• សហព័ន្ធទោចក្រយាន នឹងបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែង នៅបារាំង ដើម្បីត្រៀមស៊ីហ្គេម
    កីឡាផ្សេងៗ 2 weeks ago 40 Views

    សហព័ន្ធ​ខ្មែរកីឡា​ទោច​ក្រយាន គ្រោងនឹងបញ្ចូន​អត្ត​ពលិក​ឆ្នើមជម្រើសជាតិរបស់​ខ្លួន​ចំនួន​៣​នាក់ ឲ្យ​ទៅហ្វឹក​ហាត់រយៈពេល​វែង នៅ​ប្រទេស​បារាំង ដើម្បី​ពង្រឹង​ទាំង​បច្ចេក​ទេស សមត្ថ​ភាព ត្រៀម​ការ​ប្រកួត​​ទាំង​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ត្រូវ​ធ្វើ​នៅ​ប្រទេស​កម្ពុជា។

    បើតាមខ្លឹម​សារ ដែល​ត្រូវ​បាន​បង្ហោះលើ​ផេចហ្វេសប៊ុក​របស់សហព័ន្ធខ្មែរ​កីឡា​ទោច​ក្រយាន ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​ឲ្យ​ដឹង​ថា ការ​គ្រោង​បញ្ចូន​អត្តពលិក​​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​បារាំង​នេះ គឺ​ត្រូវបាន​ធ្វើ​ឡើង ក្រោម​កិច្ចសហការ​រវាង​សហ​ព័ន្ធខ្មែរ​កីឡា​ទោចក្រ​យាន និង​សមាគម​ប្រណាំង​កីឡា​ទោច​ក្រកម្ពុជា នៅ​ប្រទេស​បារាំង (Cambodia Cycling Academy)។

    សហព័ន្ធខ្មែរ​កីឡាទោចក្រយាន បាន​ឲ្យ​ដឹង​ថា៖​«សហព័ន្ធ​គ្រោង​រៀបចំ​បញ្ជូន​កីឡាករ​ជម្រើស​ជាតិ​ឈុត​ធំ ចំនួន​៣​នាក់ ដើម្បី​ទៅ​ចូល​រួម​ការ​ហ្វឹក​ហាត់​រយៈ​ពេល​វែង ចំនួន​៣ខែ នៅ​ប្រទេស​បារាំង ហើយ​​សមាគម​កីឡា​ទោចក្រ​យាន ​នៅ​ប្រទេស​បារាំង ជា​អ្នក​រ៉ាប់រង​លិខិត​ស្នាម​នានា ការ​ស្នាក់​នៅ ហូបចុក និង​សំបុត្រ​យន្ត​ហោះ ​ធ្វើ​ដំណើរ​ទៅ​មក ជូន​ក្រុម​កីឡាករ​កម្ពុជា​យើង»។

    តាមការ​ប្រកាសដដែល​នេះ បាន​​បញ្ជាក់​​ថា៖​ «ក្រុម​កីឡាករ ទាំង​៣​នាក់​នេះ និង​ហ្វឹក​ហាត់​ជាមួយ​ក្រុម​កីឡាករ​បរទេស និង​គ្រូបង្វឹក​ជាជន​ជាតិ​បារាំង ដើម្បី​បង្កើន​សមត្ថ​ភាព បទ​ពិសោធ និង​ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រកួត​ជា​អន្តរ​ជាតិ​នា​នា ជា​ពិសេស​ត្រៀម​ចូល​រួម​ប្រកួត​ស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ»។

    សម្រាប់​អត្តពលិកទាំង​៣​នាក់ ដែលនឹង​ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំងនេះ រួមមាន​កីឡាករ យឿន ភីយុទ្ធ កីឡាករ ហួត លយរស្មី និង​កីឡាករ គឹម ចាន់​ធូ ដោយ​ពួកគេ​គ្រោងនឹងចេញ​ទៅ នៅ​ក្នុងខែកញ្ញា​ខាង​មុខ​នេះ ហើយ​អ្នក​ទាំង​៣​នេះ​បាន​ឆ្លង​កាត់ការ​សម្ភាស និង​រៀបចំ​គ្រប់​ឯកសាររួចរាល់ហើយ សម្រាប់​ការ​ចេញ​ទៅ​ហ្វឹក​ហាត់រយៈពេល​៣​ខែ នៅ​ប្រទេស​បារាំង​លើក​នេះ៕

  • Loading...
  • Recent Posts