• វ៉ាន់ វឿន និង អេលីត ចំរើន សុទ្ធតែបានត្រៀមខ្លួនរួចរាល់ ដើម្បីវ៉ៃគ្នាដណ្តើមខ្សែក្រវាត់មាស និងប្រាក់១ម៉ឺនដុល្លារ
    ប្រដាល់ 1 month ago 14 Views

    កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​ទាំង​២​រូប គឺ វ៉ាន់ វឿន និង អេលីត ចំរើន សុទ្ធតែ​បានអះអាង​ថា បាន​​ត្រៀមខ្លួន​​រួចរាល់ដូច​គ្នា ដើម្បី​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស និង​ប្រាក់រង្វាន់​១ម៉ឺន​ដុល្លារ នៅ​លើ​សង្វៀន PNN នា​ថ្ងៃអាទិត្យ​នេះ។

    ក្រៅ​ពីការ​អះអាង​ពី​ការ​ត្រៀមខ្លូន​យ៉ាង​ល្អនេះ វ៉ាន់ វឿន និង អេលីត ចំរើន សុទ្ធតែបាន​បញ្ជាក់ថា នឹង​ប្រឹង​ប្រែង​ប្រកួតគ្នា ​ឲ្យកក្រើក​សង្វៀន PNN ព្រោះនេះជា​ការ​ប្រកួត​ដ៏​សំខាន់ ដែល​ពួក​គេ​បាន​រង់ចាំ និង​បានជម្នះការ​លំបាកយ៉ាង​ច្រើន ទម្រាំ​បាន​ឡើងមក​ដល់​វគ្គ​នេះ។

    កីឡាករ​វ័យ​២៤​ឆ្នាំ អេលីត ចំរើន បាន​និយាយ​ថា៖ ​«ខ្ញុំ​ត្រៀមខ្លួន​បាន​រួច​រាល់អស់ហើយ គឺ​ចាំតែ​ថ្ងៃ​ប្រកួតមក​ដល់​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យការ​ប្រកួតនេះ ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ និងកក្រើក គឺ​​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យអស់ពី​សមត្ថ​ភាព មិន​ឲ្យអ្នកគាំ​ទ្រ​អស់សង្ឃឹម​ឡើយ»។

    នៅ​ក្នុងការ​ប្រកួតដ៏​សំខាន់​នេះ អ្នកស្នេហា​វិស័យ​កីឡា​ប្រដាល់គុនខ្មែរ​ភាគ​ច្រើន មានការជំនឿចិត្ត​ទៅ​លើ អេលីត ចំរើន ជាង វ៉ាន់ វឿន ដោយសារ​តែ អេលីត ចំរើន មានមាឌមាំជាង មាន​ផ្លែ​វាយចេញ​វែងជាង ប៉ុន្តែ វ៉ាន់ វឿន បានអះអាង​ថា រូប​គេ​បាន​ត្រឹម​ក្បាច់​​រួច​រាល់​​អស់​ហើយ ដើម្បី​ទប់ទល់​ជាមួយ អេលីត ចំរើន។

    ម្ចាស់មេដាយ​សំរឹទ្ធស៊ីហ្គេម២ជំនាន់​ វ៉ាន់ វឿន​ បាន​និយាយ​ថា៖​ «ខ្ញុំ​ហ្វឹក​ហាត់ត្រៀមបាន​ល្អ​១០០​ភាគ​រយ​ហើយ ហើយខ្ញុំដឹង​ថា អេលីត ចំរើន ជា​កីឡាករ​មាន​អាវុធចេញធ្ងន់ៗ និងមាន​ផ្លែ​ល្អ ប៉ុន្តែ​ខ្ញុំ​​ក៏​បានត្រៀមក្បាច់ ដើម្បីទប់​ទល់​ជាមួយគាត់​បាន​ល្អហើយដែរ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យជំនួបមួយ​នេះ ក្លាយ​ការ​ប្រកួតនេះដ៏កក្រើក និង​ជក់​ចិត្ត​បំផុត»។

    សិស្សគណ​ក្លិបឃ្លាំង​មឿន​កីឡា មាន​វ័យ​២៣​ឆ្នាំ វ៉ាន់ វឿន បានបញ្ជាក់ថា៖​«សម្រាប់​ខ្ញុំ​ ដូចជា​គ្មាន​ឧបសគ្គ​អ្វី​ទេ គឺ​ខ្ញុំ​រំពឹង​ថា ខ្លួន​ឯងនឹងធ្វើ​បាន​ល្អ។ ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យអស់សមត្ថ​ភាព និងធ្វើ​ឲ្យ​បាន​ល្អ ព្រោះ​នេះជា​ការ​ប្រកួតដ៏​សំខាន់សម្រាប់ខ្ញុំ ប៉ុន្តែ​ការ​ប្រកួតដែល​មានការ​វាយ​ប្តូរគ្នា​ទៅវិញ​ទៅ​មកបែប​នេះ យើងមិនអាចស្មាន​ទុក​មុន​បាន​ទេ ព្រោះ​បើ​អ្នក​ណា​ភ្លាត់ស្នៀត និង​បរាជ័យរៀងៗ​ខ្លួន»។

    គួរបញ្ជាក់ថា នៅ​មុន​ការ​ឡើងមក​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ អេលីត ចំរើន និង វ៉ាន់ វឿន សុទ្ធតែ​ធ្វើ​បាន​ល្អដូច​គ្នា ដោយ​​ឈ្នះ​គ្រប់ការ​ប្រកួតទាំង​អស់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង ចំពោះ​ជ័យជម្នះ​របស់ពួក​គេ គឺ​ការ​ទម្លាក់ជើងខ្លាំង ប៊ុន សុធា និង អេ ណារ័ត្ន នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​ក្នុង​នោះ ចំរើន បាន​យក​ឈ្នះដោយពិន្ទុ​ទាំង​លំបាក​លើ ប៊ុន សុធា ហើយ វ៉ាន់ វឿន បាន​ឈ្នះពិន្ទុ អេ ណារ័ត្ន និងបាន​វាយកែង​បណ្តាល​ឲ្យ អេ ណារ័ត្ន មាន​ស្នាម​បែក និងពក នៅ​លើ​ផ្ទៃ​មុខជា​ច្រើន​កន្លែង គួរ​ឲ្យសង្វេគ៕

  • Loading...
  • Recent Posts