អ្នកលេងកណ្តាប់ ពេជ្រ ម្ទេសខ្មាំង ដែលមានឈ្មោះនៅក្នុងបញ្ជីជាតិថា ណាត សៀកនិន នោះ បានអះអាងថា រូបគេនឹងខិតខំហ្វឹកហាត់ ប្រកួតឲ្យបានល្អឡើងវិញ ដើម្បីស្តាមុនមាត់ នៅលើសង្វៀនប្រដាល់គុនខ្មែរ ជាថ្មី បន្ទាប់ពីរូបគេជួបការបាក់ទឹកចិត្ត ប្រកួតចាញ់ងើបមុនមិនរួច ហើយខ្ទាត់ចេញពីក្រុមជម្រើសជាតិប្រដាល់សកលនោះ។
នៅមុនឈានដល់ដំណាក់កាលដ៏ជូរចត់នេះ ពេជ្រ ម្ទេសខ្មាំង ធ្លាប់ជាកីឡាករជើងខ្លាំង ដែលពិបាកនឹងរកគូប្រកួត ទាំងនៅក្នុងទម្ងន់៥៧គីឡូក្រាម និង៦០គីឡូក្រាម ហើយរូបគេ ក៏ធ្លាប់បានឈ្នះខ្សែក្រវាត់មកគ្រប់គ្រងផងដែរ ហើយអ្វីដែលកាត់តែអស្ចារ្យនោះ សម្រាប់ការប្រកួតស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧ ម្ទេសខ្មាំង ក៏ដណ្តើមបានមេដាយសំរឹទ្ធជូនប្រទេសជាតិ ផងដែរ។
យ៉ាងណាក៏ដោយ ក្នុងរយៈពេលជិត១ឆ្នាំចុងក្រោយនេះ ពេជ្រ ម្ទេសខ្មាំង បានជួបការបរាជ័យងើបមុខមិនរួច។ ការធ្លាក់ចុះទាំងបច្ចេកទេស និងគុណភាពកម្លាំងនេះ ត្រូវបានប្រភពច្បាស់ការទម្លាយថា មកពី ម្ទេសខ្មាំង ខ្ជីខ្ជាលើការហ្វឹកហាត់ និងខ្សោយខាងវិន័យ ហើយបញ្ហាទាំងនេះហើយ ដែលធ្វើឲ្យ ម្ទេសខ្មាំង ត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិប្រដាល់សកល នៅឆ្នាំ២០២០នេះ។
ជុំវិញបញ្ហានេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាបប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា៖«ណាត សៀកនិន ឬ ពេជ្រ ម្ទេសខ្មាំង នេះ ត្រូវបានកាត់ចោល ពីក្រុមជម្រើសជាតិ នៅឆ្នាំ២០២០នេះ ដោយសារបញ្ហាមិនគោរពវិន័យ ក្នុងការប្រមូលផ្តុំ និងហ្វឹកហាត់ ហើយកីឡា បើខ្សោយវិន័យ និងហាត់មិនបានល្អនេះហើយ គឺប្រកួតមិនឈ្នះគេទេ»។
យ៉ាងណាក៏ដោយ នៅថ្ងៃអាទិត្យនេះ ពេជ្រ ម្ទេសខ្មាំង ត្រូវបានគណៈកម្មការប្រកួតនៅសង្វៀនថោន បានផ្គូផ្គងឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់៦០គីឡូក្រាម ជាថ្មី ជាមួយកីឡាករជើងខថ្មី៣នាក់ទៀត ដើម្បីស្តាមុខមាត់ឡើងវិញ ក្នុងនោះមាន អេលីត ឡុងឡី មកពីក្លិបប៉ែនកាត់គុនខ្មែរ សំ អាន ក្លិបបញ្ជាការដ្ឋានទ័ពពិសេស និង សេក ចៅជូត មកពីក្លិបអង្គរជ័យខេត្តសៀមរាប។
សម្រាប់បេក្ខភាពទាំង៣នាក់នេះ គឺមានបទពិសោធប្រកួតតិចជាង ពេជ្រ ម្ទេសខ្មាំង ដាច់តែម្តង ហើយបើកាលជំនាន់ ម្ទេសខ្មាំង នៅខ្លាំងវិញ គឺអ្នកទាំង៣នេះ មិនអាចគេចផុតពីការសន្លប់នោះទេ។ យ៉ាងណាក៏ដោយ នៅពេលនេះ ម្ទេសខ្មាំង ក៏មានភាគរយខ្ពស់ឈ្នះផងដែរ បើសិនគេហ្វឹកហាត់ដិតដល់ ហើយនៅក្នុងចំណោមអ្នកទាំង៣នេះ គឺមានតែ សេក ចៅជូត ម្នាក់ទេ ដែលមានសមត្ថភាពគួរសម នឹងធ្លាប់បានស្មើពិន្ទុជាមួយ ម្ទេសខ្មាំង ក្នុងការប្រកួត Mas Fight ៩នាទី កាលពីថ្ងៃទី២ ខែសីហា នៅសង្វៀនថោននេះ។
ទាក់ទងទៅនឹងការប្រកួតនេះ ពេជ្រ ម្ទេសខ្មាំង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «នេះជាពេលវេលា ដែលខ្ញុំត្រូវខំប្រឹងឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ខ្ញុំមិនសូវបានហ្វឹកហាត់ ដោយជីតាខ្ញុំឈឺ បន្ទាប់មកគាត់ស្លាប់ ហើយការប្រកួតចាញ់ញឹកញាប់ បានធ្វើឲ្យខ្ញុំចង់បាក់ទឹកចិត្តតែម្តង ប៉ុន្តែសម្រាប់ការប្រកួត នៅថ្ងៃអាទិត្យនេះ ខ្ញុំធានាវ៉ៃអស់ពីសមត្ថភាព ក្នុងនោះសង្ឃឹមឈ្នះ ដើម្បីស្តាមុខមាត់ឡើងវិញ ដ្បិតអីខ្ញុំចង់សាងភាពល្បី នៅគុនខ្មែរម្តងទៀត»៕
Recent Posts
-
តើ បឺត សង្ឃឹម អាចយកឈ្នះ ប៊ុន សុធា ដើម្បីគ្រងខ្សែក្រវាត់ ជាលើកដំបូង ក្នុងអាជីព បានដែរទេ?
-
Man Utd និង Wolves ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់របស់ Juventus
-
Mourinho ចង់នាំយកអតីតកូនសិស្សខ្លួននៅ Man Utd ម្នាក់ទៅកាន់ក្លឹប Hotspur មុនទីផ្សារខែមករាបិទ
-
Barcelona ខឹងនឹងក្លឹប Paris St-Germain ជាខ្លាំងជុំវិញរឿងមួយ
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២២ ដល់ ២៤ ខែមករា ចុងសប្ដាហ៍នេះ