• ថ្នាក់ដឹកនាំក្រសួងអប់រំ ជំរុញឲ្យសហព័ន្ធកីឡាជាតិ ចំណាយលុយរដ្ឋឲ្យចំគោលដៅ
    កីឡាផ្សេងៗ 2 weeks ago 11 Views

    ថ្នាក់​ដឹកនាំ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​ធ្វើការ​អំពាវនាវ និងជំរុញ​ឲ្យសហព័ន្ធ​កីឡាជាតិ ចំនួន​៤២ ដែលទទួល​បានការ​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​ ពី​ក្រសួងអប់រំ​ គឺ​ត្រូវ​ចំណាយ​ថវិកា​រដ្ឋ​ទាំង​នោះ ឲ្យ​ចំគោលដៅ ឬត្រូវ​ខ្ទង់ នៃ​ការ​អភិវឌ្ឍ​វិស័យ​កីឡា នៅតាមសហព័ន្ធ​នីមួយៗ ដែល​បានកំណត់។

    លោក ស សុខា ​បាន​ថ្លែង ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​របាយការណ៍ ស្តីពី​អនុវិស័យអប់រំកាយ និងកីឡា នៅ​សាល​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា កាល​ពី​ថ្ងៃចន្ទ​ថា​៖​«សូម​​ឲ្យ​នាយកដ្ឋាន​ជំនាញ​ ក្រោម​ឱវាទ​ក្រសួង​អប់រំ ផ្តល់​ដំណឹង​ជូន​​ដល់​សហព័ន្ធ​កីឡា​ជាតិនានា ស្តីពីការស្នើសុំថវិកាគាំទ្រ ក៏ដូចជាបញ្ហាផ្សេងៗ ក្នង​ស្ថាន​ភាព​ជំងឺ​កូវីដ១៩នេះ គឺ​ធ្វើយ៉ាងណា ឲ្យមានតម្លាភាពគ្រប់សហព័ន្ធ ហើយ​នាយក​ដ្ឋាន​ ក្រោម​ឱវាទ ត្រូវត្រួត​ពិនិត្យ​មើល លើការ​ចំណាយថវិកាជាតិ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​កីឡា​របស់​ខ្លួន កុំឲ្យ​ចំណាយ​ខុស​ខ្ទង់»។

    ជាមួយ​គ្នា​នោះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា លោក ​ស ​សុខា ​ក៏បាន​អំ​ពាវ​នាវ​ឲ្យ​សហព័ន្ធ​កីឡាជាតិ​ ដែល​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ក្រសួងអប់រំ ​ត្រូវ​បង្កើត​គណនី​ធនាគារ​របស់​សហព័ន្ធ​ផ្ទាល់​ គឺ​មិន​ត្រូវ​បង្កើត​គណនី​ខ្លួន​ឯង​នោះ​ឡើយ​។

    កូន​ប្រុស​របស់​លោកឧបនាយក​រដ្ឋមន្រ្តី ស ខេង រូបនេះ​បាន​បញ្ជាក់​ថា៖​«សហព័ន្ធ​កីឡាជាតិ ត្រូវ​បង្កើត​គណនី​ធនាគារ​របស់​សហព័ន្ធ​ផ្ទាល់​ ​ព្រោះ​ក្រសួង​ មិន​បាន​ឧបត្ថម្ភ​បុគ្គល​ឡើយ​ ហេតុ​នេះ​​បើសិន​ជា​ប្រធាន​សហព័ន្ធ​ណា​មួយ បង្កើត​​គណនី​ធនាគារ​របស់ខ្លួន​ផ្ទាល់​ គឺ​នាយក​ដ្ឋាន​ មិន​អនុញ្ញាតិ​ផ្តល់​ជូននោះ​​ទេ»​។

    គួរ​បញ្ជាក់​ថា នៅ​ក្នុងចំណោមសហព័ន្ធ​កីឡាជាតិទាំង​៤២ ដែល​ទទួល​បាន​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​ពី​ក្រសួងអប់រំ  គឺ​ត្រូវ​បាន​ចែក​ជា​៣​ប្រកួត ក្នុងនោះ ​​សហព័ន្ធ​កីឡាជាតិ​ប្រភេទ​ទី​១ ​មាន​​១០ ​ដោយ​ក្នុង​មួយ​សហព័ន្ធ​ ​ទទួល​បាន​​១០០​លាន​រៀល​ ឯ​​សហព័ន្ធ ប្រភេទ​ទី​២ មាន​​៩ ​ទទួល​បាន​​៨០លាន​រៀល ​និង​សហព័ន្ធ​ ប្រភេទទី​៣ ​មាន​​២៣​ ដោយ​ទទួល​បាន​៦០​លាន​រៀល ក្នុង​មួយ​ឆ្នាំ​ដូច​គ្នា​​។

    ចំពោះ​ការ​ចំណាយ​វិញ ត្រូវ​ប្រតិបត្តិការ​ទៅ​តាម​គោលការណ៍ ដែល​ស្ថានប័នជំនាញ​នៃ​ក្រសួងអប់រំ បាន​កំណត់​ឲ្យ ក្នុង​នោះ​ចំណាយ​ទៅ​លើ​វគ្គ​បណ្តុះ​បណ្តាល​ចំនួន​៣៥​ភាគរយ​ ​ចំណាយ​​លើ​ការ​ប្រ​កួត​ចំនួន​៤៥​ភាគ​រយ​ និង​ចំណាយ​ទៅ​លើ​រដ្ឋបាល​ចំនួន​២០​ភាគ​រយ​៕

  • Loading...
  • Recent Posts