• ជើងខ្លាំង កំពុងល្បីឈ្មោះ៨នាក់ ត្រូវដាក់ឲ្យប្រកួតដណ្តើមខ្សែក្រវាត់ និងលុយធំ ក្នុងព្រឹត្តិការណ៍ ជើងឯកប៉ះគ្នា
    ប្រដាល់ក្នុងស្រុក 2 months ago 100 Views

    អ្នក​ប្រដាល់​ជើងខ្លាំងចំនួន​៨នាក់ ដែល​កំពុង​ល្បី​ឈ្មោះ តាមរយៈការ​ប្រកួត​ដ៏​ទាក់​ទាញ ក្នុង​​អំឡុង​​ការ​ប្រកួត​គ្មាន​អ្នកទស្សនា សម័យកូវីដ​១៩ នោះ ត្រូវ​បាន​អ្នក​គ្រប់គ្រង​ប្រដាល់​នៅ​សង្វៀន ​CNC និង​ម្ចាស់​ឧបត្ថម្ភ​ធំ សម្រេច​រួច​រាល់​ហើយ ក្នុងការ​ដាក់​ពួកគេ ឲ្យ​ប្រកួត នៅក្នុង​ព្រឹត្តិការណ៍អ្នក​តស៊ូគុនខ្មែរ​គោជល់ «ជើងឯកប៉ះ​គ្នា» រដូវកាល​ទី​២ ទម្ងន់​៦០​គីឡូក្រាម ដែល​នឹង​ចាប់​ដំណើរ​ នៅ​ដើម​ខែ​តុលា ខាងមុខ​នេះ។

    ​តាមការ​ប្រកាស នៅ​ក្នុងសន្និសីទកាសែត កាល​ពី​ថ្ងៃសៅរ៍ ចុង​សប្តាហ៍មុន​នេះ បាន​ឲ្យដឹង​ថា កីឡាករ​ជើង​ខ្លាំង​ទាំង​៨​នាក់​នោះ ត្រូវបាន​ចែក​ការ​ប្រកួត​ជា​២​ក្រុម ដោយ​ក្នុង​នោះ​ក្រុម​ទី​១ មាន​អ្នក​ប្រដាល់ សេន កុសល ក្លិប​មោងឬស្សី​មរតក​គុនខ្មែរ ឈុត សេរីវ៉ាន់ថង ក្លិប​រាហ៊ូ​កីឡា ខេត្ត​បាត់ដំបង ឃីម បូរ៉ា ក្លិប​រស្មី​ភូមិគាប​ខេត្ត​បន្ទាយមានជ័យ និង​ តាញ់ មករា មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ។

    ចំណែក​ក្រុម​ទី២ មាន​កីឡាករ សោម វិឆ័យ របស់​ក្លិប​ពន្លឺ​វិបុល​ដារិទ្ធ​ខ័ណ្ឌពោធិ៍សែនជ័យ អ្នក​ប្រយុទ្ធ អេលីត ចំរើន ក្លិប​ប៉ែនកាក់​មរតក​គុន​ខ្មែរ កូន​ប្រុស​របស់​អតីតជើង​ខ្លាំង​គ្មាន​គូ​ប្រៀប អេ ភូថង គឺ ម៉ឺន មេឃា របស់​សមាគម​ប្រដាល់ ក្រសួងការពារជាតិ និង​ ឡុង ជិន ក្លិបខ្លារ​ខិន​មាន​រិទ្ធ ដែល​ទើបតែ​មាន​របួស​បាក់​ក្តោង​ចម្រុះ។

