• ជើងថ្មីកម្រិតB ៤នាក់ ត្រូវបានផ្តល់ឱកាសឲ្យវ៉ៃដណ្តើមប្រាក់លាន នៅ Mas Fight ជាលើកដំបូង
    ប្រដាល់ក្នុងស្រុក 6 days ago 41 Views

    ការ​ប្រកួតម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ក្នុងកម្ម​វិធី​ Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ​នេះ គឺ​មិនបាន​សម្រិតសម្រាំង​យក​កីឡាករ​ជើង​ខ្លាំង ដែល​ភាគ​ច្រើន​​ឈរ​នៅកម្រិត​A មក​ប្រកួត​ដូច១៦​សប្តាហ៍​កន្លងមក​នោះ​ទេ គឺ​លើក​នេះ អ្នក​រៀបចំ បាន​សម្រេចដាក់​កីឡាករ​ជើង​ថ្មី មាន​សមត្ថ​ភាព​កម្រិតធម្យម ក្នុងកម្រិត​B ឲ្យ​ប្រកួត​វិញ​ម្តង ក្នុងទម្ងន់​៥៧​គីឡូក្រាម។

    បេក្ខភាព​ជើងថ្មី​ទាំង​៤​រូប ដែល​នឹង​ត្រូវ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់​លាន ​ប្រចាំ​សប្តាហ៍ទី​១៧នេះ រួម​មាន ឡុង រ៉ាមី, ពុទ្ធ ម៉ាណូយ, ឃន គឹមហេង និង តុម ផេង ហើយរូម​មន្ត​នៃ​ការ​ប្រកួត​រក្សា​នៅដដែល គឺ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​ជម្រុះ​៣​ទឹក ហើយ​អ្នក​ឈ្នះ ត្រូវ​ឡើងទៅជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រកួត​៩នាទី​ពេញ តាមច្បាប់ Mas Fight ចំណែក​អ្នក​ផ្តួល​គូ​ប្រកួត​ឲ្យសន្លប់ នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក នឹង​ទទួល​បាន​ប្រាក់រង្វាន់​គោល ៣,៤​លាន​រៀល ដូច​ការ​ប្រកួត​កន្លង​មក​ដែរ។

    យ៉ាង​ណា​ក៏​ដោយ នាយក​គ្រប់​គ្រង​កម្ម​វិធី Mas Fight Cambodai លោក គឹម​ ស្រ៊ុនកុសល បាន​គិត​ទុក​ទៅ​ហើយ​ថា កីឡាករ​ជើង​ថ្មី​ខ្ចី​បទពិសោធ​ទាំង​មុន​នេះ នឹង​ប្រកួតគ្នា​ស្វិតស្វាញ មិនចាញ់​ ការ​ដាក់​ជើងខ្លាំងកម្រិត​A ឲ្យ​ប្រកួតគ្នា​នោះ​ទេ ព្រោះ​ពួក​គេ​ ស្រេក​ឃ្លាន​ខ្លាំង​ក្នុងការ​ដណ្តើមជ័យជម្នះ។

    លោក ​គឹម ស្រ៊ុន​​កុសល ​បាន​ប្រាប់​​​​ថា​៖ ​«​ការ​ប្រកួតម៉ារ៉ាតុងដណ្តើម​ប្រាក់លាន នៅសប្តាហ៍នេះ យើង​បាន​ផ្លាស់​ប្តូរ​ការ​ប្រ​កួត ខុសពី​សប្តាហ៍មុនៗ ​ដោយយើង​បាន​ជ្រើស​រើស​យកកីឡាករ​ជើងថ្មី ទម្ងន់ស្រាល ឲ្យ​ប្រកួត​គ្នា​វិញ​ម្តង ហើយ​យើង​សម្លឹង​ឃើញ​ថា ​សមត្ថភាព​របស់ពួក​គេ នឹង​មានការ​ប្រកួតគ្នា​​​ទាក់​ទាញ ព្រោះ​ពួក​គេ​​មិន​ខ្លាចវាយប្តូរ​គ្នានោះ​ឡើយ​ ហើយ​ម៉្យាង​ទៀត ​ការដាក់​ជើង​ថ្មី​ឲ្យ​ប្រកួតនេះ ព្រោះ​យើង​ចង់​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ មាន​ឱកាសវិវឌ្ឍខ្លួន ក្លាយទៅ​ជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ​»។​

    បើតាម​តាម​បទពិសោធ​ប្រកួត​នៅ​លើសង្វៀន កីឡាករ ឡុង រ៉ាមី ធ្លាប់​ប្រកួតបាន​ច្រើនជាង​គេ ហើយ​ក៏ជា​បេក្ខភាព ដែល​មាន​ភាគ​រយ​ច្រើន ក្នុងបាន​ឡើងទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ផងដែរ ដោយ​ក្នុង​នោះ ​ឡុង ​រ៉ាមី​ ធ្លាប់​ប្រ​កួត​បាន​៦១​ដង ឈ្នះ​៣៤​ ​ចាញ់​២១​ និង​​ស្មើ​៦ដង​ ប៉ុន្តែ ​តុម ​ផេង​ ទើប​ប្រ​កួត​បាន​១៣​ដង ​ឈ្នះ​១២​ និង​​ចាញ់​១​ដង។​

    ចំណែក ឃន​ គឹម​ហេង និង ពុទ្ធ ម៉ាណូយ ​មាន​បទពិសោធ​ប្រកួតប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ប្រវត្តិប្រកួត​របស់ គឹមហេង ​ល្អ​ណាស់​ គឺគេ​​ធ្លាប់ប្រកួតបាន​​៣៣​ដង ​ឈ្នះ​៣១​ និង​ចាញ់​តែ​១​ដងគត់ រីឯ ​ពុទ្ធ ម៉ាណូយ​ ប្រ​កួត​បាន​២៩​ដង ឈ្នះ​២០​ ​ចាញ់​៨​ និង​​ស្មើ​១​ដង ហើយ​កីឡាករ​ម្នាក់នេះ ក៏មាន​សមត្ថ​ភាព​ប្រកួត​ល្អ​ផងដែរ និងទើបតែ​ទទួល​បាន​លេខ​២ ក្នុងការ​ប្រកួតដណ្តើម​ជើង​ឯក​ប្រាក់លាន នៅ​សង្វៀន PNN កាលពី​ថ្ងៃទី​១២ ខែកក្កដា ក្រោយចាញ់ពិន្ទុ អេលីត កែវឡុង នៅវគ្គ​ផ្តាច់ព្រ័ត្រ៕

  • Loading...
  • Recent Posts