• រឿម វណ្ណៈ ៖ ចាប់ពីថ្ងៃនេះទៅ គ្មាននរណាអាចវាយខ្ញុំ ឲ្យសន្លប់ទៀតទេ
    ប្រដាល់ក្នុងស្រុក 1 week ago 48 Views

    អ្នកប្រដាល់​ជំនាញ​ប្រើកែង រឿម វណ្ណៈ ​បានអះអាងបែប​អំនួត​លើខ្លួនឯង​​ថា ចាប់​ពី​ពេលនេះ​ទៅ រូប​គេ នឹងលេងសន្លប់​ ដូច​មុន​ទៀត​ហើយ គឺ​បើ​វាយ​ត្រូវ ត្រឹម​អាជ្ញាកណ្តាល​រាប់ អាច​ក្រោក​ឈរ​វិញ​បាន មិន​សន្លប់​ភ្លឹង​ទេនោះ  រឿម វណ្ណៈ បាន​សន្យាថា រូបគេ នឹងងើប​ឡើង ហើយ​​ខំ​ប្រឹង​ប្រកួតរហូត​ចប់ទឹក មិន​ឲ្យរង​ភាព​អាម៉ាស​ តាម​រយៈការ​សន្លប់​ដោយងាយៗ​ ដូច​មុននោះ​ទេ។

    រឿម វណ្ណៈ បាន​និយាយ​ថា៖​«ការប្រកួតកន្លងមក​នេះ ខ្ញុំ​វាយ​ធ្លាក់ ចាញ់​គេ​ច្រើន​ពេក ហើយ​គិតៗ​ពិបាក​ចិត្ត ក៏​ខំ​ប្រឹង​ហ្វឹកហាត់ធ្វើ​​ឲ្យ​ខ្លួន​ឯង រឹងមាំ​ឡើងដូច​ដើម​វិញ ហើយចាប់​ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​ឈប់​សន្លប់ទៀត​ហើយ។ ចាប់​ពី​ថ្ងៃ​នេះ​ទៅ គ្មាន​នរណា​វាយ​ឲ្យខ្ញុំ​សន្លប់​ទៀតទេ តែ​បើ​ខ្ញុំ​វាយ​គេ​ឲ្យ​សន្លប់ អាហ្នឹងមាន»។

    ការ​អះអាង​ពីការ​កែ​ប្រែ​ខ្លួន​ជាថ្មី​របស់ រឿម វណ្ណៈ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រូបគេ បាន​​ប្រកួត​ដណ្តើមប្រាក់លាន ទម្ងន់​៦០​គីឡូក្រាម នៃកម្ម​វិធី Mas Fight ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ ដោយ​ក្នុង​ការ​ប្រកួតនោះ រឿម វណ្ណៈ បាន​ឈ្នះ មាស សារ៉ាក់  ក្នុង​វគ្គជម្រុះ​៣ទឹក និងបានស្មើ​គ្នា​ជាមួយ អេលីត សាន់ នៅវគ្គ​ផ្តាច់​ព្រ័ត្រ ធ្វើ​ឲ្យពួកគេ ចែក​ប្រាក់រង្វាន់ជា​២ ដោយម្នាក់ៗទទួលបាន​២លាន​រៀលដូច​គ្នា។

    រឿម វណ្ណៈ បាន​បន្ថែម​ថា៖​ «បើ​គេវាយ​ត្រូវខ្លាំង​ សន្លប់​ភ្លឹង​តែ​ម្តង អាហ្នឹង​អាច​មាន តែ​បើ​វាយ​ត្រូវត្រឹម​រាប់ អាច​ងើបវិញ​​បាន គឺខ្ញុំ​​​នឹង​ស៊ូ​ឲ្យដល់ទឹក ព្រោះ​​កន្លះ​ខែ​មកនេះ ខ្ញុំ​ហ្វឹក​ហាត់ខ្លាំង​មែនទែន គឺ​ហាត់ព្រឹក-ល្ងាចៗ​ជាប់រហូត ហើយការ​ខំ​ប្រឹងនេះ ដោយសារមាន​ម៉ាក់ និងលោក​គ្រូ ឡុង សុវណ្ណឌឿន បាន​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ គឺ​គាត់​ប្រាប់​​ក្បាច់ និងបច្ចេក​ទេស​ដល់​ខ្ញុំ ដោយគាត់​ឲ្យខ្ញុំ​ប្រឹងកែប្រែ​ខ្លួន ហើយ​ខ្ញុំ​ចេះ​តែ​ខំ​ប្រឹង​ធ្វើតាមគាត់ ទើប​បាន​ប៉ុណ្ណឹង»។

    យ៉ាង​ណា​ក៏ដោយ រឿម វណ្ណៈ បាន​សារភាព​ថា មុននឹង​ឈាន​មក​ដល់​ការ​កែ​ប្រែ​ខ្លួនឡើង​វិញ​នេះ គឺ​រូបគេ​ធ្លាប់​បាន​បាក់ទឹក​ចិត្តខ្លាំង រហូតគិត​អ្វីមិនឃើញ។ វណ្ណៈ បាន​បញ្ជាក់ថា៖​ «ការប្រកួតចាញ់​៥ទៅ​៦​ប្រកួត​ជាប់​គ្នា កន្លង​មក​នេះ បាន​ធ្វើ​ឲ្យបាក់​ទឹក​ចិត្តឈឹ​ងតែ​ម្តង ប៉ុន្តែ​លោក​គ្រូ ឡុង សុវណ្ណឌឿន បាន​ណែនាំ​ខ្ញុំ ធ្វើ​ឲ្យមាន​ទឹក​ចិត្តឡើងវិញ ហេតុនេះ ខ្ញុំ​សន្យា​ថា ចាប់ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំលែងសន្លប់​ដោយងាយៗ​ទៀតហើយ គឺ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំត្រូវ​ស៊ូ​ឲ្យបានខ្លាំង»។

    ជាមួយ​គ្នា​នេះ អេលីត សាន់ ក៏បាន​មើលឃើញ​ថា រឿម វណ្ណៈ មាន​សមត្ថ​ភាព​កើន​ឡើង​វិញ​ផងដែរ។ សាន់ បាន​និយាយ​ថា៖ ​«​សមត្ថ​ភាពរបស់គាត់ ពេល​នេះ រាង​ឡើង​ជាង​មុនមួយកម្រិត​ដែរ ព្រោះ​កាល​ពី​មុន គាត់​ឆាប់​អស់ តែ​ឥឡូវគាត់រាងរឹងមាំ​ ទាំងចូល​​ចាប់ និង​វាយ​ក្បាច់ ហើយ​ក្បាច់​គាត់ឡើង ដោយសារ​គាត់មាន​កម្លាំង​សុហ្វ ព្រោះ​កីឡាករ​​បើ​មាន​សុហ្វ គឺ​ក្បាច់មានរហូត តែ​បើ​អត់សុហ្វ​ហើយ រក​ក្បាច់​វាយអត់មាន​ទេ»៕

  • Loading...
  • Recent Posts