• រិន ដេវីដ និង ពេជ្រ ប៊ុនសិទ្ធ ត្រូវដាក់ឲ្យប្រកួតដណ្តើមប្រាក់លាន ជាមួយជើងថ្មី ល្បីខាងផ្តួលដៃគូឲ្យសន្លប់
    ប្រដាល់ក្នុងស្រុក 2 months ago 98 Views

    ការ​ប្រកួតម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់​៥៧​គីឡូក្រាម នៅ​លើ​សង្វៀនថោន ថ្ងៃអាទិត្យនេះ វា​បាន​ក្លាយជាជំនួប​រវាង​ជើងខ្លាំង​ជំនាន់ក្រោយ ដែល​កំពុង​សាង​ភាព​ល្បី ក្នុង​នោះមាន​ជើងខ្លាំង មាន​បច្ចេក​ទេស​ល្អ រិន ដេវីដ និង ពេជ្រ ប៊ុនសិទ្ធ ព្រម​ទាំង​ជើង​ថ្មី​ខ្ចី​បទពិោសធ តែ​មាន​សមត្ថ​ភាព​ល្អ ធន់ ផានិត និង ឃន គឹមហេង។​

    ចំពោះបេក្ខភាព​ទាំង​៤​នេះ រិន ដាវីដ និង ពេជ្រ ប៊ុនសិទ្ធ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ បច្ចេក​ទេស​ប្រកួត​ល្អ ព្រមទាំង​មាន​បទពិសោធ​ប្រកួត​ច្រើន និងមាន​ប្រៀប​ជាង ធន់ ផានិត និង ឃន គឹម​ហេង ដែល​ទើប​ប្រកួត​បានជាង​១០​ដង ប៉ុន្តែ​ជើង​ថ្មី​ទាំង​២​នេះ មាន​សមត្ថ​ភាព​ល្អ ហើយក៏​ធ្លាប់​ឈ្នះ​ជើង​ចាស់​ផងដែរ ពិសេស ផានិត ដែល​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​​១១​ដង ក្នុងការ​ប្រកួតសរុប​ត្រឹម​១២​លើក។

    លោក​ ធន់​ សុភា​ គ្រូ​បង្វឹក​ ​ធន់ ​ផានិត ​​ប្រាប់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​៖ «​ប្រវត្តិ​ប្រ​កួត​របស់​ ផានិត​ ល្អ​ណាស់ ​គឺ​ប្រ​កួត​​១២​លើក ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​១១​លើក ​ហើយ​​ធ្លាប់​ចាញ់​តែ​ម្តង​គត់​ ពេល​ប្រកួត​ជា​មួយ ​កែវ​ មនោរម្យ​ សម្រាប់​​ការ​ជាន់​សង្វៀន​​លើក​ដំបូង​របស់​គេ​ ហើយ​​គេ​ក៏​ធ្លាប់​ផ្តួល​​ជើង​ចាស់​ខ្លាំង​មួយ​ចំនួន​ទៀត​ផង​ ខណៈ​ថ្មីៗនេះ ផានិត ទើប​តែ​ផ្តួល​ជើង​ខ្លាំង​ជម្រើស​ជាតិ​ យិប​ ឌុក​ ឲ្យ​សន្លប់»។

    យ៉ាង​ណាក៏ដោយ លោក ពេជ្រ សុផាន់ គ្រូ​បង្វឹក ពេជ្រ ប៊ុនសិទ្ធ ហាក់​មិន​បានចាប់អារម្មណ៍​ទៅ​លើ​បេក្ខភាព ធន់ ផានិត និង ឃន គឹមហេង នោះ​ទេ គឺ​សម្រាប់ការ​ប្រកួតដណ្តើម​ប្រាក់លាន​លើក​នេះ លោកផ្តោតតែ​លើ ប៊ុនសិទ្ធ និង រិន ដាវីដ ប៉ុណ្ណោះ ដោយ​លោក​គិត​ថា អ្នកទាំង​២​នេះ នឹងត្រូវ​ប៉ះ​គ្នា គឺ​បើ​មិន​នៅ​វគ្គ​ជម្រុះ ក៏​នៅ​វគ្គផ្តាច់​ព្រ័ត្រ​ដែរ។

    លោក​ ពេជ្រ​ សុផាន់​ គ្រូ​បង្វឹក​ពេជ្រ​ ប៊ុនសិទ្ធ​ និយាយ​ថា​៖​«ប៊ុន​សិទ្ធ​ និង ​រិន ​ដេវីដ នឹង​ជួប​គ្នា នៅ​ថោន នាថ្ងៃអាទិត្យនេះ ​ដើម្បី​ដណ្តើម​ប្រាក់លាន​។ បើ​ទោះបីជា ប៊ុនសិទ្ធ មិន​ធ្លាប់​ឈ្នះ ដេរីដ ប៉ុន្តែ​លើក​នេះ​ ខ្ញុំ​ប្តូ​យុទ្ធ​សាស្ត្រ​ប្រ​កួត ​​​ដោយ​សង្ឃឹម​ឈ្នះ​វិញ»។

    ចំណែក​ រិន ​ដេវីដ ​ដែល​កំពុង​ហ្វឹក​ហាត់​ នៅ​ក្រុម​ជម្រើស​ជាតិ​ ​យ៉ាង​យក​ចិត្តទុក​ដាក់​នោះ បាន​និយាយ​ថា​៖«​ខ្ញុំ​នឹង​ព្យាយាម​ការពារ​ជ័យ​ជម្នះ​នេះ​ឲ្យ​បាន​បន្ត​ទៀត​ ដោយមាន​ទំនុក​ចិត្ត​៨០​ភាគ​រយ​។​ ទោះ​យ៉ាង​ណា​ នៅក្នុង​ចំណោមបេក្ខភាព​​៣នាក់​ ដែល​ត្រូវ​ចាប់​ឆ្នោត​ប្រ​កួត​ជា​មួយ​ខ្ញុំ​នេះ​ គឺ ប៊ុន​សិទ្ធ​ ពិត​ជា​ខ្លាំង​ មិន​មែន​យក​ឈ្នះ​ ដោយ​ស្រួល​នោះ​ឡើយ​»។​

    គួរ​បញ្ជាក់ថា សម្រាប់ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់លាន​នេះ តម្រូវ​ឲ្យបេក្ខភាព​ទាំង​៤​នាក់ ​ចាប់​ឆ្នោត​ភ្លាមៗ ​មុន​ប្រ​កួត ហើយ​អ្នក​ឈ្នះ​ទាំង​២​នាក់ នៅ​ក្នុង​វគ្គ​ជម្រុះ​៣​ទឹក នឹងត្រូវ​ឡើង​ទៅ​ជួបគ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយមាន​៣ទឹក​ដែរ ហេតុនេះរវាង​ ​រិន ​ដេវីដ ​និង ​ពេជ្រ​ ប៊ុន​សិទ្ធ ក៏​នឹង​មាន​ម្នាក់​ត្រូវ​ធ្លាក់​ផង​ដែរ បើ​សិនជា​ពួក​គេ ចាប់​ឆ្នោត​ប៉ះ​គ្នា នៅ​វគ្គ​ជម្រុះ​នោះ៕

  • Loading...
  • Recent Posts