• ម៉ន ភារម្យ ថា នឹងខំហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីការពារកុំឲ្យភ្លាត់ ដូចពេលជួប យីប ឌុក
    ប្រដាល់ក្នុងស្រុក 1 month ago 55 Views

    កីឡាករ​ជើង​ចាស់ ម៉ន ភារម្យ បានត្រឹម​សល់​ស្នាម​បែកនៅ​លើ​ផ្ទៃ​មុខ ខណៈ​រូបគេ​បាន​ភ្លាត់​ស្នៀត បណ្តាល​ឲ្យ​ជើង​ថ្មី កំពុងទទួល​បានការ​ចាប់អារម្មណ៍ យីប ឌុក វាយកែង​ចូលពេញ ព្រម​ទាំង​បានចាញ់ទាំងមិនអស់​ចិត្ត សម្រាប់ការ​ប្រកួតបើក​ឆាកប្រចាំ​ពូល​B ដើម្បី​ខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន PNN។

    សិស្ស​គណ​ក្លិប​ព្រែក​ឯក ម៉ន ភារម្យ មិនបានចាប់អារម្មណ៍​ទៅ​លើ​មុខ​របួស​នេះ​ទេ ប៉ុន្តែ​ការ​ភ្លាត់​ចូល​មួយកែង បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​រាប់ នៅ​ក្នុងការ​ទឹកទី​៤​នេះ ត្រូវ​បាន ភារម្យ គិតថា ជា​មូល​ហេតុ​ដ៏ចម្បង ដែល​បណ្តាល​ឲ្យ​រូបគេចាញ់ពិន្ទុ យីប​ ឌុក សម្រាប់ការ​ប្រកួតបើក​ឆាក​នេះ ហើយ​វា​ក៏នឹង​ធ្វើ​ឲ្យ​រូបគេ ត្រូវ​ប្រឈមការ​ប្រកួតកាន់​តែ​លំបាក នៅ​ក្នុងការ​ប្រកួត​ជុំ​ទី២ និងជុំ​ទី​៣ ចុង​ក្រោយ​ផងដែរ។

    ម៉ន ភារម្យ បាន​និយាយ ក្រោយការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ នោះ​​ថា៖​ «​ការប្រកួត​នេះ ​គួរ​​អាច​ថា ​ឈ្នះបាន​​ហើយ ប៉ុន្តែខ្ញុំ​បាន​ភ្លាត់​ចូល​១កែង ត្រូវអាជ្ញាកណ្តាលរាប់ ហើយ​​ការ​ចាញ់នៅ​ជុំ​ទី​១​នេះ វាបាន​ធ្វើ​ឲ្យខ្ញុំ​កាន់តែ​មានការបារម្ភ​ខ្លាំង សម្រាប់​ការ​ប្រកួត​​២​លើកទៀត ព្រោះការ​ប្រកួតនេះ បើ​ឈ្នះ​២ និងចាញ់​១ ទើបអាច​ទៅវគ្គ​បន្ត ហើយពេលនេះ ខ្ញុំ​បានចាញ់​១លើក​ទៅ​ហើយ»។

    យ៉ាង​ណា​ក៏​ដោយ ម៉ន ភារម្យ បាន​តាំង​ចិត្ត​ថា នឹងខិតខំ​ហ្វឹក​ហាត់ ពង្រឹង​សមត្ថ​ភាព ដើម្បីការពារ​កុំ​ឲ្យកើតមានករណី​ភ្លាត់​បែបនេះ​ទៀត។ ភារម្យ បាន​បញ្ជាក់ថា៖​«សម្រាប់ការ​ប្រកួត​បន្ទាប់​ទៀត ​ខ្ញុំនឹងខិត​​ខំ​ប្រឹង ពង្រឹងសមត្ថ​ភាព​ឲ្យបាន​​ខ្លាំង​ជាងហ្នឹង ដើម្បី​ការពារ​ក្បាច់​របស់គេ កុំ​ឲ្យមាន​ករណី​ភ្លាត់បែបនេះ កើត​ឡើង​ទៀត»។

    ចំណែក​កីឡាករ​ជើង​ថ្មី មក​ពី​ជាយ​ដែន​ខេត្តបន្ទាយមានជ័យ យីប ឌុក ដែលជាសិស្ស​ប្អូន​របស់ ឃីម ឌីណា និង ឃីម បូរ៉ា ក៏មិនទាន់ហ៊ានសប្បាយ​ខ្លាំង ទៅ​នឹងការ​ដណ្តើម​បាន​៣ពិន្ទុ​ពី ម៉ន ភារម្យ នោះ​ដែរ ព្រោះ​សម្រាប់ការ​ប្រកួត​២​លើក​​ទៀត យីប ឌុក ត្រូវ​ប្រឈាម​ជាមួយ​ជើងខ្លាំង ពេជ្រ ប៊ុនសិទ្ធ និង ខេម ចាន់ ដែល​អ្នកទាំង​២នេះ សុទ្ធតែ​ធ្លាប់​ឈ្នះ​រូបគេ នា​ការ​ប្រកួតកន្លង​មក។

    សិស្ស​គណ​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មានជ័យ យីប ឌុក ​បាន​និយាយ​ថា៖​«ការ​ឈ្នះ​៣ពិន្ទុ នៅ​ថ្ងៃ​បើក​ឆាក​នេះ ខ្ញុំ​មិនសូវជាសប្បាយ​ប៉ុន្មានទេ ព្រោះ​បេក្ខភាព​២​នាក់ទៀត ដែល​ខ្ញុំ​ត្រូវ​ជួប​បន្ត​ សុទ្ធតែ​ធ្លាប់​ឈ្នះ​ខ្ញុំ។ យ៉ាង​ណា​ក៏​ដោយ ជ័យជម្នះ​លើក​នេះ វា​ក៏​បាន​​ធ្វើ​ឲ្យ​ខ្ញុំ​​មានកម្លាំង​ចិត្ត​ខ្លាំង ក្នុងការ​តាំង​ចិត្តខំ​​ប្រឹង​ហ្វឹក​ហាត់បន្ថែម សម្រាប់ត្រៀម​ការ​ប្រកួត នៅ​ជុំ​ទី​២ ផងដែរ»៕

  • Loading...
  • Recent Posts