• ភួន ឡាំងកូស៊ីន ឈ្នះកៅអីទៅវគ្គបន្ត ខណៈឱកាសរបស់ ខេម ចាន់ ស្ថិតក្នុងភាពមន្ទិល
    ប្រដាល់ក្នុងស្រុក 4 weeks ago 56 Views

    អ្នក​ប្រដាល់​មក​ពី​ជាយ​ដែនខេត្តបន្ទាយមានជ័យ ភួន ឡាំងកូស៊ីន បាន​រក​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់​លើ ស៊ឺន ថៃសាន់ ដើម្បី​ស្រោចស្រង់បាន​នូវឱកាស ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន PNN ប៉ុន្តែឱកាស​របស់​​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ខេម ចាន់ បាន​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល ដែលត្រូវ​រង់​ចាំ​ជំនួប​កាត់​សេចក្តី​រប​ស់ ពេជ្រ ប៊ុនសិដ្ឋ និង យីប ឌុក។

    តាម​រយៈការ​ប្រកួត​លើក​ទី៣​ចុង​ក្រោយ​ប្រចាំ​ពូល​A របស់​ខ្លួន ​​នៅ​លើ​សង្វៀន PNN កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ ភួន ឡាំងកូស៊ីន ដែល​បាន​ឈ្នះ ធន់ អៀនឡៃ ដោយ​ស្វ័យ​ប្រវត្តិ ក្រោយ​មក​ចាញ់​ពិន្ទុ រិន ដាវីត នោះ បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​ល្អ ដោយ​រូប​គេ​បាន​វាយ​កែង​បណ្តាល​ឲ្យ ស៊ឺន ថៃសាន់ បែក​ក្បែរចិញ្ចើម​ឆ្វេង​តាំង​ពី​ទឹក​ទី​១។

    យ៉ាង​ណា​ក៏​ដោយ ឡាំង​កូស៊ីន ក៏​បាន​ជួបការ​លំបាក​ខ្លាំង​ផងដែរ ចំពោះ​ការ​ដើរ​ចូល​វាយ​លុកមិន​រាថយ​របស់ ស៊ឺន ថៃសាន់ ពិសេស​នៅទឹក​ទី​៥ ប៉ុន្តែ ភួន ឡាំងកូស៊ីន នៅតែ​ទប់​ទល់​ស្ថាន​ការ​បាន​ល្អ និង​វាយ​ចេញ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ក្នុងការ​យក​ឈ្នះ​លើ ថៃសាន់ ដោយ​ពិន្ទុ​ដាច់។

    ការ​រក​ឃើញ​ជ័យជម្នះ​ត្រឹម​១ប្រកួត ដោយ​ប្រើ​សមត្ថ​ភាព​ពិតប្រាកដ​​របស់ ភួន ឡាំងកូស៊ីន​ នេះ វា​មិន​ត្រឹម​តែ​បាន​ទម្លាក់ ស៊ឺន ថៃសាន់ ឲ្យ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់នេះ ដោយ​ចាញ់ទាំង​៣ប្រកួតប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បញ្ចប់​ក្តីសង្ឃឹម​របស់​ជើង​ខ្លាំង ធន់ អៀនឡៃ ដែល​ត្រូវ​ប្រកួត​ចុង​ក្រោយ​ជាមួយ រិន ដាវីត ផងដែរ ព្រោះ​បើទោះបីជា អៀនឡៃ អាច​ផ្តួល ដាវីត ឲ្យ​សន្លប់ ក៏​មិន​បាន​ឡើង​ទៅវគ្គ​បន្ត​ដែរ ព្រោះ​ការ​ចាញ់ ភួន ឡាំងកូស៊ីន ដោយ​ស្វ័យ​ប្រវត្តិ (ធ្វើ​គីឡូ​មិន​បាន) គឺ អៀនឡៃ មិន​ទទួល​បាន​១ពិន្ទុ ដូច​អ្នក​ដែល​ចាញ់​ដោយ​មក​ប្រកួតនោះ​ទេ អ៊ីចឹង​បើរូបគេ អាច​ឈ្នះ រិន ដាវីត ក៏​មាន​ត្រឹម​៦ពិន្ទុ តិចជាង រិន ដាវីត និង ភួន ឡាំងកូស៊ីន ដដែល។

    ជុំ​វិញ​ការ​យក​ឈ្នះ​លើ ស៊ឺន ថៃសាន់ នេះ ភួន ឡាំងកូស៊ីន បាននិយាយ​ក្រោយការ​​ប្រកួត​​ថា៖​ «ខ្ញុំ​សប្បាយ​ចិត្ត ដែល​ខ្ញុំ​ធ្វើ​បានសម្រេច ដើម្បី​បាន​ទៅវគ្គ​ម្តង តែ​ការ​ឈ្នះនេះ រាង​ពិបាក​ដែរ ព្រោះ​ ស៊ឺន ថៃសាន់ គាត់​ល្អ​ដែរ គាត់​ស្ទុះ​ល្អ ដើរ​បុក​ទាំង​៥​ទឹក​តែ​ម្តង ហើយ​​ទឹក​ទី​៥ មាន​ការពិបាក​ខ្លាំងជាង​គេ ដោយ​សារ​គាត់​ដឹង​ថា គាត់​ចាញ់​ ហេតុនេះ គាត់​ចូល​វាយប្តូរ​ផ្តាច់​យក​តែ​ម្តង»។

    សម្រាប់ការ​​ប្រកួត កាល​ពី​ថ្ងៃអាទិត្យ នោះ​ដែរ ម្ចាស់មេដាយសំរឹទ្ធ ខេម ចាន់ បាន​យក​ឈ្នះ​រៀម​ច្បង ម៉ន ភារម្យ ដោយ​ពិន្ទុ​ដាច់ ហើយ​ជ័យជម្នះនេះ បាន​ធ្វើ​ឲ្យ ខេម ចាន់ បាន​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ទាំង​៣​លើក នៅ​ពូល​B ដោយ​ឈ្នះ​២ និងចាញ់​១​ប្រកួត មាន​៧ពិន្ទុ ប៉ុន្តែ​ឱកាស​ឈ្នះ​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​របស់ ខេម ចាន់ ​កំពុងស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល​បន្តិច​បន្តួច។

    លក្ខខណ្ឌ​ឈ្នះ​ឱកាស​ឡើង​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់ ខេម ចាន់ គឺ​ត្រូវ​រង់ចាំ​ការ​ប្រកួតលើក​ទី​៣​​រវាង ពេជ្រ ប៊ុនសិដ្ឋ និង យីប ឌុក គឺ​បើ​សិនជា ប៊ុនសិដ្ឋ ឈ្នះ នោះ ខេម ចាន់ និង​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​ជាមួយ ប៊ុនសិដ្ឋ ប៉ុន្តែ​បើសិនជា យីក ឌុក អាច​យក​ឈ្នះ ប៊ុនសិដ្ឋ វិញ គឺ​អ្នក​ទាំង​៣​នេះ នឹងមាន​៧ពិន្ទុស្មើ​គ្នា ដែល​ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់ទៅ​លើ​ឈរ​ទឹក​បានច្រើន ឬអ្នក​មិន​សន្លប់ សម្រាប់ការ​ប្រកួត​ទាំង​៣​លើក៕

  • Loading...
  • Recent Posts