• ការបញ្ចប់ការសងសាងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវពន្យារពេល តែមន្រ្តីជំនាញថា មិនប៉ះពាល់ដល់ការអភិវឌ្ឍបច្ចេកទេស
    កីឡាផ្សេងៗ 2 months ago 119 Views

    ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ឬ​ពហុកីឡដ្ឋានធំ ដែល​ជា​កន្លែង​ត្រៀម​សម្រាប់​​ការ​ប្រកួត​បាល់​ទាត់ និងកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នោះ ត្រូវបាន​​បន្ត​អូសបន្លាយពេល​វេលា ក្នុងការ​បញ្ចប់ការ​សងសាង ពី​ខែ​មេសា​​ ទៅ​​ដល់​ខែឧសភា ឆ្នាំ​២០២១​។

    នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ នៅ​ក្រោយ​ពេល​អមដំណើរ​សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ​ឆ្នាំ​២០២៣ (CAMSOC) ចុះ​ត្រួតពិនិត្យ​ទីលាន​ហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ លោក វ៉ា​ត់ ចំរើន បានបង្ហាញពី​​ហេតុផល​មួយចំនួន ដែល​រាំងស្ទះ​ដល់​ការសាងសង់​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នេះ​។

    ​            អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានបញ្ជាក់​ថា​៖ «​កីឡដ្ឋាន​ធំ មាន​ការប្រែប្រួល​កាលបរិច្ឆេទ​ ក្នុងការ​បង្ហើយ​ចុងក្រោយ គឺ​ខាង​ភាគី​ចិន​បាន​បញ្ជាក់ថា យើង​នឹងធ្វើ​រួចរាល់​នៅ​ខែឧសភា ឆ្នាំ​២០២១ ដែល​ពី​មុន​ថា បញ្ចប់នៅ​ខែមេសា ហើយ​ការ​ពន្យារ​ពេល​នេះ ដោយសារតែ​យើង​មានការ​តុបតែង ការធ្វើ​បន្ទប់ ការបំពាក់​កញ្ចក់ បំពាក់​កៅអី វា​នៅ​ត្រូវការ​ពេល​ច្រើន​ ជាពិសេស ការតុបតែង​ខាងក្នុង ទាំង​តារាង​បាល់ ប្រព័ន្ធ​ខាងក្រោម​តារាង​បាល់ ទីលាន​រត់​អត្តពលកម្ម សណ្ឋាគារ និង​បន្ទប់ VIP ដែល​ត្រូវការ​រៀបចំ​ច្រើន​»​។

    យ៉ាង​ណា​ក៏​ដោយ  អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន បានអះអាង​ថា ការពន្យារពេល​​ការ​សាងសង​​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នេះ នឹង​មិន​មានការ​ប៉ះពាល់ដល់​ការអភិវឌ្ឍ​បច្ចេក​ទេស​របស់​អត្តពលិក​នៃ​ប្រភេទ​កីឡា​បាល់​ទាត់ និង​អត្តពលកម្ម​នោះ​ដែរ ព្រោះ​ពហុកីឡដ្ឋាន​ធំ​នេះ មិនមែន​ជា​កន្លែង សម្រាប់​ហ្វឹក​ហាត់ តែ​ជា​កន្លែង​សម្រាប់តែ​ការ​ប្រកួត​ផ្លូវការ។

    លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖​«នៅ​ក្នុងពហុកីឡដ្ឋាន​ធំ​នេះ មិនមែន​ជា​កន្លែង​ហ្វឹក​ហាត់ទេ គឺ​ជា​កន្លែង​​ប្រកួត​តែ​ម្តង អ៊ីចឹង​វា​អត់​មាន​ប៉ះ​ពាល់ដល់​ការ​អភិវឌ្ឍបច្ចេក​ទេស​នោះ​ទេ គ្រាន់តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សាងសង់​ហើយ ​នៅ​សល់​ពេល​១​ឆ្នាំ ឬ១​ឆ្នាំ​ជាង គឺ​កីឡាករ​អាច​មក​ធ្វើ​តេស្ត​ប្រកួត​​សាកល្បង ឬ​ហ្វឹក​ហាត់ សម្រាប់​ក្រុម​អត្តពលកម្ម អ៊ីចឹង​ពេលវេលា​នេះ សមរម្យ វា​មិនមែន​ជា​ការ​ខក​ខាន​នោះ​ទេ»។

    តាម​គម្រោង​ពីដំបូង ​ទីលាន​បាល់ទាត់​ ដែលជា​សមិទ្ធផល​ធំជាងគេ​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ គ្រោង​បញ្ចប់​ការសាងសង់​ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២០​ ប៉ុន្តែ​ក្រោយមក​ការបញ្ចប់​ការសាងសង់​ ត្រូវបាន​ពន្យា​ពេល​ដល់​ខែមេសា​ឆ្នាំ​២០២១ ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ពេលនេះ បាន​បន្ត​ពន្យារពេល​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០២១។

    កីឡដ្ឋាន​លំដាប់​អន្តរជាតិ ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន​នេះ បាន​សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយ​ឥត​សំណង​​របស់​​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកទស្សនា​ បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​​អាច​ជ​ម្លៀ​ង​ទស្សនិកជន ​ត្រឹមតែ​៧​នាទី​ ក្នុងករណី​មាន​ហេតុការណ៍​ មិន​ប្រក្រតី​កើតឡើង​៕

  • Loading...
  • Recent Posts