• គង់ សំបូរ និង សោម វិឆ័យ សុទ្ធតែរំពឹងឈ្នះលុយធំ តែមិនហ៊ានមើលរំលង ចាន់ ប៊ុនហឿន
    ប្រដាល់ក្នុងស្រុក 1 month ago 47 Views

    អ្នក​ប្រដាល់​ គង់​ សំបូរ​ និង សោម វិឆ័យ សុទ្ធតែ​មាន​ការ​រំពឹង​ខ្ពស់ ក្នុងការ​ឈ្នះ​បាន​លុយ​ធំ ៣,៤​លាន​រៀល ពីការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន ទម្ងន់​៦៣,៥គីឡូក្រាម នៅ​លើ​សង្វៀន​ថោន ថ្ងៃអាទិត្យនេះ ប៉ុន្តែ​ភាគីទាំង​២ ហាក់នៅបារម្ភ​ពី​សមត្ថ​ភាព​ប្រកួត​របស់ ចាន់ ប៊ុនហឿន ខណៈ អេលីត ភក្តី ដែល​ជា​បេក្ខភាព ដាក់​ឲ្យប្រកួត​ជំនួស​គេ​នោះ មិន​រំពឹងច្រើនទេ។

    សម្រាប់ការ​ប្រកួត ដែល​តម្រូវ​ឲ្យ​ចាប់ឆ្នោត​មុនការ​ប្រកួត​វគ្គ​ជម្រុះ​៣ទឹក​នោះ គឺ​ទាំង គង់ សំបូរ និង សោម វិឆ័យ ហក់​មិនចង់​ជួប ចាន់ ប៊ុនលឿន ដូច​គ្នា ព្រោះ​ភាគី​ទាំង​២​នេះ សុទ្ធតែ​បាន​ចាត់ទុក ប៊ុនហឿន ជា​ឧបសគ្គ​ធំ ក្នុងការ​រារាំង​ដំណើរ ឆ្ពោះ​ទៅ​ការ​ឈ្នះ​ប្រាក់លាន របស់ពួក​គេ។

    ចំពោះ គង់ សំបូរ ដែល​បានអះអាង​ថា ហ្វឹក​​ហាត់​បាន​គ្រប់​គ្រាន់ ក្រោម​ជម្រក​ថ្មី នៅ​ក្លិប​គោព្រៃ ដោយ​​ធានា​ប្រ​កួត​អស់​ពី​សមត្ថភាព​ ហើយ​សង្ឃឹម​ឈ្នះ​ទឹក​ប្រាក់​ប្រចាំ​សប្តាហ៍នេះ​ គឺ​មានការ​បារម្ភ​តែ​ទៅ​លើ ចាន់ ប៊ុនហឿន ម្នាក់​ប៉ុណ្ណោះ ព្រោះទាំង សោម វិឆ័យ និង អេលីត ភក្តី សុទ្ធតែ​ធ្លាប់​ចាញ់​រូបគេ​កន្លងមក។

    ​ លោក​ ផាត​ សូដា​ គ្រូ​បង្វឹក​កីឡាករ ​គង់ ​សំបូរ ​បាន​ប្រាប់​ថា​៖ «​គង់​ សំបូរ​ កំពុង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ បន្ទាប់ពី​បាន​​ផ្លាស់​មក​នៅ​ក្លិប​គោ​ព្រៃ​ របស់​យើង ហើយ​នៅ​​ក្នុង​បេក្ខភាព​ទាំង​៣​នាក់​នេះ មាន​តែ​ ចាន់​ ប៊ុន​ហឿន​ ម្នាក់ទេ ដែល​​អាច​ចាត់​ទុក​ថា ​ជា​ឧបសគ្គ​ធំ ​ក្នុង​ការ​យក​ឈ្នះ​​ព្រោះ​ជា​កីឡាករ​ជើង​ចាស់​ និងមាន​​ជំនាញ​ប្រើ​ក្បាច់​ជង្គង់​បាន​ល្អ​ ចំណែក​ សោម​ វិឆ័យ​ និង អេលីត ​ភក្តី ​មិន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ទេ​ គឺ​រំពឹ​ឈ្នះ​៨០​ភាគ​រយ»​។​

