• ជើងខ្លាំងទម្ងន់ធ្ងន់ប្រចាំនៅកម្ពុជា ត្រូវប៉ះគ្នា តែម្នាក់ៗសុទ្ធតែខ្លាចភ្លាត់ស្នៀត ក្រោមកណ្តាប់ដៃ ថៃ រិទ្ធី
    ប្រដាល់ក្នុងស្រុក 3 weeks ago 7 Views

    អ្នក​ប្រដាល់​ជើងខ្លាំង​ទម្ងន់​ធ្ងន់ ប្រចាំ​នៅ​កម្ពុជាមាន ឡុង សុភី (នី សុភី) ធឿន ធារ៉ា, វង្ស វិឆ័យ និង ថៃ រិទ្ធី នឹងត្រូវ​​ប្រឈម​មុខដាក់គ្នា ក្នុង​ប្រកួតម៉ារ៉ាតុងដណ្តើម​ប្រាក់លាន ទម្ងន់​៧១គីឡូក្រាម នៃកម្ម​វិធី Mas Fight Cambodia នៅ​លើ​​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យនេះ ដើម្បី​រក​ម្ចាស់​ជើង​ឯក ត្រូវ​ទទួល​បាន​ប្រាក់រង្វាន់ ៣,៤​លាន​រៀល ប្រចាំ​សប្តាហ៍​ទី​១៥នេះ។

    បើទោះបីជា អ្នកត្រូវ​ប៉ះ​គ្នា នៅ​វគ្គ​ជម្រុះ​៣​ទឹក នៅមិនទាន់បាន​ដឹង ដោយសារ​រង់ចាំ​ការ​ចាប់​ឆ្នោត នៅ​មុន​ការ​ប្រកួតចាប់​ផ្តើម រួច​ទើប​យក​អ្នក​ឈ្នះ ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ តាមច្បាប់ Mas Fight គឺ​ប្រកួតគ្នា​៩នាទី គ្មាន​ឈប់ រហូតមាន​អ្នក​សន្លប់ ប៉ុន្តែ​​ទាំង ឡុង សុភី, ធឿន ធារ៉ា និងភាគី វង្ស វិឆ័យ សុទ្ធតែ​ខ្លាច​សន្លប់ ដោយ​ការ​ភ្លាត់​ស្នៀត ក្រោម​កណ្តាប់​ដៃ ថៃ រិទ្ធី បើ​ទោះបីជា រិទ្ធី មាន​បទពិសោធ​ប្រកួត​តិចជាង​គេ​ក៏​ដោយ។

    អតីតកីឡាករ​ជើង​ខ្លាំង ​ឡៅ​ ស៊ី​ណាត​ ជាគ្រូ​ជំនួយ​ ​វង្ស ​វិឆ័យ ​បានប្រាប់​ថា​៖ « វង្ស វិឆ័យ​ ទោះ​ចាប់ឆ្នោត​ជួប​អ្នកណា​ក៏លំបាក​ឈ្នះ​ គឺសុទ្ធតែ​​ជា​ជួប​ឧបសគ្គ​ធំ​ដូចគ្នា ​ជាពិសេស​ជួប ថៃ រិទ្ធី ​វិឆ័យ ធ្លាប់​សន្លប់​ក្រោម​កណ្តាប់ដៃ ថៃ រិទ្ធី ចំនួន​៣លើក​មក​ហើយ។ បន្ថែម​លើ​នេះ វិឆ័យ ក៏​​ធ្លាប់​ចាញ់​ ធឿន​ ធារ៉ា​ និង​ធ្លាប់​ឈ្នះ​ ឡុង ​សុភី ​ម្តង ​និងចាញ់​២​ដង​ អ៊ីចឹង​​ខ្ញុំ​មិន​ហ៊ាន​រំពឹង​ឈ្នះ​ច្រើន​ទេ»។​

    ចំណែក​ ឡុង​ សុភី​ និង ​ធឿន ​ធារ៉ា​ ហាក់មិន​បារម្ភ​ថា ត្រូវចាប់​ឆ្នោត​ប៉ះ​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​អ្នកទាំង​២នេះ បាន​បង្ហើប​ថា ​ ថៃ រិទ្ធី មាន​កណ្តាប់​ដៃ​ធ្ងន់​ ដែល​ពិបាក​នឹង​ទប់​ទល់ ព្រោះមានការ​​បារម្ភ​ខ្លាច​ភ្លាត់​ស្នៀត​ចូល​កណ្តាប់​ដៃ នាំ​ឲ្យមាន​បញ្ហា​បាន។

    យ៉ាង​ណា​ក៏ដោយ តាម​ប្រវត្តិ​ប្រកួត​របស់​អ្នកទាំង​៤​នេះ គឺ ថៃ រិទ្ធី មាន​បទពិសោធ​ប្រកួតតិចជាងគេ គឺ​គេ​ធ្លាប់ប្រកួត​ត្រឹម​៤៧ដង ​ឈ្នះ​៣៥​ ​ចាញ់​១១ ​ស្មើ​១ ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​១៥​ដង​។ ផ្ទុយពីនេះ ឡុង សុភី ធ្លាប់​​ប្រ​កួត​បានដល់​១៤០​ដង ​ឈ្នះ​១០៣​លើក​ចាញ់​៣១​ និងស្មើ​៦ដង​ ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៤៧​ដង ​ហើយ​ក៏​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន​៨ស្ថាប័ន​ផងដែរ​៕

  • Loading...
  • Recent Posts