• ឈុត សេរីវ៉ាន់ថង ប្តេជ្ញាថា នឹងបញ្ចេញគ្រប់ស្នៀត ដើម្បីជម្រះបញ្ជីចាស់ជាមួយ ឃីម បូរ៉ា
    ប្រដាល់ក្នុងស្រុក 2 weeks ago happybird

    កីឡាករជើងខ្លាំងវ័យក្មេង មកពីខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង បានប្តេជ្ញាថា រូបគេនឹងប្រើសមត្ថភាព ដែលរូបគេមានទាំងប៉ុន្មាន ដើម្បីប្រកួតតតាំងជាមួយអ្នកខ្លាំង ឃីម បូរ៉ា សម្រាប់ការជួបគ្នា ជាលើកទី៣ នៅលើសង្វៀន PNN នារសៀលថ្ងៃអាទិត្យនេះ។

    នៅមុនការប្រកួតជម្នះបញ្ជីចាស់ និងជម្រះភាពមន្ទិល ចំពោះការឈ្នះ ចាញ់គ្នា ២លើកកន្លងមកនេះ ឈុត សេរីវ៉ាន់ថង បានចាត់ទុក ឃីម បូរ៉ា គឺជាកីឡាករ កំពុងឡើងជើង និងមានស្នៀតប្រកួត វ៉ៃចេញបានល្អ ប្រកបដោយគ្រោះថ្នាក់ ប៉ុន្តែបានអះអាងថា រូបគេបានត្រៀមខ្លួនអស់ហើយ។

    ឈុតសេរី វ៉ាន់ថង បាននិយាយថា៖ «ខ្ញុំបានត្រៀមរួចរាល់អស់ហើយ សម្រាប់ការជួប ឃីម បូរ៉ា លើកនេះ គឺខ្ញុំបានត្រៀមទាំងស្នៀតប្រយុទ្ធ និងសុហ្វ ព្រោះ ឃីម បូរ៉ា ជាកីឡាករដ៏ខ្លាំង ជាពិសេសគាត់ទើបតែឡើងជើងថ្មីៗនេះ ហើយស្នៀតរបស់គាត់ មិនថា កែង ជង្គង់ ធាក់ ទាត់ និងម៉ាត់ទេ គឺគាត់ចេញបានលឿនទាំងអស់»

    សិស្សគណក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង រូបនេះ បានបន្ថែមថា៖ « ចំណែកការជួបគ្នាលើកទី៣នេះ ខ្ញុំតាំងចិត្តថា ធ្វើឲ្យបានល្អ និងខិតខំឲ្យអស់ពីសមត្ថភាព ចំណែកការទទួលបានជ័យជម្នះឬយ៉ាងណានោះ ខ្ញុំមិនទាន់ហ៊ានរំពឹងទុកមុននោះទេ ប៉ុន្តែសមត្ថភាព ដែលខ្ញុំមានទាំងប៉ុន្មាន ខ្ញុំនឹងបញ្ចេញឲ្យអស់នៅលើសង្វៀន គឺមិនឲ្យពុកម៉ែបងប្អូន ខកបំណងឡើយ»

    គួររំឭកថា ឈុតសេរី វ៉ាន់ថង ត្រូវបានប្រកាសឲ្យឈ្នះ ឃីម បូរ៉ា ទាំងមិនសូវសម សម្រាប់ការជួបគ្នាលើកដំបូង នៅលើសង្វៀន CNC កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែការជួបគ្នាលើកទី២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រប្រចាំក្រុមB នៃព្រឹត្តិការណ៍កម្ពុជាសង្វៀនគុនខ្មែរ កាលពីថ្ងៃទី៣០ ខែឧសភា ឃីម បូរ៉ា បានយកឈ្នះ ឈុតសេរី វ៉ាន់ថង វិញ រួចបានបន្តទៅយកឈ្នះលើ តាញ់ មករា ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ទម្ងន់៦០គីឡូក្រាមនោះ អមនឹងប្រាក់រង្វាន់៦០០០ដុល្លារ។

    យ៉ាងណាក៏ដោយ សម្រាប់ការជួបគ្នាលើកនេះ ឃីម បូរ៉ា នូវមិនទាន់ហ៊ានព្យាករពីលទ្ធផលទុកមុននោះទេ។ ប្អូនប្រុសម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា រូបនេះ បាននិយាយថា៖ «ការជួប ឈុតសេរី វ៉ាន់ថង នៅសប្តាហ៍នេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ ហើយខ្ញុំដឹងថា អាវុធដ៏គ្រោះថ្នាក់របស់គេ គឺទាត់ក្រោម។ យ៉ាងណាក៏ដោយ ការសង្ឃឹមទទួលបានលទ្ធផលយ៉ាងណានោះ ខ្ញុំមិនទាន់ហ៊ាននិយាយទុកមុនទេ ប៉ុន្តែខ្ញុំប្តេជ្ញាថា នឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព»

  • Loading...
  • Recent Posts