• ក្រសួង បើកឲ្យមានសកម្មភាពហាត់ប្រាណ និងលេងកីឡា នៅតាមទីសាធារណៈ ឡើងវិញ
    កីឡាផ្សេងៗ 1 week ago 51 Views

    ភ្នំពេញ៖ រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅ​ថ្ងៃ​អង្គារ​នេះ បានចេញសេចក្តី​ជូន​ដំណឹង ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវសកម្ម​ភាព​ហាត់​ប្រាណ និងលេង​កីឡា តាមទីធ្លា​សាធារណៈ នៅតាម​រាជធានី ខេត្ត និងក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

    ការ​បើក​ឲ្យមាន​សកម្ម​ភាព​ហាត់ប្រាណ និងលេងកីឡា តាម​ទី​ធ្លាសារណៈ​នេះ ​ត្រូវបាន​ក្រសួងអប់រំ យុវជន និង​កីឡា បញ្ជាក់នៅ​ក្នុងសេចក្តីជូនដំណឹង​នេះ​ថា ដោយ​សារ​សព្វ​ថ្ងៃនេះ ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ល្អ​ប្រសើរ និងអាច​គ្រប់គ្រងបាន បើ​ទោះបីជា ករណី​នាំ​ចូល​នៃ​ជំងឺ​កូវីដ​១៩ មក​កាន់ប្រទេស​កម្ពុជា មាន​ចំនួន​កើន​ឡើងគួរ​ឲ្យកត់​សម្គាល់ នា​ពេលច្ចុប្បន្ន​នេះក្តី។

    «ដោយសារ​បច្ចុប្បន្ន​នេះ ការ​ទប់​ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​ល្អប្រសើរ និង​អាច​គ្រប់​គ្រង​បាន និង​ដើម្បី​លើក​កម្ពស់​ការ​ថែទាំ​សុខ​ភាព ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ តាម​រយៈ​ការ​ហាត់​ប្រាណ និង​ការ​លេង​កីឡា ក្រសួង​អប់រំ យុវជន និង កីឡា ទទួល​បាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ដើម្បី​ដំណើរ​ការ​ឡើង​វិញ នូវ​សកម្ម​ភាព​ហាត់​ប្រាណ និង​ការ​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅ​តាម​រាជ​ធានី ខេត្ត និង​ក្នុង​បវិវេណ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ លើក​លែង​តែ​សកម្មភាព​ហាត់​ប្រាណ​តាម​ក្លឹប​កីឡា ដែល​ប្រើ​ប្រាស់​សម្ភារៈ​រួម​គ្នា»។

    យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នេះ ក្រសួង ស្នើ​ឲ្យ​ទី​កន្លែង​ហាត់ប្រាណ និងលេងកីឡា​ទាំង​អស់ ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខ​ភាព​របស់​ក្រសួង​សុខា​ភិបាល និងអង្គការ​សុខភាព​ពិភព​លោក​ ចំនួន​៤​ចំណុច ដែលបាន​កំណត់​នៅក្នុងសេចក្តីជូនដំណឹងនេះ ឲ្យ​បាន​ត្រឹម​ត្រូវ និង​ម៉ឺង​ម៉ាត់​បំផុត៕

  • Loading...
  • Recent Posts