• លាភ រដ្ឋា ៖ តាំងពីចេះប្រកួតមក ខ្ញុំមិនដែលបានជួបអ្នកណាស៊ូខ្លាំង ដូច សៅ ប៊ុនធឿន
    ប្រដាល់ក្នុងស្រុក 3 months ago 102 Views

    អ្នក​លេងកណ្តាប់​ដៃមក​ពី​ជាយ​ដែនខេត្តបន្ទាយ​មាន​ជ័យ លាភ រដ្ឋា បាន​ចាត់ទុក​សៅ ប៊ុនធឿន ជា​កីឡាករ មាន​ភាព​រឹងមាំ និង​ស៊ូ​ខ្លាំង​បំផុត ដែល​រូបគេ​មិនធ្លាប់បាន​ជួបពី​មុន​មក​នោះ​ទេ បើទោះ​បីជា ប៊ុនធឿន បាន​សុំ​ចុះចាញ់ ​ក្រោម​កណ្តាប់​ដៃ និងផ្លែ​កែង​របស់​គេ ក៏​ដោយ។

    សិស្សគណ​ក្លិប​ដី​ឡូតិ៍មាន​រិទ្ធិ​ខេត្តបន្ទាយ​មានជ័យ លាភ រដ្ឋា បាន​និយាយ​ក្រោយការ​ប្រកួត Mas Fight Cambbodia នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ​ថា៖​«តាំង​ពី​ចេះ​ប្រកួតមក ខ្ញុំ​មិនដែលបាន​ជួប​អ្នកណាស៊ូ​ខ្លាំង​ដូច សៅ ប៊ុនធឿន នោះ​ទេ គឺខ្ញុំ​ឃើញថា ​គាត់​ម្នាក់ហ្នឹង ស៊ូ​មែន​ទែន ព្រោះ​​តាំង​ពី​វាយ​មក ខ្ញុំ​មិន​ដែល​វាយ​នរណា​ត្រូវ​ច្រើនបែបនេះនោះ​ទេ»។

    សម្រាប់ការ​ប្រកួត​ចំនួន​៩នាទីពេញ គ្មាន​ឈប់ តាម​ច្បាប់ Mas Fight កាល​ពី​ថ្ងៃ​អាទិត្យ​នោះ សៅ ប៊ុនធឿន ដែល​ឡើង​ប្រកួត​ជំនួស ធន់ អៀនឡៃ ព្រោះ​មាន​ជំងឺ​នោះ បានព្យាយាម​ប្តូរកណ្តាប់​ដៃជាមួយ លាភ រដ្ឋា យ៉ាង​រន្ធើន ប៉ុន្តែ​ការវាយ​ចេញ​របស់គេ ត្រូវបាន រដ្ឋា គេច​ផុត​ភាគច្រើន ផ្ទុយ​ទៅ​វិញ​ កណ្តាប់​ដៃ​​វាយ​សង​របស់ លាភ រដ្ឋា បាន​ចូល​ផ្ទៃ​មុខ សៅ ប៊ុនធឿន ពេញៗ។

    សៅ ប៊ុនធឿន បានបង្ហាញ​ភាពវង្វេង​វង្វន់​ក្រោមកណ្តាប់ដៃ លាភ រដ្ឋា តាំងពី​នាទីទី​៤ ប៉ុន្តែ​រូបគេ មិន​ព្រម​ចុះ​ចាញ់​នោះ​ទេ គឺ​នៅ​តែ​ក្រាញ​ននៀល ស៊ូ​រង​កណ្តាប់ដៃ​របស់ លាភ រដ្ឋា វាយ​ចូល​រាប់​មិនអស់។ យ៉ាង​ណា​ក៏​ដោយ នៅក្នុង​នាទីទី​៧ កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​របស់ លាភ រដ្ឋា បាន​ធ្វើ​ឲ្យ សៅ ប៊ុនធឿន វង្វេង​កាន់តែ​ខ្លាំង ហើយឃើញស្ថាន​ភាព​បែបនេះ រដ្ឋា បាន​ម៉ាត់ថែម​ផ្ទួនៗ រួច​បន្ថែម​ដោយកែងស្តាំ បណ្តាល​ឲ្យ សៅ ប៊ុនធឿន ងើប​មុខ​លែងរួច និងអស់​លទ្ធ​ភាពតដៃ។

    ឃើញ​ស្ថានភាពបែបនេះ លោកអាជ្ញាកណ្តាល បឺត សំខាន់ បាន​ចាប់​សួរ តែ សៅ ប៊ុនធឿន បាន​បដិសេធ​​ប្រកួត​បន្ត នាំ​ឲ្យ លាភ រដ្ឋា បាន​យក​ឈ្នះ​ ដោយការ​ផ្តួល​គូ​ប្រកួត​ឲ្យសន្លប់ ហើយ​ជ័យជម្នះនេះ បាន​ជួយ​ឲ្យ​រូបគេ ទទួល​​បាន​ប្រាក់រង្វាន់បន្ថែម​ចំនួន​១,៦​លាន​រៀល បន្ថែម​ទៅ​លើ​ប្រាក់រង្វាន់។

    នេះ​ជា​លើក​ទី​២​ហើយ ដែល លាភ រដ្ឋា ទទួល​បាន​ប្រាក់រង្វាន់ ព្រោះ​ការ​បង្ហាញ​លើក​ទី​១ នៅ​សង្វៀនថោន​នេះ លាភ រដ្ឋា បាន​ស្មើ​ពិន្ទុ​ជាមួយ ធន់ អៀនឡៃ នៅ​ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ដណ្តើម​ប្រាក់លាន ធ្វើ​ឲ្យអ្នក​ទាំង​២ បាន​ចែក​ប្រាក់រង្វាន់​ជា​២​ស្មើ​គ្នា​ គឺ​ម្នាក់​បាន​១,៦​លាន​រៀល។

    លាភ រដ្ឋា បាន​​បញ្ជាក់​​ថា៖​«តាំង​ពី​ខ្ញុំ​បាន​វាយ នៅ Mas Fight ម្តង​មក គឺ​ខ្ញុំ​បានតាំង​ចិត្ត​ហ្វឹក​ហាត់​ខ្លាំង សម្រាប់​ការ​មក​ប្រកួត​លើក​នេះ។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សូមសរសេរ​គាត់ (សៅ ប៊ុនធឿន) មែន​ទែន ព្រោះ​តាមធម្ម​តា ខ្ញុំ​មិនដែលវាយ​ត្រូវ​គេច្រើន​អ៊ីចឹង​ទេ ព្រោះ​ថា វាយ​ត្រូវល្មមៗ​អី អ្នកខ្លះ​ងាយ​សន្លប់លឿន​ជាង​ហ្នឹង តែ​គាត់​ស៊ូ​ខ្លាំងមែនទែន គឺ​គាត់ប្រកួត​អស់​ពីសមត្ថ​ភាព​របស់​គាត់ពិតៗ​មែន»៕

  • Loading...
  • Recent Posts