អ្នកលេងកណ្តាប់ដៃធ្ងន់ ដែលធ្លាប់ប្រកួតទាំងក្នុងកម្មវិធីវាយដាក់ទ្រុង ONE Championship នៅក្រៅប្រទេស ថៃ រិទ្ធី បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន ដើម្បីជាប្រយោជន៍ដល់អ្នករួមអាជីពថា បើចង់បានលុយធំ សម្រាប់ការប្រកួតក្នុងកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន គឺកីឡាករម្នាក់ ត្រូវតែមានក្បាច់ ឬផ្លែសម្លាប់ផ្ទាល់ខ្លួន ទើបអាចធ្វើទៅបាន។
ថៃ រិទ្ធី បាននិយាយថា៖ «កីឡាករម្នាក់ៗ ត្រូវតែមានក្បាច់សម្លាប់ផ្ទាល់ខ្លួន ព្រោះការប្រកួតនៅ Mas Fight ផ្តោតសំខាន់បំផុត គឺផ្លែសម្លាប់ ព្រោះបើយើងអត់មានផ្លែសម្លាប់គេ គឺមិនអាចឆ្លៀតឱកាសផ្តួលគូប្រកួតឲ្យសន្លប់បាននោះទេ ដ្បិតអីការ Mas Fight ប្រកួត៩នាទីគ្មានឈប់ អ៊ីចឹងសំខាន់ត្រូវមានផ្លែសម្លាប់»។
ការលើកឡើងរបស់ ថៃ រិទ្ធី ត្រូវបានធ្វើឡើង បន្ទាប់ពីរូបគេ បានផ្តួលកីឡាករជើងចាស់ នន់ ជំនិត ឲ្យសន្លប់ ដោយប្រើពេលត្រឹម៥នាទី ក្នុងការប្រកួត Mas Fight Cambodia នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ ដើម្បីទទួលបានទឹកប្រាក់បន្ថែមចំនួន១,៦លានរៀល បន្ថែមទៅលើប្រាក់តម្លៃខ្លួន ហើយនេះជាលើកទី៣ផងដែរ ដែល ថៃ រិទ្ធី នៅតែអាចផ្តួលដៃគូឲ្យសន្លប់ ដើម្បីទទួលបានប្រាក់រង្វាន់បន្ថែម។
សម្រាប់ការប្រកួត Mas Fight Cambodia ដែលតម្រូវឲ្យអ្នកប្រកួត ត្រូវផ្តួលគូប្រកួតឲ្យសន្លប់ ក្នុងរង្វង់៩នាទី ទើបក្លាយជាអ្នកឈ្នះ (បើមិនសន្លប់កំណត់ឲ្យស្មើគ្នា) នោះ ថៃ រិទ្ធី បានវាយសន្លប់ទៅលើ នន់ ជំនិត ជាច្រើនដៃ ហើយកណ្តាប់ដៃរបស់គេ ក៏បានបន្សល់ទុកស្នាមបែប និងពកជាច្រើនកន្លែង នៅលើផ្ទៃមុខរបស់ ជំនិត ផងដែរ មុនពេលរូបគេទទួលបានជ័យជោគក្នុងការប្តូរកណ្តាប់ដៃ ដោយការម៉ាត់ស្តាំចូលថ្គាមពេញ បណ្តាលឲ្យ នន់ ជំនិត សន្លប់ក្រោកលែងរួច។
ថៃ រិទ្ធី ដែលបានចាត់ទុក «កណ្តាប់ដៃ» ជាក្បាច់ប្រចាំត្រកូល ក្នុងការផ្តួលដៃគូឲ្យសន្លប់នោះ នៅតែមានជំនឿចិត្ត ក្នុងការបង្ហាញភាពខ្លាំង សម្រាប់ការប្រកួតនៅ Mas Fight ជាបន្តទៀត។ រិទ្ធី បានបញ្ជាក់ថា៖«ខ្ញុំសប្បាយចិត្ត នៅពេលបានវ៉ៃក្នុងកម្មវិធី Mas Fight ព្រោះវ៉ៃបានលុយធំរហូត អ៊ីចឹងបើខាងអ្នកគ្រប់គ្រងកម្មវិធី ដាក់ឲ្យវ៉ៃក្រោយៗទៀត ខ្ញុំនឹងព្យាយាមវ៉ៃឲ្យអស់ពីសមត្ថភាព»៕
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus