• វត្តមានរបស់ ម្ចាស់មេដាយសំរឹទ្ធ បង្កឲ្យមានការបារម្ភដល់បេក្ខភាព ត្រូវប្រកួតដណ្តើមប្រាក់លាន
    ប្រដាល់ក្នុងស្រុក 2 weeks ago happybird

    វត្តមានរបស់ម្ចាស់មេដាយសំរឹទ្ធ ស៊ីហ្គេម ឆ្នាំ២០១៩ ខេម ចាន់ បាននឹងកំពុងធ្វើឲ្យបេក្ខភាព៣នាក់ផ្សេងទៀត ដែលត្រូវប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ក្នុងទម្ងន់៥៤គីឡូក្រាម នៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន ថ្ងៃអាទិត្យនេះ កើតជាក្តីបារម្ភ ព្រោះពួកគេយល់ថា ខេម ចាន់ មានសមត្ថភាពខ្ពស់ជាងគេ ដែលអាចនឹងក្លាយជាម្ចាស់ប្រាក់លាន។

    តាមពិតទៅ កីឡាករជម្រើសជាតិ ខេម ចាន់ ធ្លាប់បានចូលប្រកួតដណ្តើមប្រាក់លាននេះម្តងហើយ ប៉ុន្តែបានចាញ់ពិន្ទុម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២ជំនាន់ វ៉ាន់ រឿន នៅក្នុងវគ្គជម្រុះ ដ៏គួរឲ្យសោកស្តាយ ចំណែកការប្រកួតលើកនេះ ក៏មានវត្តមានម្ចាស់មេដាយរឹទ្ធម្នាក់ទៀតផងដែរ គឺ ហ៊ឹម គឹមរៀង គ្រាន់តែ គឹមរៀង មួយរយៈនេះ មិនសូវបានបង្ហាញវត្តមានលើសង្វៀន ចំណែកបេក្ខភាព២នាក់ទៀត គឺ ឃួន ឡាំងកូស៊ីន និង ពេជ្រ ប៊ុនសិដ្ឋ។

    ការបង្ហាញវត្តមានរួមគ្នារបស់ម្ចាស់មេដាយសំរឹទ្ធ ខេម ចាន់ និង ហ៊ឹម គឹមរៀង បានធ្វើឲ្យភាគី ឃួន ឡាំកូស៊ីន ជាពិសេសខាង ពេជ្រ ប៊ុនសិដ្ឋ មានការបារម្ភច្រើន។ អតីតកីឡាករជើងខ្លាំង ពេជ្រ សុផាន់ ដែលជាគ្រូបង្វឹករបស់ ពេជ្រ ប៊ុនសិដ្ឋ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ការប្រកួត៥លើកចុងក្រោយនេះ ពេជ្រ ប៊ុនសិដ្ឋ ឈ្នះជានិច្ច ប៉ុន្តែការប្រកួតលើកនេះ ខ្ញុំមិនទាន់ហ៊ានសង្ឃឹមច្រើនទេ»

    ពេជ្រ សុផាន់ បានបន្ថែមថា៖ «ហ៊ឹម គឹមរៀង និង ខេម ចាន់ ជាកីឡាករវ័យក្មេងដែរ តែចាស់វស្សា និងធ្លាប់ឈ្នះមេដាយសំរឹទ្ធពីស៊ីហ្គេមដូចគ្នា រីឯ ឃួន ឡាំកូស៊ីន ដែលភាគច្រើនចេញទៅប្រកួតនៅស្រុកថៃ គឺល្អណាស់ដែរ ចំណែក ប៊ុនសិដ្ឋ ល្អកណ្តាប់ដៃ និងទាត់ជើងក្រោម ដែលអាចនឹងផ្តួលគូប្រកួតបានភ្លាមៗ បើមានឱកាស ប៉ុន្តែ បើប៉ះ ខេម ចាន់ ក្នុងវគ្គដំបូង គឺជាឧបសគ្គធំតែម្តង»

    យ៉ាងណាក៏ដោយ លោក ម៉ៅ វុត្ថា ពិធីករ និងជាអ្នកគ្រប់គ្រងទិន្នន័យកីឡាករ នៅសង្វៀនថោន បាននិយាយថា៖ «ខេម ចាន់ និង ហ៊ឹម គឹមរៀង ចាស់វស្សាជាងមែន ប៉ុន្តែក្បាច់ប្រកួត ព្រមទាំងកម្លាំងរបស់ជើងថ្មី ឃួន ឡាំកូស៊ីន និងពេជ្រ ប៊ុនសិដ្ឋ វិញ សាងសមត្ថភាពបានល្អណាស់ គឺឈ្នះរៀមច្បងមួយចំនួនធំដូចគ្នា។ ហេតុនេះ បើទោះបីជាបទពិសោធប្រកួតខុសពីគ្នាមែន តែយើងមិនអាចទស្សន៍ទាយមុនបានទេ»

  • Loading...
  • Recent Posts