• ពុទ្ធ ឆាយរិទ្ធី មិនខ្វល់សមត្ថភាពអ្នកជើងថ្មី តែអ្នកផ្គូផ្គងថា ជើងចាស់ខ្លះ សល់តែឈ្មោះ
    ប្រដាល់ក្នុងស្រុក 2 months ago 71 Views

    គ្រូ​បង្វឹក​អ្នក​ប្រដាល់​ចាស់​វស្សា​ ពុទ្ធ ឆាយ​រិទ្ធី ហាក់​មិនបាន​ចាប់អារម្មណ៍​ថា កីឡាករ​ជើង​ថ្មី គីម​ វាសនា​ និង ​កែវ ​សំរិទ្ធ​ នឹងក្លាយ​ជា​ឧបសគ្គ​រា​រាំង ឆាយរិទ្ធី ក្នុងការ​ឆ្ពោះ​ទៅប្រជែង​យក​​ប្រាក់រង្វាន់ ៣,៤​លាន​រៀល ពីការ​ប្រកួត​ម៉ារ៉ាតុងណ្តើម​ប្រាក់​លាន ក្នុង​ប្រភេទ​​ទម្ងន់​៦៧​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន នាយប់​ថ្ងៃ​អាទិត្យ​ នោះ​ទេ។

    លោក​ ណន​ រិទ្ធ ​គ្រូ​បង្វឹក ពុទ្ធ ​ឆាយ​រិទ្ធី​ បាន​ខ្វល់​ចិត្តតែ​ទៅ​លើ​បេក្ខភាព ឆៃ សារ៉ា ប៉ុណ្ណោះ ព្រោះ សារ៉ា ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់ សម្បូរបទពិសោធ​ប្រកួត​ដែរ។ លោក ណន រិទ្ធ បាន​ប្រាប់​អ្នកកាសែត​ថា៖​«នៅ​ចំណោម​អ្នក​ប្រ​ដាល់​​៣​នាក់​ទៀត​ ដែល​នឹង​ចាប់​ឆ្នោត​ប្រ​កួត​នោះ​ បញ្ហា​លំបាក​មាន​តែ​ ឆៃ​ សារ៉ា​ មួយ​​ទេ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ជា​ឧបសគ្គ​តិច​តួច​ប៉ុណ្ណោះ​ ចំណែក ​គីម​ វាសនា​ និង ​កែវ ​សំរិទ្ធ​ ខ្ញុំ​គិត​ថា​អត់​អី​ទេ គឺ ​ឆាយ​រិទ្ធី​ អាច​យក​ឈ្នះ​បាន​ដោយ​មិន​ជា​បញ្ហា​ធំ​ដុំ​នោះ​ឡើយ»​។​

    បើ​ទោះបីជា លោក ណន រិទ្ធ ​មាន​ការ​ជឿ​ជាក់​ខ្លាំង​ទៅ​លើ ពុទ្ធ ឆាយ​រិទ្ធី​ ថា ហ្វឹក​ហាត់​បាន​ល្អ​ និងមាន​ទំនុក​ចិត្ត​ឈ្នះ​​ខ្ពស់​ ប៉ុន្តែ​​អ្នក​គ្រប់​គ្រង​កីឡាករ​ប្រចាំ​សង្វៀន​ថោន លោក​ ជួប ​វុត្ថា បានធ្វើការ​កត់សម្គាល់​ថា​ អ្នក​ប្រដាល់​​ជើង​ចាស់​ ​ពុទ្ធ​ ឆាយរិន្ទី ​និង ​ឆៃ ​សារ៉ា​ ទោះ​មាន​បទ​ពិសោធ​​ល្អ ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ តែ​បច្ចុប្បន្ន​មាន​កម្រិត​បច្ចេកទេស​ធ្លាក់​ចុះ​ជាង​មុន ​ទៅ​​វ័យ​កាន់​តែ​ចាស់ ​និង​ការ​ប្រ​កួត​មិន​បាន​ល្អ​ដូច​មុនៗ​នោះ​ឡើយ។

