• រិន ដាវីត ប្រាប់ពីចំណុចពិសេស ដែលខ្លួនត្រូវពង្រឹង ដើម្បីត្រៀមប្រកួតនៅវគ្គ១/២ផ្តាច់ព្រ័ត្រ
    ប្រដាល់ក្នុងស្រុក 1 month ago 56 Views

    ​កីឡាករ​ជម្រើសជាតិ​គុនខ្មែរ រិន ដាវីត ​បាន​ក្លាយ​ជា​បេក្ខភាព ដែល​បាន​ឈ្នះ​កៅ​អី​មុន​គេ ក្នុងការ​បន្ត​ឡើង​ទៅកាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ ៥៤គីឡូក្រាម នៅ​លើ​សង្វៀន PNN ក្រោយ​រូបគេ បន្តយក​ឈ្នះ​ ភួន ឡាំងកូស៊ីន ស្រប​ពេល ធន់ អៀនឡៃ បានផ្តួល ស៊ឺន ថៃសាន់ ឲ្យ​សន្លប់ ដើម្បី​​​បង្កើត​ឲ្យមាន​ឱកាស​ឡើងវិញ ក្នុងការ​ប្រជែង។

    សម្រាប់​ការ​ប្រកួត ជម្រុះ​លើក​ទី​២ ប្រចាំ​ពូល​A កាល​ពី​ថ្ងៃអាទិត្យ កន្លងមកនេះ រិន ដាវីត និង ភួន ឡាំ​ងកូស៊ីន ដែល​សុទ្ធតែ​បាន​ឈ្នះ​៣ពិន្ទុ សម្រាប់ការ​​ប្រកួត​បើកឆាក​នោះ បាន​វាយ​ប្តួរគ្នា​ទៅ​វិញ​ទៅ​មក យ៉ាងស្វិតស្វាញ​បំផុត ព្រោះ​ម្នាក់ៗ សុទ្ធតែ​ត្រូវការ​ឈ្នះ​៣ពិន្ទុ​ បន្ថែម។ យ៉ាងណា​ក៏​ដោយ ការ​វាយ​ចេញ​របស់ ដាវីត ចំ​គោល​ដៅ​បាន​ល្អ​ជាង ដែល​នាំ​ឲ្យ​រូបគេ អាច​យក​ឈ្នះ​លើ ឡាំងកូស៊ីន ដោយពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០។

    ជាមួយការ​ឈ្នះ​ជា​លើក​ទី២​នេះ បាន​ជួយ​ឲ្យ រិន ដាវីត អាច​ឡើងទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយស្វ័យ​ប្រវត្តិ បើ​ទោះបីជា​នៅ​សល់​មួយ​ប្រកួត​ទៀត​ជាមួយ ធន់ អៀនឡៃ ក៏​ដោយ ហើយ​សម្រាប់ការ​​ត្រៀមឆ្ពោះ​ទៅ​កាន់ការ​ប្រកួត​នៅវគ្គ​ដ៏​សំខាន់នោះ ដាវីត បាន​ប្រាប់ថា រូបគេនឹង​ផ្តោត​ខ្លាំង​ទៅ​លើការ​ពង្រឹង​ស្ទុះ និង​ទម្ងន់នៃ​ការ​វាយ​ចេញ ឲ្យ​បាន​ធ្ងន់​ជាង​មុន។

    រិន ដាវីត បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​«សម្រាប់​ការ​ប្រកួតនៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខ្ញុំត្រូវត្រៀម​ឲ្យបាន​ល្អ​ជាង​នេះ ហើយ​ចំណុច​ដែល​ខ្ញុំត្រូវ​ពង្រឹង គឺ​ស្ទុះ និង​ធ្ងន់ ចំណែក​ក្បាច់​វិញ គឺ​ឲ្យតែ​យើងមានស្ទុះរឹងមាំ ក្បាច់អ្វី ក៏​យើង​វ៉ៃ​បានដែរ។ ការ​ខិតខំ​ហ្វឹកហាត់​ពង្រឹងទៅ​លើ​ចំណុច​ទាំង​២នេះ គឺ​ជា​រឿងតែ​មួយគត់ ដែល​ខ្ញុំត្រូវ​ខិតខំ​ធ្វើ ព្រោះ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់ ដោយខ្ញុំ​សង្ឃឹម​៧០​ភាគ​រយ​ថា អាច​នឹង​ឈាន​ទៅ​រក​ការ​ឈ្នះ​បានខ្សែ​ក្រវាត់ ជា​លើក​ដំបូង»។

    សម្រាប់​ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ធន់ អៀន​ឡៃ បានវាយកែង​ស្តាំ ផ្តួល​ឲ្យ ស៊ឺន ថៃសាន់ សន្លប់​ធំ នៅ​ត្រឹមទឹក​ទី​៣ ដើម្បី​ទទួលបាន​៣ពិន្ទុ ​បន្ថែម​ទៅលើ​ការ​ចាញ់ ភួន ឡាំ​ងកូស៊ីន ដោយ​ស្វ័យ​ប្រវត្តិ កាល​ប្រកួតបើក​ឆាក ដោយសារតែ​រូបគេ ​មិនអាចសម្រក​ទម្ងន់​ឲ្យ​មក​នៅ​ត្រឹម​៥៤​គីឡូក្រាម តាមការ​កំណត់។

    យោងតាម​លទ្ធផល​នេះ បាន​បង្ហាញ​​ថា ភួន ឡាំងស៊ីន ដែល​ឈ្នះ​១ និងចាញ់​១ មាន​៤ពិន្ទុ ឈរ​នៅ​លេខ​២ បន្ទាប់ពី រិន ដាវីត ចំណែក ធន់ អៀនឡៃ ឈរ​នៅលេខ​៣ មាន​៣ពិន្ទុ ដោយសារ​ការ​ធ្វើទម្ងន់មិន​បាន ស្មើនឹង​ការ​បង់​បោះ​ចោលការ​ប្រកួត (គ្មានពិន្ទុ) ហើយ ស៊ឺន ថៃសាន់ ដែល​ចាញ់ទាំង​២​ប្រកួត ឈរ​នៅលេខ​៤ ចុង​ក្រោយ​គេ ប្រចាំពូល​Aនេះ ដោយមាន​២ពិន្ទុ។

    ហេតុនេះ សម្រាប់ការ​ប្រកួតកាត់សេចក្តី ​លើកទី​៣​ចុង​ក្រោយ ភួន ឡាំ​ងស៊ីន នឹង​បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ រិន ដាវីត បើ​សិនជា​រូបគេ អាច​យក​ឈ្នះ ស៊ឺន ថៃសាន់។ ប៉ុន្តែ​ បើ​សិន ឡាំងកូស៊ីន ចាញ់ ថៃសាន់ វិញ ឱកាស អាច​ធ្លាក់ទៅ​លើ ធន់ អៀនឡៃ វិញ បើ​សិនជា​រូបគេ អាច​យក​ឈ្នះ​ រិន ដាវីត នោះ តែ​បើ​ចាញ់ គឺ​ ថៃសាន់ ជា​អ្នក​ឡើងទៅវគ្គបន្ត៕

  • Loading...
  • Recent Posts