• ពេជ្រ ប៊ុនសិដ្ឋ មានអារម្មណ៍ភ័យ ពេលជួប រិន ដាវីត ជាលើកទី៦ ក្នុងដំណាក់កាលដ៏សំខាន់
    ប្រដាល់ក្នុងស្រុក 4 weeks ago 53 Views

    អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ពេជ្រ ប៊ុនសិដ្ឋ ដែលបាន​នឹង​កំពុងបង្ហាញ​ការ​​ប្រកួតយ៉ាង​ល្អ ហើយ​ទទួលបានជ័យជម្នះ​ជា​បន្តបន្ទាប់​នោះ បែរ​ជា​បានសារភាព​ថា មានអារម្មណ៍ភ័យ សម្រាប់​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ពាន ទម្ងន់៥៤គីឡូក្រាម ក្នុង​វគ្គ​៨នាក់​ចុងក្រោយ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ នា​យប់ថ្ងៃសៅរ៍នេះ។

    មួយ​រយៈ​ចុង​ក្រោយ​នេះ ពេជ្រ ប៊ុនសិដ្ឋ មិនត្រឹម​តែ​បាន​ឈ្នះ​ប្រាក់លាន នៅ​សង្វៀន​ថោន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូប​គេ​ក៏​កំពុងតែ​បង្ហាញ​ភាព​ខ្លាំង នៅ​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន PNN ផងដែរ ដោយរូបគេ​ដណ្តើម​បាន​កៅ​អី ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​រួច​ហើយ បន្ទាប់​ពី​រូប​គេ បាន​យក​ឈ្នះ​ម្ចាស់មេដាយ​សំរឹទ្ធ ខេម ចាន់ និង​ឈ្នះ​ពិន្ទុ​រៀមច្បង ម៉ន ភារម្យ កាល​ពី​ថ្ងៃអាទិត្យ​មុន​នេះ។

    ប៉ុន្តែ​សម្រាប់​ការ​ជួបគ្នា រិន ដាវីត នៅ​ក្នុង​ដំណាក់កាល​ដ៏សំខាន់ នា​ថ្ងៃសៅរ៍នេះ ពេជ្រ ប៊ុនសិដ្ឋ បែរ​ជា​មាន​ភាព​ភិតភ័យ​ ព្រោះនៅមុន​ការ​ជួបគ្នា​លើក​ទី​៦​នេះ ប៊ុនសិដ្ឋ មិន​ធ្លាប់​បាន​ឈ្នះ រិន ដាវីត ម្តង​ណាសោះ សម្រាប់ការ​ជួបគ្នា៥លើក​កន្លងមក ហើយការ​ទទួលបាន​លទ្ធផល​នោះ ត្រូវ​បានលោក ពេជ្រ សុផាន់ ជា​គ្រូ​បង្វឹក ទម្លាយថា មក​ពី ពេជ្រ ប៊ុនសិដ្ឋ មាន​ចិត្តតូច​ពេក ពេល ជួប រិន ដាវីត។

    លោក ​ពេជ្រ​ សុផាន់​ បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយថា៖ ​«​ការ​ហ្វឹក​ហាត់ ​និង​ការ​ឡើង​ប្រ​កួត របស់ ប៊ុនសិដ្ឋ ​​ល្អ​ទាំង​អស់ ​ប៉ុន្តែ​ ប៊ុន​សិដ្ឋ ​មាន​ចំណុច​ខ្សោយ​ត្រង់​ទឹក​ចិត្ត ​គឺ​ខ្លាចកីឡាករ ​រិន ដាវីត ​នេះ​តែ​ម្តង​។​ ​បើសិនជា ប៊ុនសិដ្ឋ ​តាំង​ចិត្ត​ខ្ពស់​ គឺ​មាន​លទ្ធភាព​ឈ្នះ​ ព្រោះ​វ៉ៃ​ទៅ​វ៉ៃ​មក ដោយមាន​​​ប្តូរ​ក្បាច់វាយ ​តាម​បច្ចេកទេសដូច​គ្នា​»។

    ​គ្រូ​បង្វឹក​រូបនេះ បាន​បន្ថែម​ថា​៖ «​ខ្ញុំ​នៅ​តែ​សង្ឃឹម​ឈ្នះ​ ប៉ុន្តែ​សំខាន់​ត្រូវ​ពង្រឹង​ទឹក​ចិត្ត​កុំ​ឲ្យ​ ពេជ្រ ប៊ុនសិដ្ឋ ​ខ្លាច​»​។ ចំណែក​កីឡាករ ​ពេជ្រ ប៊ុនសិដ្ឋ​ បាន​និយាយ​ថា​៖ «​ការ​ប្រកួត​ចាញ់​ រិន ដាវីត ​ចំនួន​៥​លើក កន្លង​មក​នេះ ​ធ្វើ​ឲ្យខ្ញុំ ​នៅ​តែ​មាន​អារម្ភ​ខ្លាចៗ​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​តាមលោក​គ្រូ ដោយ​លើក​នេះ​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ និង​ប្រឹងប្រែង​​យក​ឈ្នះ​ឲ្យ​បាន»​។​​

    យ៉ាងណា​ក៏​ដោយ ការ​ប្តេជ្ញា​ចិត្ត​របស់ ពេជ្រ ប៊ុនសិដ្ឋ នៅតែ​អាច​ប្រឈម​នឹងហានិភ័យ ព្រោះសមត្ថ​ភាព​ប្រកួតកីឡាករជម្រើសជាតិ​គុនខ្មែរ រិន ដាវីត កាន់តែ​ល្អ ហើយទឹក​ចិត្ត​ប្រកួត​របស់​គេ កាន់តែ​មុតមាំ បន្ទាប់ពី​រូបគេ បាន​យក​ឈ្នះ ស៊ឺន ថៃសាន់ និង ភួន ឡាំងកូស៊ីន ដើម្បី​ឈ្នះ​កៅ​អី​ឡើងទៅ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅសង្វៀន PNN នោះ។ រិន ​ដាវីត បាន​​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ឈ្នះ​ តែ​មិន​ស៊ី​ផុយ​ទេ ព្រោះ​​ ពេជ្រ ប៊ុនសិដ្ឋ ​ខ្លាំង​ដែរ»​។​

    ចំណែក លោក​ ស្វាយ​ សុខុន ​គ្រូ​បង្វឹក​របស់​ រិន ​ដាវីត បាន​​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​​រិន ​ដាវីត ​នឹង​ទទួលបានជ័យជម្នះ លើ ពេជ្រ ប៊ុនសិដ្ឋ ដើម្បី​បាន​ឡើងទៅ​កាន់វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជា​មិន​ខាន​ គឺ​ខ្ញុំគ្មាន​ព្រួយ​បារម្ភ​ពីថា ​ដាវីត ​ចាញ់​នោះ​ទេ​ ព្រោះ​ ដាវីត ហ្វឹកហាត់​​ជា​មួយ​គ្រូ​ជម្រើស​ជាតិ​ បាន​ល្អ និង​​គោរព​វិន័យបាន​​ល្អ​  គឺ​គេពិត​ជា​ត្រៀមខ្លួន​​បាន​ល្អ​សម្រាប់ការ​ប្រកួតនេះ»៕

  • Loading...
  • Recent Posts