• លោក ឡុង ស៊ីលីន មិនរំពឹងថា កណ្តាប់ដៃ យុគ យក្សផ្លែ អាចទម្លាក់ ម៉ន សាម៉េត និង ធន់ អៀងឡៃ
    ប្រដាល់ក្នុងស្រុក 2 months ago 86 Views

    គ្រូ​បង្វឹក​វ័យ​ក្មេង​មក​ពី​ក្លិប​ប្រដាល់​បូរីរាជីហ៍មានរិទ្ធ លោក ឡុង ស៊ីលីន ហាក់​គ្មាន​ការ​ជឿជាក់​ទៅ​លើ​កណ្តាប់​ដៃ​តែ​មួយ​មុខ​របស់ យុគ យក្សផ្លែ នោះ​ទេ បើ​សិនជា​សិស្ស​របស់​លោក ចាប់​ឆ្នោត​ប៉ះ ម៉ន សាម៉េត និង ធន់ អៀងឡៃ ​សម្រាប់​ការ​ប្រកួត​​ម៉ារ៉ាតុងដណ្តើម​ប្រាក់​លាន ទម្ងន់​៥៧​គីឡូក្រាម ក្នុង​កម្ម​វិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន​ថ្ងៃអាទិត្យ​នេះ។

    លោក ឡុង ស៊ីលីន ​បាន​គិតទុក​រួច​ទៅ​ហើយ​ថា បើ​ទោះ​បីជា យុគ យក្សផ្លែ ខំ​ហ្វឹក​ហាត់​បាន​ល្អ​បែបណា ក៏​មិនអាច​គេច​ផុត​ពី​ការ​ធ្លាក់​ ដើម្បី​ឡើង​ទៅ​កាន់វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ដែរ បើ​សិនជា​រូបគេ ចាប់​ឆ្នោត​ប៉ះ ម៉ន សាម៉េត ឬ ធន់ អៀងឡៃ នៅ​វគ្គ​ជម្រុះ​៣​ទឹក​នោះ គឺ​ឱកាសរបស់ យក្សផ្លែ មាន​តែ​មួយ​គត់ គឺ​ការ​ចាប់​ឆ្នោត​ប៉ះ សេក គឹមសាន្ត ដែល​ជា​ជើងថ្មី​ជំនាន់​ក្រោយ។

    គ្រូ​បង្វឹក​របស់ យុគ យក្សផ្លែ រូបនេះ បាន​និយាយ​ថា៖​«​ការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់​លាន​លើកនេះ យក្ស​ផ្លែ​ ជួប​ឧបសគ្គ​ធំណាស់ បើរូប​គេ ចាប់​ឆ្នោត​ប៉ះ ម៉ន សាម៉េត និង ធន់ អៀងឡៃ នៅ​វគ្គ​ជម្រុះ គឺ​មាន​ភាគ​រយ​តិចណាស់ ក្នុងការ​ឈ្នះ ព្រោះ​ទាំង​ សាម៉េត និង អៀងឡៃ សុទ្ធតែ​មាន​សមត្ថ​ភាព​ល្អ និង​ធ្លាប់​ឈ្នះ យុគ យក្សផ្លែ ដូច​គ្នា»។

    លោក ​ឡុង ​ស៊ីលីន​ បាន​បន្ថែម​ថា​៖ «​​និយាយ​ដោយស្មោះ ​ខ្ញុំ​គិតថា ​ទោះ​ជា​ យក្ស​ផ្លែ​ខំហាត់​បាន​ល្អ​ ក៏​នៅតែ​មាន​ភាគ​រយ​តិច ​ដែល​អាច​យក​ឈ្នះ ​ម៉ន ​សាម៉េត​ និង ​ធន់ ​អៀង​ឡៃ​ព្រោះ​​អាវុធ​សំខាន់​របស់ ​យក្ស​ផ្លែ​ មាន​តែ​​កណ្តាប់​ដៃ ​និង​កម្លាំង ​ផ្ទុយពីនេះ សាម៉េត និង អៀងឡៃ មាន​​ជំនាញ​គ្រប់​ប្រភេទ​ ទាំង​កែង ​ជង្គង់ ​និង​កណ្តាប់​ដៃ​ ប៉ុន្តែ​បើសិន យក្ស​ផ្លែ​ មាន​សំណាង​ចាប់​ឆ្នោត​ប៉ះ​ សេក ​គឹម​សាន្ត ​គឺ​ធានា​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ជា​មិន​ខាន»។​​

