• មន្រ្តីជំនាញថា៖ «ការសម្រេចឲ្យប្រមូលផ្តុំ ក្រុមជម្រើសជាតិ វាទាន់ពេល សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ»
    កីឡាផ្សេងៗ 3 weeks ago happybird

    មន្រ្តីជំនាញ ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានចាត់ទុកការសម្រេចឲ្យមានការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិ ឡើងវិញ ដោយមានរយៈពេលត្រឹម៦ខែ ថា ត្រូវបានធ្វើឡើង ដោយទាន់ពេលវេលា ដើម្បីឲ្យក្រុមជម្រើសជាតិ មកពីសហព័ន្ធកីឡាជាតិនីមួយៗ អាចត្រៀមខ្លួនសម្រាប់ការប្រកួតលើឆាកអន្តរជាតិនានាបាន។

    លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងនោះ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ការប្រមូលផ្តុំរយៈពេល៦ខែនេះ គឺទាន់ពេលវេលា ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ទៅតាមកម្មវិធីរបស់ខ្សែបណ្តោយនៃសហព័ន្ធអន្តរជាតិ ជាពិសេសគឺគោលដៅចម្បងៗ ឆ្ពោះទៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ»

    ការលើកឡើងរបស់អ្នកជំនាញផ្នែកកីឡា លោក វ៉ាត់ ចំរើន ត្រូវបានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យមានការប្រមូលផ្តុំហ្វឹកហាត់កីឡាគ្រប់កម្រិត និងជម្រើសជាតិ ឡើងវិញ បន្ទាប់ពីបានផ្អាកដោយសារវិបត្តិជំងឺកូវីដ១៩ អស់រយៈពេល៣ខែ។

    ជាមួយនឹងការសម្រេចនេះ សហព័ន្ធកីឡាជាតិចំនួន៣៤ និងក្រុមជនពិការ រួមមានកីឡាករ២៨៥នាក់ កីឡាការិនី១០១នាក់ គ្រូបង្វឹក៩៣នាក់ និងអនុរក្ស៣៧នាក់ សរុប៥១៦នាក់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យធ្វើការប្រមូលផ្តុំហ្វឹកហាត់ជាក្រុមជម្រើសជាតិ នៅឆ្នាំ២០២០នេះ ដោយនឹងចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ។

    ចំពោះប្រភេទកីឡាទាំង៣៥ប្រភេទ ដែលត្រូវបានដាក់ឲ្យមានការប្រមូលផ្តុំជាក្រុមជម្រើសជាតិនេះ ត្រូវបានបែកចែកជា៥ផ្នែកផ្សេងគ្នា ទី១ ប្រភេទកីឡាមានសក្តានុពល មាន១០ប្រភេទ ដូចជាកីឡាតេក្វាន់ដូ(WT) ប៉េតង់ ចំបាប់ សីដក់ ជឺជីតស៊ូ ប្រដាល់សកល គុនល្បុក្កតោ ប្រដាល់គុនខ្មែរ សូហ្វតិន្នីស និងម៉ូតូទឹក រីឯទី២ ប្រភេទកីឡាមានប្រជាប្រិយមាន បាល់ទះ និងបាល់បោះ ចំណែកកីឡាអត្តពលកម្ម និងហែលទឹក ត្រូវបានចាត់ចូលជាប្រភេទចំបាច់។

    ចំណែកទី៤ ជាប្រភេទកីឡា ដែលកំពុងអភិវឌ្ឍ និងជំរុញដណ្តើមមេដាយ ក្នុងនោះមានវាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ ប្រណាំងកង់ គុនដាវ ជិះសេះ វាយកូនឃ្លីលើតុ វាយសី ទ្រីយ៉ាត្លុង កីឡាការ៉ាតេ ទូកប្រពៃណី និងអន្តរជាតិ យូដូ ទូកក្តោង វាយកូនគោល បាញ់កាំភ្លើង និងកីឡារាំ ហើយទី៥ ជាប្រភេទកីឡាត្រៀមសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ មាន វ៉ូវីណាម តេក្វាន់ដូ (ITF) សូរិនកាំបូ អុកចត្រង្គ និងក្រុមកីឡាជនពិការ៕

  • Loading...
  • Recent Posts