• ក្រុមតេជៈសន្តិភាព ក្លាយជាជើងឯក ស្របពេលក្រុមអត្តពលិកជនពិការ ទទួលបានកាដូពិសេស
    កីឡាផ្សេងៗ 2 months ago 76 Views

    ក្រុម​បាល់​ទះ​អង្គុយជន​ពិការ តេជៈសន្តិភាព បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក នៅ​ក្នុងការ​ប្រកួត​ជើង​ឯកកីឡា​បាល់​ទះអង្គុយ ឆ្នាំ​២០២០ គឺ​ស្រប​ពេល​ដែល​ក្រុម​អត្ត​ពលិក​ជន​ពិការ ដែល​កំពុងស្នាក់អាស្រ័យ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ទទួល​បាន​កាដូ​ពិសេស ពី​ថ្នាក់​ដឹកនាំ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា។

    សម្រាប់ការ​ប្រកួត ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃសុក្រ និងបានបញ្ចប់ កាល​ពី​ថ្ងៃអង្គារ នៅ​មជ្ឈមណ្ឌល​ជាតិនៃ​ជនពិការ តេជោសែន​នោះ ​ក្រុម​តេជៈសន្តិភាព បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​ល្អ និងគួរ​ឲ្យ​ជក់​ចិត្ត ដើម្បី​យក​ឈ្នះ​ក្រុមត្នោតជ័យ​ ខេត្តកំពង់​ស្ពឺ ដោយ​លទ្ធផល​៣​សិត​ដាច់​តែ​ម្តង ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក ​ប្រចាំ​ឆ្នាំ​២០២០​នេះ។ ចំណែក​លេខ៣ បានទៅក្រុមមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងលេខ៤ បាន​ទៅ​ក្រុម​រិទ្ធីសែន ខេត្តកំពង់ឆ្នាំង។

    យ៉ាង​ណាក៏​ដោយ ក្រុមទាំងបាល់​ទះ​អង្គុយ​ជន​ពិការ​ទាំង​៤​ក្រុម ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង នៅ​ឆ្នាំ​នេះ ទទួល​បាន​ប្រាក់រង្វាន់​ឧបត្ថម្ភ​ពី​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្មើៗ​គ្នា គឺ​ក្នុង​១​ក្រុម ទទួល​បាន​​៨០​ម៉ឺន​រៀល ព្រម​ទាំង​ពាន​រង្វាន់ ទៅ​តាម​ចំណាត់​ថ្នាក់។ ចំណែក​ក្រុមគណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត ក៏​ទទួល​បានការ​ឧបត្ថម្ភ​ចំនួន​៤០០ដុល្លារ ផងដែរ។

    បន្ថែម​លើ​នេះ អ្វី​ដែល​​ជា​កាដូពិសេស​បំផុត និង​ធ្វើ​ឲ្យ​ក្រុម​ជន​ពិការ​ទាំង​អស់ មានការ​សប្បាយ​ចិត្ត​ខ្លាំង​នោះ គឺ​ការ​ប្រកាស​ផ្តល់​ជូននូវអគារស្នាក់នៅសមរមយមួយ ពី​សំណាក់​លោក ស សុខា ដើម្បីសម្រួលដល់ការស្នាក់នៅ និងហ្វឹកហាត់របស់អត្តពលិក​​ជន​ពិការ ដែល​កំពុង​​ស្នាក់​អាស្រ័យ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ហើយភ្លាមៗនោះ លោក​រដ្ឋលេខា​ធិការ បានស្នើឲ្យក្រុមការងារ ធ្វើការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បី​សិក្សាទីតាំងថ្មី និង​រៀបចំកសាង​អគារ​នោះ ឲ្យ​បាន​ឆាប់រហ័ស។

    លោក ស សុខា បាន​ថ្លែង នៅ​ចំពោះមុខ​ក្រុម​អត្តពលិកជន​ពិការ នៅ​ក្នុង​ពិធី​បិទ​កាប្រកួតជើង​ឯកកីឡា​បាល់​ទះអង្គុយ ឆ្នាំ​២០២០ នោះ​ថា៖ ​«ដើម្បី​សម្របសម្រួល​ដល់​ក្រុម​គ្រួសារជន​ពិការ ដែល​បានស្នាក់​​នៅទី​នោះ គឺ​ក្នុង​នាមឲ្យ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ និងក្រុម​ការងារ គឺ​យើង​នឹង​រៀបចំ​​អគារសមរម្យមួយ ជូន​ដល់​​កីឡាករ កីឡាការិនី​ជនពិការ​របស់​យើង ដើម្បី​​កាត់​បន្ថយ​ការ​លិច​ទឹក និង​មានភ្លៀង​មក មាន​ការ​ពិបាក»៕

     

  • Loading...
  • Recent Posts