• ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ អាចនឹងពិបាករកម្ចាស់ជើងឯក
    ប្រដាល់ 4 weeks ago 6 Views

    ការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន ទម្ងន់​៥៧គីឡូក្រាម នៃ​កម្ម​វិធី Mas Fight Cambodia នៅ​លើ​សង្វៀនថោន នា​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​គេ​មើល​ឃើញ​ថា អាច​នឹង​ពិបាក​រកម្ចាស់ជើង​ឯក ព្រោះបេក្ខភាព​ទាំង​៤​នាក់ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត នៅសប្តាហ៍នេះ មាន​សមត្ថ​ភាព​ប្រហាក់ប្រហែល​គ្នា។

    យ៉ាង​ណា​ក៏ដោយ ដោយ​សារ​បេក្ខភាពទាំង​៤នាក់​មាន ម៉ន សាម៉េត, អេ ណារ័ត្ន, ប៊ុន សុធា និង សៅ ប៊ុនធឿន សុទ្ធ​តែ​​ចូលចិត្តវាយសម្រុកដូច​គ្នានោះ គឺ​បាន​ធ្វើឲ្យ​អ្នកគាំ​ទ្រ មានការ​រំពឹងទុក​ជាមុន​ថា ​ការ​ប្រកួត​នៅ​សប្តាហ៍នេះ នឹង​​មាន​ភាពស្វិតស្វាញ និង​​កក្រើក​ខ្លាំង។

    បន្ថែម​លើនេះ ​លក្ខខណ្ឌ​ប្រកួត ក៏តម្រូវ​ឲ្យ​ពួក​គេ ត្រូវប្រកួតគ្នា​អស់ពីសមត្ថ​ភាព ផងដែរ ព្រោះនៅវគ្គជម្រុះ​​មានត្រឹម​៣​ទឹកទេ រីឯ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ប្រកួត​១ទឹក ស្មើ​៩នាទីនោះ គឺ​អ្នក​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ទើប​អាច​ក្លាយជា​ម្ចាស់​ជើង​ឯក តែ​បើគ្មាន​អ្នក​សន្លប់ ចាត់​ទុក​ថា ស្មើ​គ្នា ហើយត្រូវ​ចែក​ប្រាក់រង្វាន់ជា២។

    នៅ​ក្នុងចំណោម​បេក្ខភាពទាំង​៤​នាក់នេះ ម៉ន សាម៉េត មាន​បទពិសោធ​ប្រកួត​ច្រើន​ជាង​គេ ប៉ុន្តែ អេ ណារ័ត្ន និង ប៊ុន សុធា ត្រូវបាន​គេចាត់ទុក​ថា ជាជើង​ខ្លាំង​ជំនាន់​ក្រោយ ដែល​មានសមត្ថ​ភាព​ប្រកួតល្អ ហើយ​អ្នក​ទាំង​២​នេះ ក៏​ធ្វើ​បាន​ល្អជាង ម៉ន សាម៉េត ផងដែរ សម្រាប់ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់មាស នៅ​សង្វៀន PNN កន្លងមក​នេះ ដោយក្នុង​នោះ អេ ណារ័ត្ន និង ប៊ុន សុធា បាន​ធ្លាក់នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ឯ សាម៉េត បាន​ធ្លាក់តាំង​ពី​វគ្គជម្រុះ​១៦នាក់​ដំបូង។

    បន្ថែម​លើ​នេះ ប៊ុន សុធា ក៏​ធ្លាប់បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ដណ្តើម​​ប្រាក់លាន នៅ​សង្វៀន​ថោននេះ កាល​ពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ផង​ដែរ ប៉ុន្តែ​បាន​ត្រឹម​ស្មើ យុគ យក្សផ្លែ ក្រោយ​គ្មាន​អ្នក​ណា​សន្លប់។ ចំណែក សៅ ប៊ុនធឿន អាច​មានសមត្ថភាព​រាងទាបជាង​គេ​បន្តិច ដែល​ពិបាក ក្នុងការ​ស្វែង​រកការ​ឈ្នះ។

    ទាក់​ទង​នឹង​ការ​ប្រកួតនេះ លោក គឹម ស្រ៊ុនកុសល នាយក​គ្រប់គ្រង​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន បាន​ប្រាប់​ថា៖​«​ការ​ប្រកួតដណ្តើម​ប្រាក់លាន នៅ​សប្តាហ៍នេះ នឹង​មាន​ភាព​ស្វិត​ស្វាញ​ខ្លាំង  ព្រោះក្នុង​បេក្ខភាព​ទាំង៤នាក គឺ ម៉ន សាម៉េត, ប៊ុន សុធា និង អេ ណារ័ត្ន ​សុទ្ធ​តែ​មិន​ងាយ​ផ្តួល​ដោយ​សន្លប់  តែបើ​អ្នក​ខ្លាំង​ជួប​គ្នា ​ក្នុង​វគ្គ​ជម្រុះ  អ៊ីចឹង​ផ្តាច់ព្រ័ត្រ អាច​មាន​សង្ឃឹម​​រក​អ្នក​សន្លប់​បាន»។

    យ៉ាង​ណាក៏​ដោយ លោក ស្រ៊ុនកុសល លោកនឹងរឹតបន្តឹង​ច្បាប់ប្រកួត​ឲ្យកាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​រកឲ្យម្ចាស់​ជើង​ឯក ក្នុងការ​ប្រកួត​លើកនេះ។ លោក​បាន​បញ្ជាក់​ថា៖ ​«​មុន​ការ​ប្រកួត ខ្ញុំ​នឹង​ប្រជុំ​ជា​មួយ​អាជ្ញា​កណ្តាល​ ក្នុង​ការ​រឹត​បន្តឹង​ច្បាប់ ​នៅ​លើ​សង្វៀន​ប្រកួត  ចៀស​វាង​កីឡាករ​វាយ​ថយ​ខ្លាំង​ពេក  ធ្វើឲ្យ​យើង​​ពិបាកនឹង​​រក​ម្ចាស់ជើង​ឯង​បាន  ដូច្នេះការ​ពិន័យ​កាត​លឿង  នឹង​កាត​ក្រហម  ត្រូវ​ប្រើ​ឲ្យ​មាន​ប្រសិទ្ធភាព»៕

  • Loading...
  • Recent Posts