• ឃីម បូរ៉ា កាន់តែជោគជ័យ ក្នុងអាជីព ក្រោយប្តូរទម្រង់ប្រកួត វាយមិនប្រណី នៅលើសង្វៀន
    ប្រដាល់ក្នុងស្រុក 1 month ago 3 Views

    អ្នក​ប្រដាល់​មក​ពី​ជាយដែន​ខេត្តបន្ទាយមាន​ជ័យ ឃីម បូរ៉ា ត្រូវបាន​គេ​មើល​ឃើញថា បាន​ប្តូរ​ទម្លាប់​ប្រកួតនៅ​លើ​សង្វៀន ពីការ​ប្រកួត​បែប​ចិត្ត​ធម៌ ទៅ​ជា​ប្រកួតបែប​គ្មាន​ប្រណី ហើយ​ការ​ប្តូរទម្រង់ប្រកួតបែបនេះ បាន​ធ្វើ​ឲ្យ​រូប​គេ ទទួល​បាន​ជោគ​ជ័យ​កាន់តែច្រើន នៅ​លើ​វិថី​ប្រដាល់​គុនខ្មែរ។

    នៅ​មុនការរីករាល​ដាល​ជំងឺ​កូវីដ​១៩ ការ​ប្រកួត​របស់ ឃីម បូរ៉ា តែងតែ​បង្ហាញ​ពី​ការសន្តោសប្រណៃ​ដល់​ដៃ​គូ គឺ​គេកម្រ​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​ណាស់ ហើយ​ការ​វាយ​បែប​ស្លូតៗ​នោះ ក៏​បាន​ធ្វើ​ឲ្យ​រូបគេ​ជួបការ​ខក​ចិត្តជា​បន្ត​បន្ទាប់ ក្រោយការ​ប្រកាស​លទ្ធផល​ប្រកួត ​ជាផ្លូវ​ការ​ផងដែរ។

    រឿង​ដែល​ធ្វើ​ឲ្យ លោក ហេង ប៊ុនឃីម ជាឪពុក និង ឃីម បូរ៉ា មានការ​ខឹងសម្បារ​ខ្លាំង គឺ​ការ​ប្រកាស​ឲ្យចាញ់​ពិន្ទុ ឈុត សេរីវ៉ាន់ថង ដាច់ នា​ការ​ប្រកួត​ដណ្តើម​ប្រាក់លាន នៅ​សង្វៀន​ CNC ក្នុង​អំឡុង​ពេល​ប្រកួត​បិទទ្វារ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់ ដើម្បីការពារ​ជំងឺ​កូវីដ​១៩នេះ ហើយតាំង​ពី​ពេល​នោះ​មក ឃីម បូរ៉ា បាន​ប្តូរ​យក​ទម្លាប់វាយ​សម្រុកទៅ​លើគូ​ប្រកួតដោយ​គ្មាន​ប្រពៃ។

    នៅ​ក្រោយការ​ផ្លាស់ប្តូរនេះ ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់​ថង បានជួបគ្នា​ម្តង​ទៀត ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ប្រចាំ​ក្រុម​២ នៅ​លើ​សង្វៀន CNC ដដែល ហើយជាលទ្ធផល បូរ៉ា បាន​យក​ឈ្នះ​ដោយពិន្ទុ​ដាច់ រួចបាន​បន្ត​យក​ឈ្នះ​លើ តាញ់ មករា ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់ ទម្ងន់​៦០​គីឡូក្រាម អម​ដោយ​ប្រាក់រង្វាន់​៦០០០ដុល្លារ ជា​លើកដំបូង ក្រោយ ឃីម បូរ៉ា បាន​ចាញ់​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​បែបនេះ ចំនួន​៥​លើក​កន្លង​មក។

    យ៉ាង​ណា​មិញ សម្រាប់​ការបង្ហាញ​ខ្លួន នៅ​លើ​សង្វៀន​ថោន ជា​លើក​ដំបូង កាល​ពី​ថ្ងៃអាទិត្យ កន្លងមក​នេះ ឃីម បូរ៉ា បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្នុងការ​ប្រកួតម៉ារ៉ាតុងដណ្តើម​ប្រាក់លាន ជាមួយ​ប្រាក់រង្វាន់​៣,៤លាន​រៀល បន្ទាប់​ពី​រូប​គេ​បាន​បុក​ជង្គង់​ផ្តួល សៀវ ង៉ុយ ឲ្យ​សន្លប់នៅ​ទឹក​ទី​២ ក្នុង​វគ្គ​ជម្រុះ រួច​បន្ត​បុក​ជង្គង់ឲ្យ សោម វិឆ័យ សន្លប់ ដោយ​ប្រើ​ពេល​មិន​ដល់​៣​នាទី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដែល​មាន​៩នាទី​នោះ។

    នៅ​ក្រោយ​ការ​ផ្តួល សោម វិស័យ ឲ្យ​សន្លប់នេះ ឃីម បូរ៉ា បាន​សារភាព​ថា រូបគេ​ពិត​ជា​បាន វាយ​សម្រុកខ្លាំង ក្នុងបំណង​ផ្តួល​ដៃគូ​ឲ្យសន្លប់។ បូរ៉ា បាន​និយាយ​ថា៖​«ទោះ​ការ​ផ្តួល​នេះ វា​មិនទាន់​បាន​គ្រប់​១​ទឹក​នៃ​ការ​ប្រកួតគុនខ្មែរ ប៉ុន្តែយើង​ចូល​ទៅ យើង​វាយសម្រុក គឺ​វាយ​យកតែ​ម្តង ព្រោះ​យើង​ព្យាយាម​ផ្តួល​ដៃ​គូ​ឲ្យសន្លប់ ដើម្បី​ទទួល​បាន​ប្រាក់​លាន ដោយ​សារ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ បើ​យើង​មិន​អាច​ផ្តួល​គូ​ប្រកួតឲ្យ​សន្លប់ ក្នុង​រង្វាន់​៩នាទី​ទេ គឺ​យើង​មិន​អាច​​ក្លាយជា​ប្រាក់លាន​បាន​ឡើយ»។

  • Loading...
  • Recent Posts