    លោក​ ជួប ​វុត្ថា​ បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​៖ ​«ជើង​ថ្មី​ៗ​មួយ​ចំនួន នាពេល​​បច្ចុបប្បន្ន ​ប្រ​កួតបាន​​ល្អ​ ចំណែក​​ជើង​ចាស់​មួយ​ចំនួន​ នៅសល់​​​ល្អ​តែ​ឈ្មោះ​ ប៉ុន្តែ​ការ​ប្រកួត​ធ្លាក់​ចុះ​ជាង​មុន ​ហេតុនេះ​ការ​ផ្គូ​ផ្គង​គិត​តាម​ហ្នឹង ​គឺ​ល្អ​មើល ព្រោះ​​កីឡាករ ​គីម​ វាសនា​ និង កែវ សំរិទ្ធ ទោះ​មាន​ប្រវត្តិ​ប្រ​កួត​បាន​ត្រឹម​ពាក់​កណ្តាល​ ពុទ្ធ ឆាយរិទ្ធី និង ឆៃ សារ៉ា ប៉ុន្តែ​ជើង​ថ្មី​ទាំង​២នេះ កំពុង​តែ​ប្រកួត​ឈ្នះ​ជា​បន្ត​បន្ទាប់ ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ហេតុ​នេះ​ការ​ប្រ​កួត​នេះ ពិត​ជា​ស្វិត​ស្វាញ​មិន​ខាន»​។​

    ជាមួយ​គ្នា​នេះ លោក ​ហង្ស ​ស៊ឺន ​គ្រូ​បង្វឹក​របស់​ គីម​ វាសនា​ និង ​លោក ​ម៉ាក់ ​សាខន​ គ្រូ​បង្វឹក​របស់​ កែវ​ សំរិទ្ធ ក៏បាន​សរសើរ​ពី​ភាព​លេច​ធ្លោ​ដល់សិស្ស​របស់ខ្លួន​ផងដែរ ថា ពួកគេ កំពុង​តែ​ឡើង​ជើង​ កម្លាំង​ល្អ ​ប៉ុន្តែ​គ្រូ​បង្វឹកទាំង២​នេះ ​មិន​ទាន់​ហ៊ាន​អួត​ថា​ នឹង​អាច​យក​ឈ្នះ​ឬយ៉ាង​ណា​នោះ​ទេ ព្រោះ​បទពិសោធ​ប្រកួត​នៅ​ខ្ចី​ជាង ពុទ្ធ ឆាយរិទ្ធី និង ឆៃ សារ៉ា ជាង​ពាក់កណ្តាលឯណោះ។

    យោង​តាមប្រ​វត្តិ​ប្រកួត​ ដែល​ទទួល​បាន​ពី​គណៈ​កម្មការ​រៀប​ចំ​ បាន​ឲ្យ​ដឹង​ថា បេក្ខភាព​ទាំង​៤នេះ ​មានកម្ពស់​ប្រហាក់ប្រហែល​គ្នាគឺ ១,៧០ម៉ែត្រ​ឡើងទាំងអស់ ប៉ុន្តែ​ចំពោះ​បទពិសោធ​ប្រកួត​វិញ ពុទ្ធ ​ឆាយ​រិទ្ធី​ ប្រ​កួត​បាន​​១២៨ដង ​ឈ្នះ​៩៨​ ​ចាញ់​២៨​ ស្មើ​២ ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១៦​លើក​ ហើយ ឆៃ ​សារ៉ា​ ធ្លាប់​ប្រ​កួត​បាន​​១០៩ដង ឈ្នះ​៨៣​ ចាញ់​១៨​ ​ស្មើ​៨ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៣០​ដង​។

    ចំណែកកីឡាករ ​គីម​ វាសនា​ ប្រ​កួត​បាន​៦៩​ដង ឈ្នះ​៤៧​ ចាញ់​១៧​ ​ស្មើ​៥​ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​១៨​ដង​ រីឯ​ កែវ​ សំរិទ្ធ​ ប្រ​កួត​បាន​តែ​៥២​ដង ​ឈ្នះ​៣៣​ ​ចាញ់​១៣​ ​ស្មើ​៦​ដង ​និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​១៥​ដង។ យ៉ាង​ណា​ក៏ដោយ ដោយសារការ​ប្រកួតនេះ តម្រូវ​ឲ្យ អ្នក​ទាំង​៤ ធ្វើ​ការ​ចាប់ឆ្នោត មុនការ​ប្រកួត​ ហេតុនេះ គេ​នៅ​មិនទាន់​ដឹងថា អ្នក​ណា ត្រូវ​ជួប​អ្នក​ណា នៅ​វគ្គ​ជម្រុះ​៣​ទឹក​ ដើម្បី​រក​អ្នក​ឈ្នះ ឡើងទៅវគ្គ​ផ្តាច់​ព្រ័ត្រ នោះ​ទេ៕

  • Loading...
  • Recent Posts