• សែន រ៉ាដេត ៖ ទោះបីជា វ៉ៃខ្ញុំយ៉ាងម៉េច ក៏មិនសន្លប់នោះដែរ
    ប្រដាល់ក្នុងស្រុក 1 month ago 45 Views

    កីឡាករ​ជើងខ្លាំង សែន រ៉ាដេត ដែល​ទើប​វិល​មក​កាន់សង្វៀន​ប្រកួត បាន​៣​លើក បន្ទាប់ពី​បាន​​បាត់​មុខ ​អស់រយៈពេល​រាប់​ឆ្នាំ​នោះ បានអះអាង​ថា រូបគេ នឹងមិន​សន្លប់ដោយងាយទេ គឺលុះ​ត្រា​តែ វាយ​ត្រូវមួយកែង​ដេកស្អាត់លែង​ដឹង​ខ្លួន​តែ​ម្តង ទើបគេ​ដេក។

    ការ​អះអាង​ពី​ភាព​ស៊ូ មិនងាយនឹងសន្លប់ ក្រោម​ស្នាដៃ​គូ​ប្រកួតនេះ គឺ​បន្ទាប់ពី​រូបគេ ត្រូវបាន ខាំ ខ្លានាង វាយកែង បណ្តាល​ឲ្យ​បែក នៅ​ក្បែរ​ត្រចៀក​ខាងស្តាំ​យ៉ាង​ធំ ដេរ​អស់​៧​ថ្នេរ សម្រាប់​ការ​ប្រកួត មិត្ត​ភាព នៅ​លើ​សង្វៀន PNN កាលពី​ថ្ងៃអាទិត្យ ខណៈការ​ប្រកួតនេះ មាន​ភាព​ស្វិតស្វាញ និងជក់​ចិត្តខ្លាំង​បំផុត។

    សែន ​រ៉ាដេត បាន​​និយាយ​ក្រោយការ​ប្រកួត​ថា៖​ «នៅ​ពេល ខ្ញុំត្រូវ​មួយកែង នៅ​ចុង​ទឹក​ទី​២​នោះ ខ្ញុំរាង​ពិបាក​ទប់​អារម្មណ៍ដែរ ព្រោះវា​​បែក​ធំ​ ប៉ុន្តែ​ខ្ញុំ​វាអត់​អីនោះ​ទេ ដោយសារ​ខ្ញុំ​បាន​តាំង​ជំហរខ្លួន​ឯង ហើយខ្ញុំ​​ដឹង​ថា ​ទោះ​បីជា​វ៉ៃ​ខ្ញុំយ៉ាង​ម៉េច​ ក៏មិន​សន្លប់នោះ​ដែរ»។

    ប្អូនប្រុស​បង្កើត​របស់កីឡាករ​ជើង​ខ្លាំង សែន រ៉ាឌី រូបនេះ បាន​បញ្ជាក់​ពី​ភាព អំណត់​របស់ខ្លួន បន្ថែម​ថា៖ ​«យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ដឹងតែ​មិនសន្លប់​ហើយ គឺ​លុះ​ត្រា​តែ​វាយខ្ញុំ​មួយ​កែង​ ឲ្យ​ដេកលែង​ដឹងខ្លួន​​តែ​ម្តង ទើបខ្ញុំ​ដេក ប៉ុន្តែ​បើ​ខ្ញុំ​នៅ​​ដឹង​ខ្លួន ខ្ញុំ​ត្រូវតែ​ងើប​វាយ​ទៀត ហើយ​សម្រាប់​ការ​ប្រកួត​នេះ ខ្ញុំ​ដូច​ជា​មិន​សូវ​​ត្រូវ​កន្លែង​ណា​ធ្ងន់នោះទេ គឺ​ត្រូវតែ​មួយកែង​នេះ​ឯង ចំណែក​កណ្តាប់​​ដៃ​របស់​គេ ខ្ញុំ​អាច​បិទ​បាន»។

    តាម​រយៈការ​ប្រកួតជាក់ស្តែង ​កាលពី​ថ្ងៃអាទិត្យ​នោះ សែន រ៉ាដេត ហក់​មានការ​ផ្ទុះកំហឹងខ្លាំង បន្ទាប់ពី ខាំ ខ្លានាង ​បានវាយ​កែង​ផ្តួនៗ បណ្តាល​ឲ្យ​រូបគេ​បែក​ក្បែរត្រចៀក​ខាង​ធំ យ៉ាង​ធំ នៅ​ចុងទឹក​ទី២​នោះ។ ចូល​ទឹក​ទី​៣ រ៉ាដេត បាន​ព្យាយាម​តាមចាប់បុក​ជង្គង់ និងវាយ​កែង​ទៅ​លើ ខ្លានាង វិញ​យ៉ាងខ្លាំងបំផុត ក្នុងបំណង​សង​សឹកចំពោះការបែក ដែល​ស្រក់​ឈាម​មិន​ដាច់នេះ។

    យ៉ាង​ណា​ក៏​ដោយ ជាមួយការ​ព្យាយាមតាមវាយ​សម្រក​នេះ ខាំ ខ្លានាង ក៏​បាន​បង្ហាញ​ភាព​អំណត់ ក្នុងការ​វាយ​សង​ដោយកណ្តាប់​ដៃ ជង្គង់ និងកែង យ៉ាង​រន្ធើន រហូត​ចប់​៥ទឹកពេញ ដោយ​ទទួលបានការ​ចាប់​អារម្មណ៍ខ្លាំង​បំផុត នៅ​ពេល​ពេលអ្នកទាំង​២នេះ ត្រូវបានប្រកាស​ឲ្យស្មើគ្នា ​នោះ។

    ចំណែក ខាំ ខ្លានាង បាន​និយាយ​ថា៖ ​«​ការ​ប្រកួតនេះ ពិត​ជា​មាន​ភាពស្វិតស្វាញ​ខ្លាំង សម្រាប់​ខ្ញុំ ព្រោះគាត់​ល្អ និងទាត់​ចេញ​បាន​លឿន ពិបាក​នឹង​យក​ជ័យជម្នះ​លើ​គាត់ ហើយ​ចំណុច​ពិសេស​របស់​គាត់ គឺ​ទោះ​បីជា​គាត់​អស់​យ៉ាង​ណា​ ក៏​គាត់មក​វ៉ៃជាមួយ​យើង​ដែរ»។

    នៅ​ពេល​សួរពី​ទៅ​ដល់ករណី​វាយកែង​ឲ្យ សែន រ៉ាដេត បែក​ធំ​ដោយ​អស់​៧ថ្នេរ ខាំ ខ្លានាង បាន​បញ្ជាក់ថា៖​ «​នៅពេល​ឃើញ​គាត់បែកធំ​អ៊ីចឹង ខ្ញុំដូចជា​អត់​ចង់​វាយម្សារហើយ ប៉ុន្តែ​នៅ​ពេល​គាត់​សន្ធឹក​វាយ​មក​លើ​យើង ខ្ញុំ​ក៏​បាន​វាយ​ប្តូរសង ហើយការ​សម្រេច​វាយ​កែងនេះ ដោយសារ​តែគាត់វាយកែង បណ្តាល​ឲ្យខ្ញុំបែក​ចុងចង្ការមុន ទើប​ខ្ញុំ​វាយ​កែងសង​ទៅលើគាត់វិញ»៕

     

  • Loading...
  • Recent Posts