• អេលីន សាន់ ព្យាករអនាគត ទូច ដេវីត ក្រោយមិនអាចផ្តួលគ្នាឲ្យសន្លប់ ដើម្បីឈ្នះប្រាក់លាន
    ប្រដាល់ក្នុងស្រុក 3 weeks ago happybird

    កីឡាករ ដែលទើបរួចផុតពីការដាក់ពិន័យ អេលីត សាន់ បានសរសើរទៅដល់សមត្ថភាពប្រកួតរបស់អ្នកប្រដាល់ពន្លកថ្មី ទូច ដាវីត ដោយរូបគេបានព្យាករថា ដាវីត នឹងក្លាយជាកីឡាករដ៏ល្អម្នាក់ នាថ្ងៃអនាគត ហើយការនិយាយបែបនេះ បន្ទាប់ពីអ្នកទាំង២នេះ មិនអាចផ្តួលគ្នាឲ្យសន្លប់ ដើម្បីរកអ្នកឈ្នះប្រាក់លាន ក្នុងកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន។

    សម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ អេលីត សាន់ ដែលត្រូវបានគ្រូបង្វឹកលោក ស៊ន អេលីត ដាក់ពិន័យអស់រយៈពេលជាច្រើនខែ ហើយទើបអនុញ្ញាតឲ្យចេញប្រកួតជាថ្មីនេះ គឺបានយកឈ្នះ ណាម ម៉ូរ៉ាក់ ដោយពិន្ទុមិនឯកច្ឆន្ទ ២-១ នៅក្នុងការប្រកួតវគ្គជម្រុំ មាន៣ទឹក ស្របពេល ទូច ដាវីត បានយកឈ្នះ សេក ចាន់រាជ ដោយពិន្ទុជាឯកច្ឆន្ទ ៣-០។

    យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលមានត្រឹម១ទឹកស្មើ៩នាទីនោះ អេលីត សាន់ មិនអាចប្រើការមានប្រៀប ក្នុងនាមជារៀមច្បង ដើម្បីផ្តួល ទូច ដាវីត ឲ្យសន្លប់បាននោះទេ គឺអ្នកទាំង២នេះ បានវាយបកសងគ្នាទៅវិញទៅមក ហើយបានបញ្ចប់ដោយលទ្ធផលស្មើគ្នា គឺគ្មានអ្នកឈ្នះប្រាក់លានចំនួន៣,៤លានរៀលនោះឡើយ ដោយម្នាក់ៗបានត្រឹម១,៨លានរៀល។

    ជាមួយការបញ្ចប់ដោយលទ្ធផលស្មើនេះ អេលីត សាន់ បានព្យាករពីអនាគត ទូច ដាវីដ ដោយនិយាយថា៖ «ទូច ដាវីត ទើបឡើងជើងមែន តែគាត់មានសមត្ថភាពល្អ ហើយទៅថ្ងៃអនាគត គឺគាត់នឹងក្លាយជាកីឡាករល្អម្នាក់ ព្រោះកាយសម្បទាល្អ ហើយអាវុធវាយចេញរបស់គាត់ធ្ងន់ៗទៀត»

    ការយកឈ្នះលើកីឡាករ សេក ចាន់រាជ នៅក្នុងវគ្គជម្រុះ និងស្មើជាមួយជើងខ្លាំង អេលីត សាន់ បានធ្វើឲ្យប្រជាប្រិយរបស់ ទូច ដាវីត កាន់តែឡើងខ្ពស់ ហើយអ្នកគាំទ្រ ក៏បានសរសើរពីសមត្ថភាពប្រកួតរបស់គេផងដែរ ប៉ុន្តែចំពោះ ទូច ដាវីត ផ្ទាល់ បានចាត់ទុកការប្រកួតនេះ ថាជាបទពិសោធដ៏ល្អ សម្រាប់រូបគេ ក្នុងការបង្កើនសមត្ថភាពឲ្យបានល្អជាងនេះ។

    ទូច ដាវីត បាននិយាយក្រោយការប្រកួតថា៖ «ការប្រកួតជាមួយ អេលីត សាន់ រាងពិបាកដែរ ព្រោះមុខគាត់រឹង មិនងាយវាយទេ ហើយខ្ញុំក៏មិនធ្លាប់វាយ១ទឹកមាន៩នាទីបែបនេះនោះដែរ ដល់អ៊ីចឹងវាពិបាកប្រកួតដែរ។ យ៉ាងណាក៏ដោយតាមរយៈការប្រកួតនេះ ធ្វើឲ្យខ្ញុំទទួលបានបទពិសោធច្រើន ព្រោះពួកគាត់ សុទ្ធតែជារៀមច្បងខ្ញុំ ដែលយើងត្រូវហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែមទៀត»

  • Loading...
  • Recent Posts