    គួរ​រំឭក​ថា ក្នុង​​បេក្ខភាព​ទាំង​៤​នាក់​នេះ គឺ យុគ យក្សផ្លែ និង ធន់ អៀងឡៃ សុទ្ធ​តែ​ធ្លាប់បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ​ក្នុងការ​ប្រកួត​កន្លងមក ប៉ុន្តែ​អ្នកទាំង​២​មិនអាច​ផ្តួល​គូ​ប្រកួត​ឲ្យសន្លប់ ក្នុង​រយៈពេល​៩នាទី ដើម្បី​យក​ប្រាក់លាន ៣,៤លាន​រៀល​ដូចគ្នា គឺបាន​ត្រឹម​ស្មើ​ ដោយ​ក្នុង​នោះ យក្សផ្លែ បាន​ស្មើ​ពិន្ទុ​ ប៊ុន សុធា ហើយ អៀងឡៃ ​ស្មើ​ជាមួយ លាភ រដ្ឋា។ ចំណែក ម៉ន សាម៉េត ធ្លាប់​ចូល​រួម​ម្តងដែរ តែ​បាន​ធ្លាក់​ត្រឹម​វគ្គជម្រុះ រីឯ សេក គឹមសាន្ត បាន​ធ្លាប់បាន​ចូល​រួម​នោះ​ទេ។

    យ៉ាង​ណា​ក៏ដោយ តាមប្រវត្តិជួប​គ្នា​កន្លងមក យុគ យក្សផ្លែ ធ្លាប់​ចាញ់ ម៉ន សាម៉េត និង​​ចាញ់ ធន់ អៀងឡៃ។ ម៉ន ​សាម៉េត​ ដែល​មាន​បទពិសោធ​​ប្រកួត​ច្រើន​ជាង​គេ បាន​ប្រាប់​​ថា​៖​«​ខ្ញុំ​ធ្លាប់​ឈ្នះ​ ធន់ អៀង​ឡៃ ​ម្តង និង​​ឈ្នះ​ យុគ យក្ស​ផ្លែ​ ៤​ដង​ តែ​មិនធ្លាប់​​ជួប ​សេក ​គឹម​សាន្ត ​ទេ​ ប៉ុន្តែខ្ញុំ​​សង្ឃឹម​​ថា​ ក្នុង​ចំណោមអ្នក​​៣​នាក់នេះ គឺ​ទោះខ្ញុំ​ចាប់​ឆ្នោត​ប៉ះ​អ្នកណា ​គឺខ្ញុំ​​ធានា​ឈ្នះ​៩០​ភាគ​រយ»​។​

    ចំណែក លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក​ ​ធន់ ​អៀង​ឡៃ ​និយាយ​ថា​៖​​«​អៀងឡៃ ​ធ្លាប់​ចាញ់ ​ម៉ន សាម៉េត ​មែន ​ប៉ុន្តែ​គិត​ដល់​ពេល​នេះ​ គេមាន​កម្រិត​វិជ្ជា​គុន ​បទ​ពិសោធ​ ​និង​កម្លាំង​ ​ល្អ​ជាង​មុនច្រើន​ណាស់​ ហេតុ​នេះ​ខ្ញុំ​គិត​ថា ​ឧបសគ្គ​ក្នុង​ការ​ដណ្តើម​ប្រាក់​លាន​នេះ​ មិន​ធំ​នោះ​ទេ​ ​គឺ​​​មាន​តែ​ ម៉ន ​សាម៉េត​ ម្នាក់​គត់ ​ដែល​តឹង​តែង​ ក្នុង​ការ​យក​ឈ្នះ ​ប៉ុន្តែ​បើជួបគ្នា​ទៀត​មែន ខ្ញុំ​សង្ឃឹម​ខ្ពស់​ថា​ អៀង​ឡៃ​ ​នឹង​វ៉ៃ​ឲ្យ​បាន​ល្អ ​ដើម្បី​យក​ឈ្នះ​»​៕

  • Loading...
  • Recent Posts