• CAMSOC ត្រៀមបង្ហាញភាព «ឯក» នៃវប្បធម៌ខ្មែរ នៅក្នុងពិធីបើក-បិទ ស៊ីហ្គេម នៅកម្ពុជា
    កីឡាផ្សេងៗ 2 months ago 65 Views

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ.ជ.ប.អ (CAMSOC) បាន​នឹង​កំពុង​រៀបចំ​ផែន​ការយ៉ាង​លម្អិត និងជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ ត្រូវ​ធ្វើ​សកម្ម​ភាព​ឲ្យ​ទាន់ពេល​វេលា ដើម្បី​កម្ពុជា​អាច​បង្ហាញ​នូវ​ភាព «ឯក» នៃ​​វប្បធម៌​ខ្មែរ នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២​ នេះ នៅ​លើទឹកដី​របស់​ខ្លួន ជា​ប្រវត្តិ​សាស្រ្ត។

    ការ​ត្រៀម​បង្ហាញ​នូវភាព​ឯក នៃ​វប្បធម៌​ខ្មែរ នៅក្នុងពិធី​បើក-បិទ ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា​នេះ ត្រូវ​បាន​លើក​ឡើង ក្នុង​របៀប​វិរៈទី​១ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់ CAMSOC កាល​ពី​ថ្ងៃអង្គារ។ នេះ​បើតាម​ការ​រៀបរាប់​របស់​លោក វ៉ាត់ ចំរើន នៅ​ក្រោយ​អង្គ​ប្រជុំ​នោះ។

    លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ CAMSOC បាន​ថ្លែង​ថា សម្រាប់​ការ​រៀបចំ​ពិធី​បើក-បិទ ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ យើង​មាន​គណៈកម្មការ​ជំនាញ​របស់​ខ្លួន ដោយ​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​ជា​អ្នក​ជំនាញ ហើយ​​លោក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​បាន​គាំទ្រ និង​ជំរុញ​យ៉ាង​ខ្លាំង ដល់​ការ​រៀបចំ​នេះ ចំណែក​លោក​បណ្ឌិត ថោង ខុន ប្រធាន​អង្គ​ប្រជុំ បាន​ដាក់ចេញ ឲ្យ​ដំណើរ​ការ​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ គឺ​ត្រូវ​​ធ្វើ​ការ​ឲ្យ​បាន​រួចរាល់ នៅ​ក្នុង​កិច្ច​សហការ​ប្រឹក្សាយោបល់​ពី​ភាគី​ចិន ជាមួយខាងអ្នក​ជំនាញ​វប្បធម៌​កម្ពុជា។

    លោក​បាន​បន្តថា៖ ​«ព្រឹទ្ធាចារ្យវប្បធម៌ ជាអ្នក​រៀបចំ និង​បង្ហាញ​នូវ​របៀប​របប​នៃ​អរិយធម៌​ដ៏រុង​រឿង​របស់​ខ្មែរ តាំង​ពីបុរាណ រហូតដល់បច្ចុប្បន្ន គឺ​នៅ​ក្នុង​ពិធីបើក-បិទនេះ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ ការប្រទាក់ក្រឡា ជាមួយ​នឹង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ដោយ​ឯកឧត្តមបណ្ឌិត ថោង ខុន បាន​សង្កត់​ធ្ងន់ ឲ្យយើង​កំណត់​ឲ្យ​ហើយ​ថា តើ​យើង​​ត្រូវ​ប្រមែ​ប្រមូល​ធនធាន​មនុស្ស​មក​ពី​ស្ថាប័ន​ណាខ្លះ ដើម្បី​ត្រៀម​ឲ្យ​ពិធី​បើក-បិទនេះ មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ដូច្នេះ​ពិធីបើក-បិទនេះ ត្រូវ​ការ​ទាំង​អ្នក​ជំនាញ ត្រូវ​ការ​ធនធាន​មនុស្ស​សម្រាប់​ការ​ហ្វឹក​ហាត់​ត្រៀម​ ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ឆ្នាំក្រោយនេះ​រហូត​ដល់​ឆ្នាំ២០២៣​តែ​ម្តង​»។

    ជុំ​វិញ​សមាសភាព​ចូល​រួម​សម្តែង ក្នុង​ពិធី​បើក-បិទនេះ  លោក វ៉ាត់ ចំរើន បាន​បង្ហាញ​ថា ​មាន​ខាង​កងយោធពល​ខេមរ​ភូមិន្ទ ដែល​ចំបាច់​ត្រូវ​មាន​ចំនួន​ដ៏​ច្រើន រួម​ទាំង​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​អ្នក​ជំនាញ ព្រម​ទាំង​ត្រូវ​ការ​សមាស​ភាព​ធនធាន​មួយ​ចំនួន​ទៀត​ពី​​ក្នុង​ចំណោម​យុវជន ដែល​ជា​សិស្ស​និស្សិត​របស់​យើង។

    លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា​៖​«ការ​បង្ហាញ​នៅ​ក្នុង​ពិធី​បើក-បិទ​នេះ គឺ​យើង​ត្រូវ​សង្កត់​ធ្ងន់​ទៅ​លើការ​បង្ហាញពី​មូលដ្ឋាន​គ្រឹះ ភាព​អស្ចារ្យ​នៃ​អរិយធម៌ វប្បធម៌​របស់​យើង ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ កំពុង​រៀបចំ​នូវ​ភាព​លម្អិត ដើម្បី​បង្ហាញ​ចេញនូវ​ភាព «ឯក» នៅ​ក្នុង​វប្បធម៌​ខ្មែរ»។

    អគ្គលេខាធិការ NOCC លោក វ៉ាត ចំរើន បាន​បន្ថែម​ទៀត​ថា៖​«នៅ​ក្នុង​ពិធីបើក-បិទនេះ យើង​បាន​រៀបចំ​ជា​គ្រោង​រួច​រាល់​អស់​ហើយ ហើយ​មាន​ប្រក្រតី​ទិន​ពិធីបើក-បិទ រួចដែរ ហើយ​នៅ​ថ្ងៃនេះ​យើង​បាន​ចុះ​ហត្ថលេខា​លើ​ប្រក្រតី​ទិន​ការងារ​នៃ​ពិធីបើក-បិទ ដែល​យើង​បាន​ផ្តល់​ជូន​ដល់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន CAMSOC ដើម្បី​សម្រេច​ចុងក្រោយ ដែល​ប្រក្រតីទិន​នេះ មាន​តាម​លំដាប់​លំដោយ ប្រយោជន៍​ផ្តល់​ភាព​ងាយ​ស្រួល ក្នុង​ការ​តាម​ដាន ត្រួត​ពិនិត្យ និង​វាយតម្លៃ​នូវ​វឌ្ឍនភាព​ការងារ​ជា​បន្ត​បន្ទាប់»៕

     

  • Loading...
  • Recent Posts