• រឿងនឹកស្មានមិនដល់បានកើតឡើង ពេល អេលីត ចំរើន ទាត់ឲ្យ វ៉ាន់ វឿន ខូចដៃ យកខ្សែក្រវាត់មាស និងលុយ១ម៉ឺនដុល្លារ
    ប្រដាល់ក្នុងស្រុក 1 month ago 7 Views

    នៅទី​បំផុត​កីឡាករ អេលីត ចំរើន បាន​រក​ឃើញ​ជ័យ​ជម្នះ​យ៉ាង​ធំ នៅ​ក្នុង​អាជីព​របស់​ខ្លួន គឺ​ការ​ឈ្នះ​ខ្សែ​ក្រវាត់​មាស ទម្ងន់​៥៧​គីឡូក្រាម រដូវកាល​ទី​៣ នៅ​សង្វៀន PNN បន្ទាប់ពី​រូប​គេ បាន​ទាត់​ឲ្យ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម វ៉ាន់ វឿន ខូច​ដៃ​ស្តាំ និង​សុំ​ចាញ់​ត្រឹម​ទឹក​ទី​៤​នោះ។​

    យ៉ាង​ណា​ក៏ដោយ ការ​ទាត់​ឲ្យ វ៉ាន់ វឿន ខូចដៃ​ស្តាំ ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​មាស កាលពី​ថ្ងៃអាទិត្យ កន្លង​មកនេះ ​វា​បាន​ក្លាយ​ជា​រឿងនឹក​ស្មាន​មិន​ដល់​ចំពោះ អេលីត ចំរើន ព្រោះ ចំរើន ខ្លួនឯង ក៏​ស្ទើ​តែ​មិនចង់​ជឿ ទៅ​លើ​អ្វី​ដែល​បានកើត​ឡើងនោះ​ដែរ។

    សិស្ស​គណក្លិប​ប៉ែនកាក់​គុនខ្មែរ អេលីត ចំរើន បាន​និយាយក្រោយការ​ប្រកួត​ថា៖​«ខ្ញុំពិតជា​មាន​អារម្មណ៍​សប្បាយរីក និងរំភើបខ្លាំងបំផុត ព្រោះខ្ញុំ​មិននឹកស្មានថា អាចទាត់ដៃ វ៉ាន់ វឿន ឲ្យខូច និង​រាប់ដល់១០អ៊ីចឹង ព្រោះ​ការ​ប្រកួត​៣ទឹក​ដំបូង គាត់​បាន​វាយ​សម្រុក​លើខ្ញុំមែនទែន»។

    អេលីត​ ចំរើន ​​​បានបញ្ជាក់​​​ថា​៖ «​សម្រាប់​ការ​ប្រ​កួត​​៣​ទឹកដំបូង​ ខ្ញុំ​​មិន​ទាន់​ដឹង​ថា ​អាច​ផ្តួល​បាន ​ឬ​រក​ជ័យ​ជម្នះ​បាន​នៅ​ឡើយ​ទេ​ ព្រោះ​គាត់ បាន​វាយ​សម្រុក​មក​ខ្លាំង ​គ្រប់​ស្នៀត និង​លំបាក​ទប់​ទល់​។​ ​ខ្ញុំ​គិត​ថា ​បើ​ឈ្នះ​ គឺ​អាច​ត្រឹម​ពិន្ទុប៉ុណ្ណោះ ​ប៉ុន្តែ​ស្នៀត​ទាត់​របស់​ខ្ញុំ​ ក្នុង​ទឹក​ទី​៤ ​គឺ​ចូល​គោល​ដៅ​ល្អ​ណាស់ ​នាំ​ឲ្យ​គាត់​ខូច​ដៃ​តែ​ម្តង​»។

    យ៉ាង​ណា​ក៏​ដោយ វ៉ាន់ វឿន ដែល​បាន​ត្រឹម​២ពាន់​ដុល្លារ ចំពោះ​ការចាញ់​នៅវគ្គ​ផ្តាច់​ព្រ័ត្រ​នេះ បាន​ចាត់ទុក​ការ​ចាញ់​របស់​គេ វា​បាន​កើត​ឡើង​ដោយការ​​ភ្លាត់ស្នៀត។ វ៉ាន ​រឿន បាន​និយាយ ​ក្រោយ​​ការ​​ប្រកួត​​ថា​៖ «​ការ​ចាញ់នេះ ​គឺ​ភ្លាត់​ ដោយ​​ខូច​ដៃ ​ព្រោះ​ការ​ទាត់​របស់គេ​ធ្ងន់​ណាស់​​»។

    សិស្ស​គណ​ក្លិបឃ្លាំង​មឿន​កីឡា ​វ៉ាន់ ​វឿន បាន​​បន្ថែម​ថា​៖​«តាមរយៈ​ពេល​ជាង​៣​ទឹក ​ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ​ពិន្ទុ​ ​ព្រោះ​ខ្ញុំ​វាយ​​ចូល​គោល​ដៅ​បាន​ច្រើន​ ព្រម​ទាំងវាយ​សម្រុក​ ធ្វើ​ឲ្យ ​អេលីត ចំរើន ថយ​ជា​និច្ច​ ហើយ​​ខ្ញុំគិត​ថា ​នៅ​ទឹក​ទី៤​ និង​ទី​៥ ​ខ្ញុំ​កាន់​តែ​មាន​ប្រៀប​ផ្នែក​កណ្តាប់​ដៃ​ និង​ទាត់​ជើង​ក្រោមថែម​ទៀត​ ប៉ុន្តែត្រូវបានគេ​ទាត់​ខូច​ដៃ ដ៏គួរ​សោកស្តាយ​បំផុត»​៕

  • Loading...
  • Recent Posts