នះ​មេដាយសំរឹទ្ធ សម្រាប់ការ​ប្រកួតជើងឯក​ពិភព​លោក នៅប្រទេសម៉ុងហ្គាលី ក្នុង​ខែតុលា ​ឆ្នាំ​២០១៧  ហើយការ​ប្រកួត​ជើងឯក​ពិភព​លោក ឆ្នាំ​២០១៨ នៅប្រទេស​ថៃ សំបូរ សុភ័ណ្ឌ បាន​ឈ្នះមេដាយ​មាស១ ឲ្យកម្ពុជា។

    យ៉ាង​ណា​ណា​ក៏​ដោយ ក្រោយ​មក​ទៀត ក្រុម​លេងសាច់ដុំ​កម្ពុជា បាន​ឈាន​ដល់​ការ​ឈ្នះ​បាន​មេដាយ​មាស​ពិភព​លោកចំនួន​២​លើក ព្រមទាំង​មេដាយមាស ប្រាក់ និងសំរឹទ្ធ ពី​ការ​ប្រកួត​ថ្នាក់តំបន់​ជា​ច្រើន​ទៀត មុន​ពេលសហព័ន្ធ​កីឡាកាយវប្បកម្ម​កម្ពុជា ​បាន​បែក​បាក់ផ្ទៃ​ក្នុង​ខ្លាំង នៅ​ដើម​ឆ្នាំ​២០១៩ ប៉ុន្តែ​បច្ចុប្បន្ន កាយវប្បកម្ម បាន​​នឹងកំពុង​រៀបចំ​ឲ្យមានការ​ប្រមូល​ផ្តុំ ជា​លក្ខណៈឯក​ជន ក្រោមការ​ដឹកនាំ​របស់​ប្រធាន​ថ្មី គឺ​អតីត​ម្ចាស់មេដាយ​ប្រាក់ពិភព​លោក តឹក ប៊ុនវី។

    ​អតីត​ម្ចាស់មេដាយ​ប្រាក់​ពិភពលោក លោក​ តឹក ​ប៊ុន​វី ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​​ប្រធាន​ថ្មី របស់​សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា​ បាន​ប្រាប់​ថា​ យើង​ទើប​ទទួល​បានដំណឹង ពី​ការ​​ត្រៀមខ្លួន សម្រាប់​​ទៅ​ចូល​រួម​ប្រ​កួតស៊ីហ្គេម​នេះ​ អ៊ីចឹង​ហើយ យើងបានសម្រិតសម្រាំង​កីឡាករ​៥នាក់ ឲ្យ​ហ្វឹក​ហាត់​ជា​លក្ខណៈឯក​ជន នៅតាម​ក្លិបឯក​ជន​ជា​បណ្តើរៗ​ សម្រាប់ត្រៀម​ការ​ប្រកួត​នោះ៕

  • Loading...
  • Recent Posts