• ទូច ដាវីដ ប្រាប់ពីចំណុចសំខាន់ ដែលរូបគេ មិនអាចបោះបង់ចោលប្រដាល់
    ប្រដាល់ 2 months ago 90 Views

    អ្នក​ប្រដាល់វ័យក្មេង កំពុង​ប្រជែង​បាន​ភាព​ល្បី​ល្បាញ ទូច ដាវីដ បាន​បង្ហើប​ពី​គោលគំនិត​សំខាន់ ដែល​រូប​គេ​បាន​ឈាន​ជើង​ប្រលោក​ក្នុង​វិស័យ​ប្រដាល់ ហើយ​រូបគេ ក៏​គ្មាន​គម្រោង​ដើរ​ចេញ​ពី​មុខ​របរ ដែល​ត្រូវប្តូរ​ញើស​ឈាមស្រស់ៗ ដើម្បី​ប្តូរ​យក​ប្រាក់​តម្លៃ​ខ្លួន មួយ​នេះ​ផងដែរ។

    ចំណុច​សំខាន់ ដែល ទូច ដាវីដ ត្រូវតស៊ូ និង​ក្រាញ​ននៀល នៅ​លើ​វិស័យ​ប្រដាល់គុនខ្មែរ​នេះ ក៏​ព្រោះ​តែ​រូបគេ បាន​ចាត់​ទុក​អាជីព​មួយនេះ ជា​ដើមទុន យ៉ាង​សំខាន់ ដែល​ជួយ​ឲ្យ​រូបគេ​អាច​រក​បាន​ប្រាក់​កម្រៃ សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ ពិសេសអាច​ជួយ​ឲ្យ​គេ បាន​សិក្សា​ជំនាញ​ច្បាប់ ​នៅ​មហាវិទ្យាល័យ ទៅ​តាម​គោល​បំណង និងក្តីស្រម៉ៃ​ ដែល​មានតាំង​ពី​យូរ​មក។

    សិស្សគណក្លិប​អារុណរះ​កីឡា ទូច ដាវីដ បាន​និយាយ​ថា៖​ «ការ​ចូល​រួម​ប្រលោក​ក្នុង​វិស័យ​ប្រដាល់​នេះ ខ្ញុំ​សង្ឃឹម និងចាត់ទុក​ថា ជា​ដើមទុន​មួយ ដែល​យើងអាច​រក​កម្រៃ​បាន យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ និងទុក​សម្រាប់​ការ​សិក្សា ព្រោះ​ខ្ញុំ​ចង់​បន្ត​ការ​សិក្សា​ផ្នែក​ច្បាប់ នៅ​មហាវិទ្យាល័យ»។

    យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ ទូច ដាវីដ នៅ​មិនទាន់បាន​ចូល​សិក្សាថ្នាក់​មហាវិទ្យាល័យ ទៅតាមបំណង​នៅ​ឡើយ​ទេ គឺ​ក្នុងអំឡុងពេលនេះ រូប​គេ​កំពុង​ផ្តោតខ្លាំង​ទៅលើ​ការ​​រក​ប្រាក់ តាម​រយៈការ​ឡើង​ប្រដាល់ ហើយការ​ឈ្នះ​តំណែង​ជើង​ឯក នៅ​ក្នុងការ​ប្រកួត​ម៉ារ៉ាតុង ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន PNN កាល​ពី​ថ្ងៃអាទិត្យ ត្រូវ​បាន ទូច ដាវីដ ចាត់​ទុក​ថា ជា​ការ​បើកផ្លូវ​ឲ្យ​អ្នក​គ្រប់​គ្រង​សង្វៀន​ផ្សេងៗទៀត មើល​ឃើញ​ពី​សមត្ថ​ភាព និង​ចាប់​គូ​ឲ្យ​រូប​គេ​បាន​ប្រកួត​ញឹក​ញាប់។

    ទូច ដាវីដ បាន​និយាយ​ថា៖​ «ការ​ឈ្នះ​ជើង​ឯក​ម៉ារ៉ាតុង ក្នុងទម្ងន់​៦០​គីឡូក្រាម​នេះ គឺ​នឹង​ធ្វើ​ឲ្យ​គ្រប់ស្ថានីយ សម្លឹង​ឃើញពី​សមត្ថភាព​របស់​ខ្ញុំ ហើយ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឈ្មោះ​បាន​ប្រកួត​ញឹកញាប់ នៅ​លើ​សង្វៀន​របស់​ពួក​គាត់ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោលការ​ប្រដាល់​នោះ​ទេ»។

    កីឡាករ​វ័យក្មេង​រូបនេះ បាន​បន្តថា៖«​​ប៉ារបស់​ខ្ញុំ បាន​ប្រាប់​ថា ត្រូវ​រៀន​ផង និង​ហ្វឹកហាត់​ប្រដាល់​ផង កុំ​ចោលមួយ​ណាឲ្យសោះ តែ​ក្នុងអំឡុង​ពេលនេះ ខ្ញុំ​បាន​ផ្អាក​ការ​សិក្សា​មួយឆ្នាំ ដើម្បី​រក​លុយ ទៅ​រៀន​បន្តខ្លួនឯង អ៊ីចឹងការ​សិក្សា និង​ប្រដាល់ ត្រូវដើរ​ទន្ទឹង​គ្នា។ ខ្ញុំ​ចង់​រៀនផ្នែក​ច្បាប់ ហើយនៅ​ពេល​រៀនចប់ ខ្ញុំ​ចង់​មាន​ការងារក្នុង​​ក្របខ័ណ្ឌ ដើម្បី​មាន​ពេល​ហាត់ប្រដាល់​ផង»។

    គួរ​បញ្ជាក់ថា សម្រាប់​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ជើងឯក ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន PNN កាល​ពី​ថ្ងៃអាទិត្យនោះ ទូច ដាវីដ បាន​ទាត់​ឲ្យ​កីឡាករ ប៉ិល សេងហេង ខូចជើង និង​សុំ​ចុះ​ចាញ់ នៅ​ចុងទឹក​ទី​៣ សម្រាប់ការ​ប្រកួត​វគ្គ​ជម្រុះ ហើយ​រូបគេ បាន​បន្ត​យក​ឈ្នះ មាស សារ៉ាក់ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ពិន្ទុ។ ការ​ឈ្នះ​ជើងឯកនេះ ទូច ដាវីដ ទទួល​បានប្រាក់រង្វាន់ ២,៦​លាន​រៀល រីឯជើងឯក​រង មាស សារ៉ាក់ ទទួល​បាន​ប្រាក់រង្វាន់​ចំនួន​១,២​លាន​រៀល៕

     

  • Loading...
  • Recent Posts