• ក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញភាពខ្លាំង នៅលើអាងហែលទឹក កម្រិតស្តង់ដា ដែលទើបសម្ពោធថ្មី
    កីឡាផ្សេងៗ 2 months ago 78 Views

    ក្រុម​កីឡាករ កីឡាការិនី​របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញ​ភាព​ខ្លាំង តាមរយៈ​ការ​ដណ្តើម​បាន​មេដាយ​មាស ច្រើន​ជាង​គេ ពី​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើស​រើសជើង​ថ្នាក់​ជាតិ ឆ្នាំ​២០២០ ដោយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​អាងហែល​ទឹក​ពហុកីឡដ្ឋាន​ជាតិ ដែល​ទើប​សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់ ​ក្រោម​​វត្តមាន​របស់​​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការ​ពារជាតិ ទៀ បាញ់ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​មន្រ្តី​ជាន់​ខ្ពស់ជាង​ច្រើន​រូបទៀត កាល​ពី​ថ្ងៃចន្ទ ម្សិល​មិញ។

    តាម​រយៈការ​ប្រកួតចំនួន​៣​ថ្ងៃ ដោយ​បានចាប់​ផ្តើម កាល​ពី​ថ្ងៃសៅរ៍ ហើយ​បាន​បញ្ចប់ នៅ​ក្នុង​ពិធីសម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ អាង​ហែល​ទឹក និង​លោត​ទឹក នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃចន្ទ ម្សិល​មិញ​នេះ ក្រុម​អត្តពលិក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​​ឈរ​នៅ​ក្នុងចំណាត់​ថ្នាក់លេខ​១ ក្នុងនាម​ជា​ក្រុម ដែល​ដណ្តើមបានមេដាយមាស​ច្រើនជាងគេ គឺ​មេដាយ​មាស​៤ ប្រាក់​១ និងសំរឹទ្ធ​៣។

    ចំណែក​ក្លិប​ហែល​ទឹក​ក្រសួង​មហាផ្ទៃ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ដណ្តើម​បាន​មេដាយ​មាស​៣ ប្រាក់១ មេដាយ​សំរឹទ្ធ១ ហើយ​តាម​ពី​ក្រោយ​ដោយ​ក្លិប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញា​វត្ថុ ដែល​ដណ្តើម​បាន​មេដាយ​មាស​១ ប្រាក់៤ និង​មេដាយ​សំរឹទ្ធ​៣។ ចំណែក​ក្លិប​ហែល​ទឹក​នាគរាជ​កំពង់ចាម ដណ្តើម​បាន​មេដាយ​ប្រាក់​៤ ខណៈ​ក្លិប​ហែល​ទឹក​ព្រឹទ្ធាចារ្យ​ហែម ថុន ដណ្តើម​បាន​មេដាយ​ប្រាក់​១ និង​មេដាយ​សំរឹទ្ធ​១។

    ជាមួយ​គ្នា​នេះ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ដែល​មានលោក ស៊ុន ចាន់​ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន ជា​ប្រធាន​នោះ ក៏​បាន​រៀបចំ​ឲ្យមាន​ការ​ប្រកួត​បាល់​ទះ រវាង​ក្រុមរាជធានី​ភ្នំពេញ និងក្រុម​ខេត្តកំពង់ចាម ផងដែរ ដែល​ការ​ប្រកួតនេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពី​អ្នកចូល​រួម​ផ្ទាល់ ហើយ​​ជា​លទ្ធផល​ ក្រុម​ខេត្ត​កំពង់ចាម បាន​យកឈ្នះ​ក្រុម​រាជធានី​ភ្នំពេញ។

    ជុំ​វិញ​ការ​ប្រកួត​កីឡា​ហែល​ទឹកជ្រើសរើសជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២០​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ បាន​ថ្លែង​ថា៖​«ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ប្រកួត​ហែល​ទឹក ដែល​បាន​បង្ហាញ​ប្រកប​ដោយការសប្បាយ​រីក​រាយ នាឱកាស​នេះ និង​សូម​ចូល​រួមអបអរដល់​ក្មួយៗ​ជាម្ចាស់​ជយលាភី ក្នុងការ​ប្រកួត និងសូម​កោត​សរសើរ​ដល់​ក្មួយៗ ជា​កីឡាករ កីឡាការិនី​ទាំង​អស់ ដែល​បាន​បង្ហាញ​ពី​សមត្ថ​ភាព​ប៉ិន​ប្រសព្វ និងគួរជា​ទី​មោទនភាព ក្នុងការ​ប្រកួតនា​ពេលនេះ»៕

  • Loading...
  • Recent Posts