• វ៉ាន់ វឿន ឈប់ទទួលការប្រកួត ដើម្បីទុកពេលហាត់ ត្រៀមវ៉ៃដណ្តើមខ្សែក្រវាត់មាស ជាមួយ អេលីត ចំរើន
    ប្រដាល់ក្នុងស្រុក 2 weeks ago happybird

    ម្ចាស់មេដាយសំរឹទ្ធ២ជំនាន់ នៅស៊ីហ្គេម វ៉ាន់ វឿន បានសម្រេចឈប់ទទួលយកការប្រកួតផ្សេងៗមួយរយៈសិន ដើម្បីទុកពេលហ្វឹកហាត់ បង្កើនសមត្ថភាពឲ្យបានកាន់តែខ្លាំងត្រៀមការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ជាមួយ អេលីត ចំរើន នៅលើសង្វៀន PNN ដែលនឹងគ្រោងធ្វើនៅដើមខែក្រោយ។

    អ្នកប្រដាល់ជាក្មេងកំព្រា វ៉ាន់ វឿន បាននិយាយថា៖ «ចាប់ពីពេលនេះទៅ ខ្ញុំអត់ទទួលយកការប្រកួតផ្សេងនោះទេ ព្រោះខ្ញុំទុកពេលហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ដើម្បីប្រកួតផ្តាច់ព្រ័ត្រជាមួយ អេលីត ចំរើន»

    យ៉ាងណាក៏ដោយ ការហ្វឹកហាត់ត្រៀមរបស់ វ៉ាន់ វឿន នៅតែមានរយៈពេលតិចជាង អេលីត ចំរើន ដោយសារតែ វ៉ាន់ វឿន ទើបបានយកឈ្នះលើ អេ ណារ័ត្ន ទាំងលំបាក នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ចំណែក អេលីត ចំរើន បានយកឈ្នះ ប៊ុន សុធា ក្នុងវគ្គនេះ ដោយពិន្ទុទាំងវេទនាដូចគ្នា តាំងពីថ្ងៃទី១៤ ខែមិថុនា មកម្ល៉េះ។

    ជាមួយគ្នានេះ វ៉ាន់ វឿន បានគិតទុករួចហើយថា រូបគេ នឹងត្រូវប្រឈមការប្រកួតកាន់តែពិបាក សម្រាប់ការជួប អេលីត ចំរើន នៅវគ្គផ្តាច់ព្រ័ត្រ ព្រោះ ចំរើន មានប្រៀបផ្នែកខាងកម្ពស់ ហើយក៏បានតាំងចិត្តខ្ពស់ ក្នុងការប្រជែងយកខ្សែក្រវាត់មាស ទម្ងន់៥៧គីឡូក្រាមនេះផងដែរ។

    ទោះបីជាយ៉ាងណា វ៉ាន់ វឿន បានបញ្ជាក់ថា៖ «អេលីត ចំរើន ខ្ពស់ជាងខ្ញុំ ហើយគេចូលចិត្តវាយឃ្លាត អត់សូវវាយនោះទេ ប៉ុន្តែខ្ញុំគិតថា មិនអីនោះទេ ព្រោះខ្ញុំនឹងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ខ្ញុំ ឲ្យបានខ្លាំងជាងនេះ និងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកខ្សែក្រវាត់មាសនេះ»

    មិនមែនមានតែ វ៉ាន់ វឿន ទេ ដែលគ្មានឈ្មោះ នៅក្នុងបញ្ជីរាយនាមកីឡាករគុនខ្មែរ ដែលត្រូវប្រកួតនៅតាមសង្វៀននានា នាថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យនេះ ប៉ុន្តែ អេលីត ចំរើន ក៏បានគ្មានវត្តមានដូចគ្នា គឺមានន័យថា ចំរើន បានទុកពេលហ្វឹកហាត់ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះដូចគ្នា។

    ជាមួយគ្នានេះ អេលីត ចំរើន មានតែ ប៊ុន សុធា ទេ ដែលជាបន្លានៅក្នុងទ្រូងរបស់គេ តែគេបានយកឈ្នះ ប៊ុន សុធា ទៅហើយ។ អេលីត ចំរើន បាននិយាយក្រោយឈ្នះ ប៊ុន សុធា ថា៖ «នៅពេលខ្ញុំឈ្នះ ប៊ុន សុធា បែបនេះ ដូចជាបានដកបន្លាចេញពីទ្រូង ព្រោះកីឡាករ វ៉ាន់ វឿន និង អេ ណារ័ត្ន រាងទាបៗជាងខ្ញុំ អ៊ីចឹងខ្ញុំបារម្ភដែរ ប៉ុន្តែមិនបារម្ភដូចពេលជួប ប៊ុន សុធានោះទេ ព្រោះគាត់ខ្ពស់ ហេតុនេះខ្ញុំមានទំនុកចិត្តច្រើន នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ»

  • Loading...
  • Recent Posts