• រឿង សោភ័ណ្ឌ ហាក់មិនសូវមានទំនុកចិត្ត ក្នុងការសងសឹកជាមួយ ធឿន ធារ៉ា
    ប្រដាល់ក្នុងស្រុក 2 weeks ago happybird

    អ្នកលេងកណ្តាប់ដៃឆ្វេង រឿង សោភ័ណ្ឌ ហាក់បានបង្ហាញភាពស្ទើ និងមិនសូវមានទំនុកចិត្ត ក្នុងការប្រកួតជម្រះបញ្ជីចាស់ជាមួយជើងខ្លាំង ធឿន ធារ៉ា ក្នុងទម្ងន់៧១គីឡូក្រាម នៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យ ដោយរូបគេបានអះអាងថា ប្រកួតជាមួយ ធឿន ធារ៉ា មានការលំបាក ចំណែក ឡុង សំណាង ក៏ត្រូវជួប គង់ សំបូរ ក្នុងថ្ងៃជាមួយគ្នានោះដែរ។

    បើទោះបីជា រឿង សោភ័ណ្ឌ មានឈ្មោះបោះសំឡេងខ្លាំង និងធ្លាប់បានផ្តួលគូប្រកួតជាច្រើនដោយសារកណ្តាប់ដៃរបស់គេ ប៉ុន្តែ ការជួបជាមួយ ធឿន ធារ៉ា ២លើកកន្លងមកនេះ រឿង សោភ័ណ្ឌ មិនធ្លាប់បានឈ្នះម្តងណាទេ ដោយក្នុងនោះ សោភ័ណ្ឌ ធ្លាប់បានចាញ់ពិន្ទុ ធឿន ធារ៉ា ក្នុងការប្រកួតជម្រើសជាតិជើងឯកថ្នាក់ជាតិ កាលពីឆ្នាំ២០១៧។

    ចំណែកការប្រកួតលើកទី២ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅសង្វៀន CNC កាលពីពេលថ្មីៗនេះ រឿង សោភ័ណ្ឌ ត្រូវបានប្រកាសឲ្យស្មើគ្នាជាមួយ ធឿន ធារ៉ា ខណៈការប្រកួតនោះ ធឿន ធារ៉ា បានព្យាយាមវាយលុកខ្លាំង ធ្វើឲ្យ រឿង សោភ័ណ្ឌ មានការធ្លាក់កម្លាំង និងទន់ជ្រាយ សម្រាប់ការប្រកួត២ទឹកចុងក្រោយ ដោយបានត្រឹមវាយបកសងមួយៗទាំងត្រដាបត្រដួស។

    យ៉ាងណាមិញ សម្រាប់ការប្រកួតនេះ រឿង សោភ័ណ្ឌ ត្រូវបានគ្រូបង្វឹករបស់ខ្លួន ទម្លាយឲ្យដឹងថា អាចនឹងតែមានបញ្ហាផ្នែកកម្លាំង។ ចំណែកលោក ឈិន ក្វាន់ចៃ ជាគ្រូបង្វឹកនិយាយថា៖ «ខ្ញុំគិតថា លើកនេះ សោភ័ណ្ឌ នឹងឈ្នះ បើវ៉ៃតាមយុទ្ធសាស្ត្រប្តូរកណ្តាប់ដៃ និងទាត់ ប៉ុន្តែសំខាន់ត្រូវហាត់កម្លាំងឲ្យរឹងមាំ ធានាល្អ៥ទឹកពេញ»

    នៅពេលនិយាយទាក់នឹងនឹងកម្លាំងនេះ លោក ក្វាន់ចៃ បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «រឿង សោភ័ណ្ឌ មួយរយៈចុងក្រោយនេះ កម្លាំងធ្លាក់ចុះដែរ ប៉ុន្តែវាស្រឡាញ់កិត្តិយស ដោយប្រកួតមានចិត្តក្លាហានជានិច្ច អ៊ីចឹងទោះសុខភាពមិនប្រសើរ ក៏ រឿង សោភ័ណ្ឌ មិនងាយទម្លាយឲ្យគេដឹងដែរ ហើយក៏មិនងាយចាញ់គេ ដោយសន្លប់នោះដែរ»

    ចំណែក រឿង សោភ័ណ្ឌ ផ្ទាល់ បានប្រាប់អ្នកកាសែតថា៖ «ការប្រកួតលើកទី៣នេះ រំពឹងឈ្នះតិចទេ ព្រោះលំបាកប្រកួត ដោយសារ ធឿន ធារ៉ា ខ្ពស់ និងវែងជាង អ៊ីចឹងពេលយើងចូលកៀក គឺលំបាកគេចពីក្បាច់ជង្គង់ ប៉ុន្តែបើយើងវាយឆ្ងាយ គឺវាយមិនចូលដល់គោលដៅល្អ ឬធ្ងន់១០០ភាគរយបានទេ ចំណែកមុខរបស់ ធារ៉ា រឹងវ៉ៃមិនសន្លប់ទៀត ហេតុនេះខ្ញុំរំពឹងឈ្នះត្រឹម៦០ភាគរយប៉ុណ្ណោះ»

    ផ្ទុយពីនេះ ធឿន ធារ៉ា ត្រូវបានគេមើលឃើញថា មានសមត្ថភាព និងមានកម្លាំងរឹងមាំល្អជាងកាលប្រកួតជាមួយ រឿង សោភ័ណ្ឌ កន្លងមក ខណៈរូបគេបានប្រកួតជាបន្តបន្ទាប់ រាល់សប្តាហ៍នោះ ហើយជំនួបលើកនេះ ប្រភពជិតស្និតនឹង ធឿន ធារ៉ា បានបង្ហើបឲ្យដឹងថា ធឿន ធារ៉ា មានពេលហ្វឹកហាត់បានល្អ និងខ្លាំងជាងមុន៕

  • Loading...
  • Recent Posts