• អត្តពលិក ២៣៦ កំពុងប្រជែងគ្នារកមេដាយ នៅក្នុងការប្រកួតកីឡាការ៉ាតេថ្នាក់ជាតិ
    កីឡាផ្សេងៗ 1 month ago 58 Views

    កីឡាករ កីឡាការិនី​សរុបចំនួន​ ២៣៦នាក់ មក​ពី​ក្លិប​២៣ នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​នឹង​កំពុងប្រកួតប្រជែង​គ្នា​រក​មេដាយ ពី​ការ​ប្រកួត​កីឡា​ការ៉ាតេ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០២០ នៅ​សាល​សាកល​វិទ្យាល័យ​សាកល​​ភូមិន្ទ​ភ្នំពេញ ដែល​បាន​បើក​ដំណើរ​ការ កាលពី​ព្រឹក​ថ្ងៃសុក្រ។

    ​អត្តពលិកទាំង​ ២៣៦នាក់នេះ បាន​នឹងកំពុង​ប្រកួតប្រជែង​គ្នា លើ​ការប្រកួត​​សម្តែងកាតា និង​ប្រយុទ្ធ សរុប​ចំនួន​៣៦​វិញ្ញាសា ហើយចំនួន​ចូល​រួម​ដ៏​ច្រើន នៅ​ឆ្នាំ​នេះ ត្រូវ​បាន​​លោក វ៉ាត់ ចំរើន ​ជាអគ្គ​លេខាធិការ​សហព័ន្ធ​កីឡាការ៉ាតេ​កម្ពុជា បាន​អះអាង​ថា មានការ​កើន​ឡើង បើធៀប​ទៅនឹងការប្រកួត កាលពី​ឆ្នាំ​២០១៩។

    ​            លោក វ៉ាត់ ចំរើន បាន​ថ្លែង នៅ​ក្នុងពិធីបើក កាលពី​ព្រឹក​ថ្ងៃសុក្រ​នោះ​ដែរថា៖​«ខ្ញុំ​សូមអរគុណ​ដល់​ក្លិបទាំង​អស់ ដែល​បានត្រៀមលក្ខណៈល្អប្រសើរ ដើម្បី​ចូល​រួមការ​ប្រកួតកីឡាការ៉ាតេ​ជ្រើស​រើសជើង​ឯក​​ថ្នាក់ជាតិ ឆ្នាំ​២០២០ ដែល​ឆ្នាំ​នេះ​ តូរលេខ​អ្នក​ចូល​រួម​គឺ​មាន​ចំនួន​កើន​ឡើង​១០​ភាគ​រយ បើប្រៀប​ធៀបទៅនឹង​ឆ្នាំ​មុន»។

    លោកបាន​បន្ត​ថា៖​«នេះជា​ស្មារតី ​នៃ​គ្រួសារ​កីឡា​ការ៉ាតេកម្ពុជា ដោយ​តាម​រយៈ​អនុសាសន៍​ណែនាំ​របស់​​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាការ៉ាតេកម្ពុជា គឺ​ការ​ធ្វើ​សមាហរន្តកម្ម ការ​បង្រួប​បង្រួមក្លិបជា​សមាជិកទាំងអស់ ការ​ធ្វើសុខដុមនីយកម្ម ក្លិបការ៉ាតេ ទាំង​អស់ ឲ្យស្ថិតនៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​សហព័ន្ធ»។

    ជាមួយគ្នានេះ លោក វ៉ាត ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ​ក៏បានអះអាង​ដែរ​ថា ការ៉ាតេ​កម្ពុជា បាន​នឹងកំពុងដុតដៃ​ដុតជើង ដើម្បី​ពង្រឹង​សក្តានុពល ដើម្បី​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​ស៊ីហ្គេម ឆ្នាំ​២០២៣ ជូនជាតិ ក្នុងនាម​ជា​ម្ចាស់ផ្ទះ។

    លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ ​«ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​សល់​ពេល ​២ ​ឆ្នាំ​កន្លះទៀត​​ប៉ុណ្ណោះ នៃ​ពេល​វេលា​ ដែល​បាន​កំណត់ ដូច្នេះ​គណៈ​កម្មការ​បច្ចេក​ទេស និង​គណៈ​កម្មការ​ជំនាញ​របស់​សហព័ន្ធកីឡា​ការ៉ាតេកម្ពុជា កំពុង​តែ​រៀបចំ​ធ្វើការ​ដុតដៃ​ដុតជើង​ ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​កីឡាការ៉ាតេ​កម្ពុជា ក្លាយ​ជា​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល ដើម្បី​ត្រៀម​ខ្លួន ​ប្រកួត​ប្រជែង​យក​មេដាយ ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ ​នាពេល​នោះ»។

    អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បាន​​បន្ថែម​​ថា៖ «ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​អនុញ្ញាត​ឲ្យ​សហ​​​ព័ន្ធ​​កីឡាការ៉ាតេ​កម្ពុជា រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​ការ៉ាតេ អាស៊ី​អាគ្នេយ៍ ​ឆ្នាំ២០២១ ដែល​យើង​ទាំង​អស់​គ្នា ត្រូវ​តែ​ត្រៀម​ខ្លួន ​ចូល​រួមនៅ​ក្នុង​​ព្រឹត្តិការណ៍​នេះ​ ឲ្យ​ទទួល​បាន​ជោគជ័យ ហើយ​នៅឆ្នាំ​ ២០២២ យើង​នឹង​ត្រៀម​ការ​ប្រកួត​មុន​ស៊ីហ្គេម ឬ Pre-SEA Games ដោយ​​ចាប់​ពី​ឆ្នាំ​២០២១ទៅ សហព័ន្ធ​ នឹង​​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡាការ៉ាតេ​ កម្រិត​អន្តរជាតិ ឬ​ជា​លក្ខណៈ​ Open នៅ​ក្នុង​តំបន់ ដើម្បី​យើង​ទទួល​បាន​នូវ​បទ​ពិសោធបន្ថែម និង​ដើម្បី​យើង​អាច​ឈាន​ទៅ​រក​ការ​​ប្រជែង​​បាន​​មេដាយ ក្នុង​ស៊ីហ្គេម ឆ្នាំ២០២៣»៕

  • Loading...
  • Recent Posts