• រឿងស្មានមិនដល់ ពេជ្រ ប៊ុនសិដ្ឋ ទម្លាក់ម្ចាស់មេដាយស៊ីហ្គេម រួចបន្តផ្តួល ឡាំងកូស៊ីន ដើម្បីយកប្រាក់លាន
    ប្រដាល់ក្នុងស្រុក 2 weeks ago happybird

    អ្នកលេងកណ្តាប់ដៃជំនាន់ក្រោយ ពេជ្រ ប៊ុនសិដ្ឋ បានបង្កើតនូវរឿងដែលគ្មានអ្នកណានឹកស្មានដល់ គឺការទម្លាក់ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ខេម ចាន់ ក្នុងវគ្គជម្រុះ រួចបន្តម៉ាត់ឲ្យ ឃួន ឡាំងកូស៊ីន សន្លប់ធំ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ប្រាក់លាន ក្នុងការប្រកួតនៅសង្វៀនថោន កាលពីថ្ងៃអាទិត្យ។

    នៅក្នុងបេក្ខភាពទាំង៤នាក់ ដែលត្រូវបានដាក់ឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ក្នុងទម្ងន់៥៤គីឡូក្រាម នៅសប្តាហ៍នេះ ពេជ្រ ប៊ុនសិដ្ឋ ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពមានបទពិសោធខ្ចីជាងគេ ហើយគេមិនរំពឹងថា ប៊ុនសិដ្ឋ អាចឆ្លងផុតវគ្គជម្រុះនោះទេ ហើយឃួន ឡាំងកូស៊ីន ក៏មិនត្រូវបានគេរំពឹងដូចគ្នា ខណៈអ្នកទាំង២ ចាប់ឆ្នោតប៉ះម្ចាស់មេដាយសំរឹទ្ធទាំង២ឌួង គឺ ខេម ចាន់ និង ហ៊ឹម គឹមរៀង នោះ។

    ប៉ុន្តែតាមរយៈការប្រកួតជម្រុះ៣ទឹក យ៉ាងស្ថិតស្វាញនោះ គឺអ្វីៗពិតជាមានការភ្ញាក់ផ្អើលខ្លាំង ខណៈ ពេជ្រ ប៊ុនសិដ្ឋ និង ឃួន ឡាំងកូស៊ីន សុទ្ធតែបានយកឈ្នះលើម្ចាស់មេដាយសំរឹទ្ធរៀងៗខ្លួននោះ ដោយក្នុងនោះ ប៊ុនសិដ្ឋ បានយកឈ្នះដោយពិន្ទុដាច់លើជើងខ្លាំង ខេម ចាន់ ដ៏មិនគួរឲ្យជឿ ហើយ ឡាំងកូស៊ីន បានយកឈ្នះ ហ៊ឹម គឹមរៀង ដោយពិន្ទុមិនឯកច្ឆន្ទ ៣-២។

    យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ មានត្រឹម១ទឹក ស្មើ៩នាទីនោះ ពេជ្រ ប៊ុនសិដ្ឋ ធ្វើបានយ៉ាងល្អបំផុត ដោយរូបគេបានម៉ាត់ឲ្យ ឃួន ឡាំងកូស៊ីន ដួល និងត្រូវអាជ្ញាកណ្តាលរាប់ នៅត្រឹមរយៈពេល ១:៤០ នាទី។ ទោះជា ឡាំងកូស៊ីន អាចងើបឈរបន្តការប្រកួតទៀតបាន ប៉ុន្តែនៅនាទី ៥:២០ ប៊ុនសិដ្ឋ បានម៉ាតឆ្វេងចូលចុងថ្គាម បណ្តាលឲ្យ ឡាំងកូស៊ីន ដួលផ្គាប់មុខសន្លប់ធំតែម្តង។

    ការផ្តួល ឃួន ឡាំងកូស៊ីន ឲ្យសន្លប់ធំ នៅវគ្គផ្តាច់ព្រ័ត្រនេះ បានជួយឲ្យ ពេជ្រ ប៊ុនសិដ្ឋ ក្លាយជាម្ចាស់ជើងឯក អមជាមួយប្រាក់រង្វាន់ ៣,៤លានរៀល។ ជ័យជម្នះរបស់ ប៊ុនសិដ្ឋ ក៏បានលុបបំបាត់ចោល ចំពោះការរកមិនឃើញម្ចាស់ប្រាក់លាន សម្រាប់ការប្រកួត៥សប្តាហ៍កន្លងមកនេះផងដែរ ហើយគ្មាននរណាម្នាក់ជឿថា ពេជ្រ ប៊ុនសិដ្ឋ អាចធ្វើបានបែបនេះនោះទេ។

    ពេជ្រ ប៊ុនសិដ្ឋ បាននិយាយ ក្រោយការប្រកួតថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំង ដែលប្រកួតឈ្នះ ហើយការសន្លប់របស់ ឃួន ឡាំងកូស៊ីន អាចមកពីគាត់ភ្លាត់ស្នៀត ព្រោះគាត់ភ្លេចបិទ ធ្វើឲ្យខ្ញុំអាចម៉ាត់ខាងដៃឆ្វេងចូលថ្គាម ហើយការផ្តួលគាត់ឲ្យសន្លប់នេះ ខ្ញុំមានសង្ឃឹមតាំងពីខ្ញុំបានវាយគាត់ឲ្យរាប់ម្តង អ៊ីចឹងហើយទើបខ្ញុំព្យាយាមប្រើកណ្តាប់ដៃបន្ត»

    យ៉ាងណាមិញ ឃួន ឡាំងកូស៊ីន ដែលទទួលបានប្រាក់រង្វាន់ ១,៨លានរៀល ចំពោះការចាញ់នោះ មិនបានដឹងថា រូបគេសន្លប់ដូចរបៀបណានោះទេ។ ឡាំងកូស៊ីន បាននិយាយថា៖ «ខ្ញុំចាញ់ទាំងមិនអស់ចិត្ត ព្រោះវាលឿនពេក មិនដឹងត្រូវអី។ ពេលគេវាយឲ្យរាប់ម្តង អត់សូវអីទេ ព្រោះគ្រាន់តែវិល និងទន់ជើង អាចងើបឡើងបាន ប៉ុន្តែចុងក្រោយនេះ អត់ដឹងអីតែម្តង គឺងងឹងមុខឈឹង»

  • Loading...
  • Recent Posts