• ម្ចាស់មេដាយសំរឹទ្ធ ខេម ចាន់ ទទួលស្គាល់ពីការចាញ់ជើងថ្មី ប៊ុនសិទ្ធ ប៉ុន្តែមិនអស់សង្ឃឹម ប្រជែងទៅវគ្គបន្ត
    ប្រដាល់ក្នុងស្រុក 1 month ago 80 Views

    ​ម្ចាស់មេដាយសំរឹទ្ធ ពីការ​ប្រកួតស៊ីហ្គេម នៅប្រទេស​ហ្វីលីពីន ឆ្នាំ​២០១៩ ខេម ចាន់ មិនអាច​ដណ្តើម​បាន​៣ពិន្ទុ ពី​ការ​ជើង​ថ្មី កំពុង​ល្បី​ឈ្មោះ ពេជ្រ ប៊ុនសិទ្ធ បាន​នោះ​ទេ គឺ​រូប​គេ​បាន​ចាញ់​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ សម្រាប់ការ​​ប្រកួត​ជម្រុះ​តាមពូល ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន PNN។

    សម្រាប់​ការ​ប្រកួតជម្រុះ​ជុំ​ទី​១ ប្រចាំពូលB ​យ៉ាងក្តៅគគុក កាលពី​ថ្ងៃអាទិត្យ កន្លងមក​នេះ ខេម ចាន់ ដែល​មាន​ប្រៀប​ផ្នែកកម្ពស់នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​យក​ឈ្នះ​លើ ពេជ្រ​ ប៊ុនសិទ្ធ បាន​ដោយមិន​ពិបាក​ទេ ខណៈ​រូបគេ​បាន​បង្ហាញ​ការ​ប្រកួតយ៉ាង​ល្អ សម្រាប់ការ​ប្រកួត​៣​ទឹក​ដំបូង​នោះ។

    បើ​ទោះបីជា ពេជ្រ ប៊ុនសិទ្ធ បាន​បើកការ​វាយ​ប្រហារ​ខ្លាំង ទៅ​លើ ខេម ចាន់ ប៉ុន្តែ ចាន់ បាន​ព្យាយាម​​វាយកែង ទាត់ ម៉ាត់ ពិសេស​បុក​ជង្គង់​ទៅ​លើ​ ពេជ្រ ប៊ុនសិទ្ធ បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ ប៊ុនសិទ្ធ មានការ​លំបាក​យ៉ាងខ្លាំង។ យ៉ាង​ណា​ក៏​ដោយ ភាព​អំណត់ ក្នុងការរការ​វាយ​លុក ​តាម​រយៈ​ការ​ទាត់​ក្រោម បុក​ជង្គង់ ពិសេស​ម៉ាត់​ចូល​ធ្ងន់ៗ របស់ ប៊ុនសិទ្ធ បាន​ធ្វើ​ឲ្យ​ ខេម ចាន់ ​ធ្លាក់កម្លាំង​ និង​ប្រកាន់​យក​ការ​វាយ​ដក​ថយ បែប​រំដោះ​ខ្លួនវិញ។

    ប៉ុន្តែរបៀប​វាយ​ដក​ថយ ជាមួយ​ការ​ធ្លាក់​ចុះ​នូវ​​គុណ​ភាព​កម្លាំង​របស់ ខេម ចាន់ នេះ បាន​ជំរុញ​​ឲ្យ ពេជ្រ ប៊ុនសិទ្ធ បង្កើន​ការ​វាយ​សម្រុកកាន់តែ​​ខ្លាំង ហើយ​កណ្តាប់​ដៃវាយ​ចូល​ធ្ងន់ៗ​របស់​គេ ក៏បាន​ធ្វើ​ឲ្យ ខេម ចាន់ មាន​អាការៈវិល​វល់​ម្តងៗផង​ដែរ មុន​ពេល​ប្រកួត​ឲ្យ​ចាញ់​ពិន្ទុ ដោយពិន្ទុ​ដាច់។

    ការ​បរាជ័យនេះ​បាន​ធ្វើ​ឲ្យ  ខេម ចាន់ មានការ​សោក​ស្តាយខ្លាំង តែ​បាន​ទទួល​ស្គាល់ថា រូប​គេ ពិតជា​​ចាញ់ពិន្ទុ​មែន។ «សម្រាប់​ខ្ញុំ​ មានការ​សោកស្តាយ តែ​ទទួល​ស្គាល់​ថា ខ្ញុំ​បាន​ចាញ់គេ​មែន ព្រោះខ្ញុំ​ចាញ់ស្ទុះគេ និងវាយ​ចេញ​បានតិច​ជាងគេ ដោយគេវាយ​សម្រុក​មក​ច្រើន ធ្វើ​ឲ្យ​ខ្ញុំគាំង»។

    យ៉ាង​ណា​ក៏ដោយ សិស្ស​គណ​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ខេម ចាន់ ​បាន​ប្តេជ្ញា​ពង្រឹងចំណុច​ខ្សោយ​របស់ខ្លួន ធ្វើ​យ៉ាង​ណា ដណ្តើម​ឲ្យបាន​៣ពិន្ទុ សម្រាប់ការ​ប្រកួត​បន្ទាប់ ដើម្បីអាច​បាន​ឡើង​ទៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។ ខេម ចាន់ បាន​បញ្ជាក់ថា៖​«ដោយសារ​ការ​ប្រកួតលើក​ទី​​១នេះ ខ្ញុំ​បាត់បង់​៣ពិន្ទុ អ៊ីចឹង​ខ្ញុំ​នឹង​ព្យាយាម​ហ្វឹក​ហាត់​ពង្រឹង​សុហ្វឲ្យបាន​រឹងមាំ និងខ្លាំង ដើម្បី​ដណ្តើម​យក​៣ពិន្ទុ​ឲ្យ​បាន សម្រាប់ការ​ប្រកួត​ក្រោយៗ»។

    ចំណែក ពេជ្រ ប៊ុនសិទ្ធ បាន​ទទួលស្គាល់​ថា មានការ​ពិបាក ក្នុងការ​ប្រកួតជាមួយ​ ខេម ចាន់ ដោយបាន​និយាយ​ថា៖​«​ធម្មតា ការ​ប្រកួត​ជាមួយអ្នកខ្ពស់​ជាង​យើង គឺ​មានការ​ពិបាក ក្នុងការ​ចូល​វាយ ប៉ុន្តែ​យើង​ព្យាយាម​ដេញ​វាយ​គេ ហើយ​​ខ្ញុំ​សប្បាយ​ចិត្ត ដែល​បាន​ឈ្នះ​៣ពិន្ទុ សម្រាប់​ការ​ប្រកួតជុំ​ដំបូងនេះ ចំណែក​ការ​ប្រកួត​២​លើក​ទៀត ខ្ញុំ​នឹង​ខិតខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត ដើម្បី​ពង្រឹងស្ទះ និង​សមត្ថ​ភាព​​របស់​ខ្ញុំឲ្យ​ខ្លាំង និង​រឹងមាំ​ជាងនេះ គឺ​ធ្វើ​យ៉ាង​ណា បន្ត​ដណ្តើម​ឲ្យបាន​៣ពិន្ទុ​ថែម​ទៀត»។

    គួរ​បញ្ជាក់ថា សម្រាប់ការ​ប្រកួត​២​លើក​ចុងក្រោយ ប្រចាំពូល​Bនេះ ទាំង ខេម ចាន់ និង ពេជ្រ ប៊ុនសិទ្ធ នឹងត្រូវ​ជួប​កីឡាករ​ជើងចាស់ ម៉ន ភារម្យ និងជើងថ្មី យីប ឌុក ខណៈការ​ប្រកួត​បើក​ឆាក​របស់​អ្នកទាំង​២​នេះ កាល​ពី​ថ្ងៃអាទិត្យនោះ​ដែរ យីប ឌុក បាន​ឈ្នះ ម៉ន ភារម្យ ដោយ​ពិន្ទុ៕

  • Loading...
  • Recent Posts