    ចំពោះ​រូប​មន្ត​​ប្រកួតវិញ គឺ​នៅ​​តាមក្រុមទាំង​២ នឹង​ត្រូវ​ប្រកួត​គ្នាចាញ់ធ្លាក់ៗ ហើយ​អ្នក​ឈ្នះ​​ត្រូវ​ឡើងទៅ​​ប្រកួត​គ្នា នៅវគ្គ​​ផ្តាច់​ព្រ័ត្រ ដោយ​ក្នុង​នោះ​ជើង​ឯក​ប្រចាំ​ក្រុមនីមួយៗ នឹងទទួល​បាន​ប្រាក់រង្វាន់​១៥០០ដុល្លារ ឯ​អ្នកលេខ​២ បាន​១០០០ដុល្លារ។ បន្ទាប់​មក​ជើង​ឯក នៅតាម​ក្រុម​ទាំង​២ ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ យក​ខ្សែ​ក្រវាត់ ដោយម្ចាស់​ជើង​ឯក នឹង​ទទួល​បាន​ប្រាក់រង្វាន់​៥០០០ដុល្លារ ហើយ​ជើង​ឯករង ប្រចាំ​រដូវកាល​ទី​២ នេះ នឹង​ទទួល​បាន​២០០០ដុល្លារ។

    ទាក់ទង​នឹង​ការ​ប្រកួតនេះ លោក មាន សំអុល នាយកចាត់ការ​ទូទៅ​ភេសជ្ជៈ​ប៉ូវកម្លាំង​គោជល់ នៅ​កម្ពុជា ដែល​ជា​អ្នកឧបត្ថម្ភ​ធំ បាន​ថ្លែង នៅ​ក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃសៅរ៍​នោះ​ថា៖​ «ដោយសារ​មានការគាំ​ទ្រ​ដ៏ច្រើន​លើស​លុប ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​គុនខ្មែរ កាល​ពី​រដូវកាល​ទី​១ គោជល់ ក៏​បាន​សម្រេចជ្រើសរើសកីឡាករ​កាន់​តែ​ខ្លាំងជាងមុន រៀបចំ​ប្រាក់រង្វាន់​កាន់តែ​ពិសេសជាងមុន ដើម្បីនាំមក​នូវការ​ប្រកួត ​កាន់​តែ​កក្រើក​ជាងមុន សម្រាប់រដូវ​កាល​ទី​២​នេះ»។

    លោក​បាន​បន្ថែម​ថា៖​«ដើម្បី​ជួយ​លើក​តម្កើង និងផ្សព្វផ្សាយ​កីឡា​ប្រដាល់គុនខ្មែរ ដល់​អ្នក​គាំ​ទ្រ​នៅ​កម្ពុជា​ និង​នៅ​លើ​សកល​លោក គោជល់ ក៏​តែង​តែ​បញ្ចូល​ការ​ប្រកួតមិត្ត​ភាព ដែល​មិនត្រឹម​តែ​ប្រកួត​ជូន​អ្នក​គាំ​ទ្រ​ទស្សនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​គាំ​ទ្រ​ និង​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​មាន​ឆន្ទៈ បាន​បង្ហាញ​​ប្រកួត​គ្នា ដើម្បី​ពង្រឹង​សមត្ថ​ភាពឲ្យ​បាន​កាន់តែ​ខ្លាំង សម្រាប់​ឆ្ពោះ​ទៅកាន់ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ផងដែរ។

    ជាមួយ​គ្នា​នេះ លោក ម៉ុល រ៉ាស៊ី នាយក​ផ្នែក​លក់​របស់​ទូរទស្សន៍ CNC និង​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ក៏​មាន​ការ​ជឿជាក់​ដែរ​ថា តាម​រយៈ​ការ​ប្រកួតនេះ ​នឹងបាន​ផ្តល់​ឱកាស​ឲ្យកីឡាករ​ជើងខ្លាំង​របស់​កម្ពុជា បាន​ប្រកួតគ្នា និង​ពង្រឹង​សមត្ថ​ភាព ឲ្យបាន​កាន់តែ​ល្អ ត្រៀម​ទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ផងដែរ។

    យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​បើក​ឆាក នៅ​ល្ងាច​ថ្ងៃសៅរ៍​នេះ វា​ជា​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​១ គឺ​ការ​ប៉ះ​គ្នា​រវាង សេន កុសល និង តាញ់ មករា ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ចាំ​នៅ​វគ្គ​ផ្តាច់ គឺ​ចាំ​ការ​ប្រកួតគ្នា​​រវាង​ជើងខ្លាំង ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់ថង ដែល​នឹង​ត្រូវ​ធ្វើ​នៅ​សប្តាហ៍​បន្ទាប់៕

  • Loading...
  • Recent Posts