• ថាន់ ប៊ុនរ៉ុង ប្រាប់ពីមូលហេតុនាំឲ្យរូបគេ មិនអាចដណ្តើមបានប្រាក់លាន ពី សេក ចៅជូត
    ប្រដាល់ក្នុងស្រុក 4 weeks ago 42 Views

    អ្នក​ប្រដាល់​មក​ពី​សមាគម​កីឡា​ប្រដាល់​កង​យោធ​ពល​ខេមរភូមិន្ទ ថាន់ ប៊ុនរ៉ុង បាន​ទទួល​ស្គាល់​ថា រូប​គេ ពិត​ជា​បានចាញ់​កីឡាករ សេក ចៅជូត សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ប្រាក់លាន ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន ខណៈ ចៅជូត ក៏​បានសរសើរ​ពី​ចំណុច​ខ្លាំង​របស់ ប៊ុនរ៉ុង ផងដែរ។

    កីឡាករ ថាន់ ប៊ុនរ៉ុង ដែល​បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់ ភួង ពិសិដ្ឋ នៅ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​៣ទឹក​នោះ បាន​ប្រាប់​ថា ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជាមួយ សេក ចៅជូត មិន​​ពិបាក​ខ្លាំង ដូច​ការ​យក​ឈ្នះ ភួង ពិសិដ្ឋ នោះ​ទេ ព្រោះ ពិសិដ្ឋ វាយ​ចេញ​បាន​លឿន ហើយ​ទម្ងន់​វាយចេញ​​របស់ ពិសិដ្ឋ ក៏​បាន​ធ្វើ​ឲ្យ​រូបគេ ចង់​មាន​បញ្ហា នៅ​លើ​ចំណុច​កណ្តៀត​ក្អម ផងដែរ។

    យ៉ាង​ណា​ក៏​ដោយ ថាន់ ប៊ុនរ៉ុង បាន​ប្រាប់​ពី​មូល​ហេតុ ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មិន​អាច​យក​ឈ្នះ សេក ចៅជូត យ៉ាង​ដូច្នេះ​ថា៖ ​«ការ​ប្រកួត​នៅវគ្គ​ជម្រុះ មាន​ការ​ពិបាក​ជាង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ សេក ចៅ​ជូត ជា​កីឡាករ​ដែល​មាន​ភាព​រឹង​មាំ គឺ​មិន​បាន​បង្ហាញ​ចំណុច​ទន់​ជ្រាយ​ឲ្យ​យើង​បាន​ដឹង​នោះ​ទេ បើ​ទោះបីជា​ខ្ញុំ​ខំ​វាយ​សន្ធប់ទៅ​លើ​គាត់យ៉ាង​ណា​ក៏​ដោយ។ បន្ថែម​លើនេះ គាត់​ល្អ​ទាត់ និង​ជង្គង់ ហើយការ​ប្រកួតនេះ ខ្ញុំ​ប្រហែលជា​ចាញ់​ទាត់​របស់​គាត់»។

    តាម​រយៈ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​មាន​៣ទឹក នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ កន្លង​មក​នេះ ថាន់ ប៊ុនរ៉ុង ត្រូវ​បាន​ពិធី​ករ​ប្រកាស​ពី​លទ្ធផលរបស់​ចៅក្រម ដោយ​បានដាក់​ពិន្ទុ​ឲ្យ​ចាញ់ សេក ចៅជូត ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៤-១ ហើយការ​បរាជ័យនេះ បាន​ធ្វើ​ឲ្យ​រូប​គេ ទទួល​បាន​ទឹក​ប្រាក់ត្រឹម​១,៨​លាន​រៀល ខណៈ​ម្ចាស់​ជើង​ឯក សេក ចៅជូត ទទួល​បាន​ប្រាក់រង្វាន់ ៣,៤ លាន​រៀល។

    យ៉ាង​ណា​ក៏​ដោយ សេក ចៅជូត ដែល​បាន​ទម្លាក់​កីឡាករ នូវ ស៊ីណាត នៅ​វគ្គ​ជម្រុះ​នោះ ​បាន​សរសើរ​ពី​ភាព​ខ្លាំង​របស់ ថាំង ប៊ុនរ៉ុង ដែល​ធ្វើ​ឲ្យ​រូបគេ មានការ​ពិបាក​ច្រើន ហើយ​ជ័យជម្នះ​របស់​គេ គឺ​រក​បានទាំង​ពិបាក និង​ស្ថិត​ក្នុង​ភាព​ប្រថុយ​ប្រឋាន គឺ​ការ​ខំ​ប្រឹង​វាយ​ប្តូរ នៅ​ទឹក​ទី​២ និងទឹក​ទី​៣ ទើប​អាច​ទទួល​បានជ័យជម្នះ និងក្លាយ​ជា​ម្ចាស់ប្រាក់លាន ក្នុងទម្ងន់​៦០​គីឡូក្រាម លើក​នេះ។

    ​          សិស្សគណ​ក្លិបអង្គរ​មានជ័យ​ខេត្តសៀម​រាប សេក ចៅជូត បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​«ការ​ប្រកួត​វគ្គ​ជម្រុះ​ជាមួយ នូវ ស៊ីណាត មិនសូវ​ជា​មានការ​វាយ​ប្តូរ​ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ មានការ​វាយ​ប្តូរ​គ្នា​ច្រើន ខណៈ ថាន់ ប៊ុនរ៉ុង គាត់​ខ្លាំង​ម៉ាត់ និងជង្គង់ ចំណែក​ខ្ញុំវាយ​ចេញ​បានមួយៗ​ទេ ប៉ុន្តែ​ធ្ងន់។ យ៉ាង​ណា​ក៏​ដោយ នៅ​ទឹក​ទី២ និងទឹក​ទី​៣ ខ្ញុំបាន​វាយ​ប្តូរ​ច្រើន ព្រោះខ្ញុំខ្លាច​ចាញ់»៕

  • Loading...
  • Recent Posts