• ឡុង សុភី ថា វង្ស វិឆ័យ មានភាពស៊ូខ្លាំងជាងកីឡាករណាៗទាំងអស់
    ប្រដាល់ក្នុងស្រុក 2 weeks ago 11 Views

    អ្នក​ប្រ​ដាល់​ជើង​ខ្លាំង​ចាស់វស្សា ​ឡុង ​សុភី​ បានកោតសរសើរ និងបានចាត់ទុក​​ជើងខ្លាំង​ជំនាន់ក្រោយ វង្ស វិឆ័យ​ ថា ជា​កីឡាករ ​មាន​ភាពស៊ូខ្លាំង​ជាង​កីឡាករ​ណាៗទាំង​អស់ ដែល​រូប​គេ​ធ្លាប់បាន​ជួប​ប្រទះ និង​ប្រកួតជាមួយ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ។

    ម្ចាស់ខ្សែ​ក្រវាត់​៨​ស្ថាប័ន ដែល​ធ្លាប់​បាន​ប្រកួត​បាន​ចំនួន​១៤០​ដង ​ឈ្នះ​១០៣ ​ចាញ់​៣១​ ​ស្មើ​៦​ដង ​​ហើយបាន​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​​៤៧​ដង ឡុង សុភី បាន​និយាយ​ថា៖​«ខ្ញុំសូម​សរសើរ វង្ស វិឆ័យ ដែល​មាន​ភាពស៊ូ​ ព្រោះ​ខ្ញុំ​បាន​ទាត់ជើង​គាត់ពេញៗ ម៉ាត់​ចូលពេញៗ តែគាត់ស្រុតតែ​មួយភ្លេត រួចក៏​ឡើង​វិញ គឺ​គាត់ស៊ូ​ខ្លាំងណាស់»។

    ការ​លើកឡើង​របស់ ឡុង សុភី ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រូប​គេ​បានស្មើ​ពិន្ទុជាមួយ វង្ស វិឆ័យ តាម​ច្បាប់ Mas Fight ក្នុងការ​ប្រកួតផ្តាច់ព្រ័ត្រ​ដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀនថោន កាលពីថ្ងៃអាទិត្យ ព្រោះ​សម្រាប់ការ​ប្រកួត៩នាទី គ្មាន​ឈប់​នេះ អ្នក​ផ្តួលគូ​ប្រកួត​ឲ្យសន្លប់ ទើប​អាច​ក្លាយជា​ម្ចាស់ប្រាក់លាន តែ​បើ​គ្មាន​អ្នក​សន្លប់ ត្រូវកំណត់ថា ស្មើ​គ្នា។

    តាមរយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ ឡុង សុភី ដែលបាន​យក​ឈ្នះ​ពិន្ទុ ធឿន ធារ៉ា ទាំង​មិនសូវទំនង ក្នុងវគ្គ​ជម្រុះ​៣ទឹក​នោះ ត្រូវបាន វង្ស វិឆ័យ ម៉ាត់​ឲ្យ​ដួល​ចំនួន​២ដង ប៉ុន្តែ សុភី ក៏បាន​ទាត់ ម៉ាត់ និងវាយកែង ធ្វើ​ឲ្យ វិឆ័យ ធ្លាក់​កម្លាំងចុះ​ដូច​គ្នា មុនពេលអ្នកទាំង​២ ត្រូវបាន​ប្រកាស​ឲ្យស្មើពិន្ទុ​គ្នា និងចែក​ប្រាក់រង្វាន់​ជា​២ ដោយម្នាក់ទទួល​បាន ២,៤លាន​រៀល ខណៈប្រាក់រង្វាន់​សរុបសម្រាប់អ្នកផ្តួលគូ​ប្រកួត​ឲ្យសន្លប់ នៅសប្តាហ៍នេះ មានរហូត​ដល់ ៥,៦​លាន​រៀលឯណោះ។

    អ្នក​លេង​ស្នៀត​ជង្គង់ ឡុង សុភី បាន​បន្ថែម​ថា៖​ «សម្រាប់កីឡាករ​ទាំង​អស់ ដែល​ខ្ញុំ​ធ្លាប់បាន​ជួប គឺ វង្ស វិឆ័យ មាន​ភាពស៊ូខ្លាំងជាង​គេ ព្រោះ​កីឡាករ​ល្មមៗ ពេលគេ​វាយ​ចូល​តែ​បន្តិច គឺ​បុក​ជង្គង់​ចូល​ប៉័ង ម៉ាត់​ចូល​ប៉័ង និង​បុកថែម​ជង្គង់​ចូលប៉័ង ទៅ​បាត់​ហើយ ប៉ុន្តែ វង្ស វិឆ័យ ខ្ញុំ​ទាត់​ចូល​ពេញ ម៉ាត់​ចូលពេញ និងបត់​កែង​ចូលពេញ ​នៅតែស៊ូ​បាន គឺ​ខ្ញុំវាយ​ឡើង​ហើម​កែង​ខ្លួន​ឯង​ទៅ​ហើយ តែ​អត់​បែក​ទៀត»។

     

  • Loading...
  • Recent Posts