    ចំណែក​លោក​ ឡុង ​វិបុល ​គ្រូ​បង្វឹក ​សោម​ វិឆ័យ មិន​បានគិត​ថា គង់ សំបូរ នឹងនៅតែ​អាច​យក​ឈ្នះ​លើ សោម វិឆ័យ ដូច​លើកមុន​នោះទេ។ លោក​បាន​និយាយ​ថា៖​«ទោះ​ជា សោម វិឆ័យ ធ្លាប់​ចាញ់ គង់ សំបូរ ក៏​ដោយ ប៉ុន្តែ​លើកនេះ ​វិឆ័យ​ ហាត់​ត្រៀម​បាន​ល្អ​ សង្ឃឹម​ឈ្នះ​ ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់»។

    លោក​បាន​បន្ថែម​ថា៖​«​បើ​ចាប់​ឆ្នោត​ប៉ះ​ ​ចាន់ ប៊ុនហឿន​ នៅវគ្គ​ជម្រុះ ពិត​ជា​លំបាក​ឈ្នះ​ដូច​គ្នា​ ប៉ុន្តែ​ឆន្ទៈ​ប្រ​កួត​ធានា​ថា​ វ៉ៃ​អស់​ពី​សមត្ថភាព ​មិន​ឲ្យ​អ្នក​ទស្សនា​ខក​ចិត្ត​ឡើយ​ ដោយ​​ខ្ញុំមាន​​សង្ឃឹម​ឈ្នះ​៨០​ភាគ​រយ​ដែរ​»​។​

    ចំ​ណែក កីឡាករ អេលីត ភក្តី ដែល​ដាក់​ឲ្យ​ប្រកួត​ជំនួស ថៃ រ៉េត ដែល​ទើប​បានដក​ខ្លួន​ចេញ​នោះ មិនត្រូវបាន​គ្រូ​បង្វឹក​របស់ខ្លួន ​លោក ​ស៊ន ​អេលីត​ ផ្តល់​ទំនុកចិត្តខ្លាំង​នោះ​ទេ។ លោក ស៊ន អេលីត បាន​​និយាយ​ថា​៖​«​ភក្តី ​ចិត្ត​ធំ ​វាយ​សម្រុក​មិន​ញញើត​ ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​​ឈ្នះ​ច្រើន​ទេ​​ព្រោះ​បេក្ខភាព​៣​នាក់ទៀត​ ជា​អ្នក​ប្រ​ដាល់​ជើង​ចាស់​ជាង ​ហើយ​ អេលីត ​ភក្តី​ ហ្វឹក​ហាត់​ត្រៀម​មិន​សូវ​បាន​ល្អ​ផង​ដែរ ​ដោយសារ​ឡើងប្រកួត​​ជំនួស​គេ​​ប៉ុណ្ណោះ​»។

    យោង​តាមតាម​ការ​ស្រង់​ប្រ​វត្តិ​ស្ថិតិ​ប្រ​កួត​ពីគណៈកម្មការ​ប្រកួត បាន​ដឹងថា​ ចាន់​ ប៊ុន​ហឿន​ ប្រ​កួត​បាន​ច្រើន​ជាង​គេ​ គឺ​​៩៦​ដង ​ឈ្នះ​៦៧ ​ចាញ់​២៣​ និង​ស្មើ​៦ដង ​ចំណែក គង់​ សំបូរ​ ប្រ​កួត​បាន​​៨២​ដង ​ឈ្នះ​៧២​ ចាញ់​៨ ​ស្មើ២​ដង ខណៈ សោម​ វិឆ័យ ធ្លាប់​​ប្រ​កួត​បាន​៧៣​ដង ឈ្នះ​៣៨​ ចាញ់​២៣ ​​និង​ស្មើ​១២ដង ហើយ​ អេលីត​ ភក្តី​ ប្រ​កួត​បាន​៦២​ដង ​ឈ្នះ​៥០​ ​ចាញ់​៩​ ​ស្មើ​៣ដង៕

  • Loading...
  • Recent Posts