• ឡាំងកូស៊ីន ប្តេជ្ញាយកឈ្នះ រិន ដាវីត និងសន្យាមិនឲ្យសន្លប់ ដូចជួប ធន់ អៀនឡៃ
    ប្រដាល់ក្នុងស្រុក 1 month ago 61 Views

    អ្នក​ប្រដាល់ ដែល​ទទួលបាន​៣ពិន្ទុ​ដោយសំណាង ភួន ឡាំងកូស៊ីន ​មានការ​ជឿជាក់​ថា ការ​ព្យាយាម​ហ្វឹកហាត់ពង្រឹងស្ទុះរយៈ​ពេល​ជិត២សប្តាហ៍នេះ នឹង​អាចជួយ​ឲ្យរូប​គេ ​យក​ឈ្នះ​លើ​កីឡាករ​ជម្រើសជាតិ រិន ដារីត ក្នុង​ការ​ប្រកួតជម្រុះ​ប្រចាំពូល​A ដណ្តើមខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន PNN នា​រសៀលថ្ងៃសៅរ៍​នេះ ប៉ុន្តែ ដាវីត ក៏​ត្រៀម​ប្រយុទ្ធ យក​៣ពិន្ទុ​ដូច​គ្នា។

    បើទោះបីជា ការ​ជួបគ្នា​ក្រៅ​ផ្លូវការ​២​លើក​កន្លងមក ភួន ឡាំងកូស៊ីន មិន​ធ្លាប់​ឈ្នះ រិន ដាវីត សោះ គឺ​បានត្រឹម​ស្មើ​១ និង​ចាញ់១ ប៉ុន្តែ​ការ​ជួបគ្នា​លើកនេះ ឡាំងកូស៊ីន បាន​និយាយ​ថា៖​«ខ្ញុំ​បានហ្វឹកហាត់ផ្តោត​ខ្លាំង​ទៅ​លើការ​ពង្រឹង​ស្ទុះ ព្រោះ​គាត់​​ចេញ​បាន​លឿន​ជាង​ខ្ញុំ ដូច្នេះ​យើងត្រូវតែ​ពង្រឹងស្ទុះឲ្យបាន​ខ្លាំង ហើយ​ជំនួបនេះ ខ្ញុំ​នឹង​ប្រឹង​ប្រែង​ប្រកួត​យក៣ពិន្ទុ​ឲ្យបាន ដើម្បីបាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ»។

    វាជា​ការ​ពិតណាស់ រវាង​ ភួន ឡាំងកូស៊ីន និង រិន ដាវីត គឺ​អ្នក​ឈ្នះ​បាន​៣ពិន្ទុ សម្រាប់ការ​ប្រកួតលើកទី​២​នេះ នឹង​មាន​ឱកាស​ស្ទើ១០០​ភាគរយ​ទៅ​ហើយ ក្នុងការ​ឡើងទៅ​វគ្គ​បន្ត ព្រោះ​អ្នកទាំង​២​នេះ បានឈ្នះ​៣ពិន្ទុ ក្នុងការ​ប្រកួត​បើក​ឆាក​ដូច​គ្នា ប៉ុន្តែ​ជ័យជម្នះ​របស់ ភួន ឡាំងកូស៊ីន លើ ធន់ អៀនឡៃ ជា​ការ​ឈ្នះ​ដោយសំណាង ព្រោះរូបគេ ត្រូវបាន​ អៀនឡៃ វាយ​ឲ្យសន្លប់ទឹកទី​៣ តែ​ដោយសារ អៀនឡៃ មិនអាច​សម្រក​ទម្ងន់ តាមការកំណត់ ទើប ឡាំងកូស៊ីន បាន​ឈ្នះ​ដោយស្វ័យ​ប្រវត្តិ។

    យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ជួប រិន ដាវីត លើកនេះ ភួន ឡាំងកូស៊ីន បាន​សន្យាថា មិន​ឲ្យសន្លប់​ទៀត​នោះទេ។ ឡាំងកូស៊ីន បាន​បញ្ជាក់ថា៖​«​ការ​ប្រកួត យើងមិនអាច​កំណត់​ពី​លទ្ធផល​ទុក​មុនបាន​នោះ​ទេ ប៉ុន្តែ​ខ្ញុំសន្យាថា មិន​ឲ្យសន្លប់ ដូច​ការ​ប្រកួតមុន​នោះ​ទេ គឺ​ខ្ញុំ​នឹង​វ៉ៃ​ឲ្យចប់៥ទឹក​ពេញ»។

    ចំណែក រិន ដាវីត ដែលកំពុង​ហ្វឹក​ហាត់ នៅ​ក្នុងក្រុមជម្រើសជាតិនោះ ហាក់មិន​បាន​បង្ហាញ​ពី​ភាព​ជឿជាក់ខ្លាំង​ប៉ុន្មានទេ ប៉ុន្តែ​គេ​ដឹងច្បាស់ថា ការ​ឈ្នះ​៣ពិន្ទុ​លើកនេះ ពិតជា​សំខាន់។ ដាវីត បាន​និយាយ​ថា៖​«​ចំពោះ ភួន ឡាំងកូស៊ីន ខ្ញុំបារម្ភតែចេញ​ធ្ងន់​មួយមុខ​ទេ ហើយការ​ប្រកួតនេះ អាច​នឹង​តាន​តឹងខ្លាំង ព្រោះ​ខ្ញុំក៏​ខំហាត់ គេក៏​ខំ​ហាត់​ដូច​គ្នា ព្រោះសុទ្ធតែ​ចង់​ឈ្នះ»។

    រិន ដារីត ដែល​បានយក​ឈ្នះ​លើ ស៊ឺន ថៃសាន់ ដោយ​ពិន្ទុ​ដាច់ ក្នុងការ​ប្រកួត​បើក​ឆាក​នោះ បាន​បន្ថែម​ថា៖​ «ខ្ញុំ​ហ្វឹកហាត់ត្រៀម​បាន២សប្តាហ៍​ហើយ ហើយការ​ប្រកួតនេះ​ពិត​ជា​សំខាន់ណាស់ ព្រោះ​​បើ​ដណ្តើម​បាន​៣ពិន្ទុ វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ កាន់តែ​មាន​ភាគ​កក់ក្តៅ ក្នុងការ​បានឡើងទៅវគ្គ​បន្ត ប៉ុន្តែមុនការ​ប្រកួតមក​ដល់ ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម​៦០​ភាគ​រយ សិន​បាន​ហើយ»។​

    ដោយ​ឡែក​កីឡាករ ធន់ អៀនឡៃ និង ស៊ឺន ថៃសាន់ ដែល​សុទ្ធតែ​បាន​ជួបការ​ខក​ចិត្ត នៅ​ក្នុងការ​ប្រកួតបើក​ឆាក​នោះ នឹងត្រូវ​ប្រកួតគ្នា នៅ​ថ្ងៃសៅរ៍នេះ​ដែរ ហើយ​អ្នកទាំង​២​នេះ សុទ្ធតែ​បាន​តាំង​ចិត្ត ស្វែង​រកជ័យជម្នះដូច​គ្នា ដើម្បី​បង្កើតឱកាស​ឡើងវិញ ក្នុងការ​បន្តដំណើរ​ទៅ​វគ្គ​បន្ត។ យ៉ាង​ណា​ក៏ដោយ ធន់ អៀនឡៃ ហក់មានសមត្ថ​ភាពខ្ពស់ជាង ថៃសាន់ ប៉ុន្តែ​គេ​នៅមិនទាន់ប្រាកដថា អៀនឡៃ អាច​សម្រក​ទម្ងន់ មក​នៅ​ត្រឹម​៥៤​គីឡូក្រាម តាមការកំណត់ នៅ​ឡើយទេ សម្រាប់ការ​ប្រកួតលើកនេះ៕

  • Loading...
  • Recent Posts