• វ៉ាន់ វឿន ធ្វើឲ្យ អេ ណារ័ត្ន ខកចិត្តជាថ្មី ដើម្បីឡើងទៅជួប អេលីត ចំរើន នៅវគ្គផ្តាច់ព្រ័ត្រ
    ប្រដាល់ក្នុងស្រុក 3 weeks ago happybird

    ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន បានរកឃើញជោគជ័យដ៏ធំមួយទៀត គឺការទទួលបានឱកាសឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ជាមួយ អេលីត ចំរើន បន្ទាប់ពីរូបគេបានទម្លាក់ អេ ណារ័ត្ន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។

    នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញ នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យនោះ អេ ណារ័ត្ន ដែលមានមហិច្ឆតាចង់ឈ្នះលើ វ៉ាន់ វឿន ដោយពិន្ទុដាច់នោះ បានព្យាយាមវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែរូបគេ នៅតែគេចមិនផុតពីការខកចិត្ត ខណៈចៅក្រមទាំង៥រូប បានសម្រេចឲ្យ វ៉ាន់ វឿន ឈ្នះមិនឯកចន្ទ ៣-២ នោះ។

    យ៉ាងណាក៏ដោយ តាមរយៈការប្រកួត៥ទឹកពេញនោះ វ៉ាន់ វឿន ពិតជាវាយចំគោលដៅបានល្អជាង ហើយអ្វីដែលគួរឲ្យគត់សម្គាល់នោះ គឺនៅចុងទឹកទី២ វ៉ាន់ វឿន បានវាយកែង បន្សល់ស្នាមបែក នៅក្រោមភ្នែកខាងឆ្វេង ហើយនៅទឹកទី៥ កែងរបស់ វ៉ាន់ វឿន បានធ្វើឲ្យ អេ ណារ័ត្ន បែកនៅក្រោមភ្នែកខាងស្តាំមួយទៀត ដែលធ្វើឲ្យផ្ទៃមុខ ណារ័ត្ន ដិតដាមទៅដោយឈាម។

    នេះជាលើកទី២ហើយ ដែល អេ ណារ័ត្ន បានចាញ់ក្រោមដៃ វ៉ាន វឿន នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះនៅមុនការជួបគ្នាលើកទី២នេះ វ៉ាន់ វឿន បានទម្លាក់ អេ ណារ័ត្ន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នានេះ នៅលើសង្វៀន CNC ហើយរូបគេបានបន្តយកឈ្នះលើ បឺត សង្ឃឹម នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ទម្ងន់៥៧គីឡូក្រាម អមដោយប្រាក់រង្វាន់២០លានរៀល កាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនានេះ។

    យ៉ាងណាមិញ ការយកឈ្នះលើ អេ ណារ័ត្ន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានធ្វើឲ្យ វ៉ាន់ វឿន ទទួលបានឱកាសកាន់តែពិសេស គឺការឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស អមដោយប្រាក់រង្វាន់១ម៉ឺនដុល្លារ ដោយរូបគេ នឹងត្រូវជួប អេលីត ចំរើន ដែលបានទម្លាក់ ប៊ុន សុធា ខណៈជំនួបរបស់អ្នកទាំង២ គ្រោងនឹងធ្វើនៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ។

    ទាក់ទងទៅនឹងការជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ អេលីត ចំរើន ធ្លាប់បានបង្ហាញទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះ វ៉ាន់ វឿន ដោយសម្អាងថា វ៉ាន់ វឿន មានកម្ពស់ទាបជាងខ្លួន ប៉ុន្តែ វ៉ាន់ វឿន ក៏បានដាក់ចិត្តខ្លាំង នៅក្នុងការប្រជែងយកខ្សែក្រវាត់មាសនេះដែរ ហើយគិតមកដល់ពេលនេះ វ៉ាន់ វឿន ធ្លាប់បានឈ្នះមេដាយសំរឹទ្ធ២លើក នៅស៊ីហ្គេម អមជាមួយការឈ្នះបានខ្សែក្រវាត់ចំនួន៣ នៅក្នុងស្រុក ខណៈ អេលីត ចំរើន បានឈ្នះខ្សែក្រវាត់ចំនួន២៕

  • Loading...
  • Recent Posts