• ប្រធានបាល់ទាត់កម្ពុជា ប្រាប់ពីបញ្ហាប្រឈម ត្រៀមឆ្ពោះទៅស៊ីហ្គេម ដែលត្រូវរួមគ្នាទទួលខុសត្រូវ
    កីឡាផ្សេងៗ 1 month ago happybird

    ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានបង្ហាញពីបញ្ហាប្រឈម ដែលក្រុមជម្រើសជាតិកម្ពុជា អាចនឹងជួបប្រទះ សម្រាប់ការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយនោះជាអ្វីដែលប្រធានសហព័ន្ធរូបនោះ ប្រាប់ឲ្យសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាគិត និងរួមគ្នាទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហានេះ នឹងធ្វើឲ្យក្រុមកម្ពុជា អាចដណ្តើមបានមេដាយជូនប្រទេសជាតិ។

    ថ្លែងនៅក្នុងមហាសន្និបាត កាលពីថ្ងៃចន្ទ លោក សៅ សុខា បានលើកឡើងថា៖ «ការការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំព្រឹត្តិការណ៍បានល្អ នោះជារឿងម្យ៉ាង ដែលប្រហែលជាអាចនឹងងាយធ្វើជាង បើសិនជាយើងមានលុយគ្រប់គ្រាន់ ព្រោះឥឡូវនេះបច្ចេកទេសជឿនលឿន ប៉ុន្តែបញ្ហាដែលយើងគិតទុក ហើយយល់ថា ជាបញ្ហាប្រឈម នោះគឺគុណភាពកីឡាករបាល់ទាត់របស់យើង ថាតើយើងអាចមានលទ្ធភាព ដើម្បីដណ្តើមមេដាយបានឬអត់?»

    ជាមួយគ្នានេះ វិបត្តិនៃជំងឺឆ្លងកូវីដ១៩ វាកាន់តែធ្វើឲ្យវិស័យបាល់ទាត់នៅកម្ពុជា មានការថមថយ។ លោក សៅ សុខា បានបន្តថា៖ «ស្ថានភាពពេលនេះ ក៏មិនមានភាពអំណោយផលដល់យើងប៉ុន្មានទេ ព្រោះយើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ១៩ បានវាយប្រហារយ៉ាងខ្លាំង ទៅលើសេដ្ឋកិច្ច ដូច្នេះបើសេដ្ឋកិច្ចចុះថមថយ កីឡាក៏មានថមថយទៅតាមហ្នឹងដែរ អ៊ីចឹងបញ្ហាប្រឈមរបស់យើង មិនគ្រាន់តែយើងក្មេងខ្ចី ក្នុងការអភិវឌ្ឍបាល់ទាត់ក្រោយគេទេ ប៉ុន្តែថែមទាំងទទួលរង ដោយហានិភ័យ ដោយជំងឺកូវីដ១៩ ដែលនៅតែបន្តគំរាមគំហែង»

    យ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពដ៏លំបាកនេះ លោក សៅ សុខា បានបង្ហើបចេញនៅគម្រោងផែនការដ៏គួរឲ្យចាប់អារម្មណ៍មួយ។ លោកបាននិយាយថា៖ «ស្ថានភាពបែបនេះ វាលំបាកណាស់ អ៊ីចឹងសហព័ន្ធ មានគម្រោងផែនការត្រៀមរៀបចំក្រុមជម្រើសជាតិកម្ពុជា ពីឥឡូវទៅ សម្រាប់លេងនៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងនឹងបង្កើតក្លិបបាល់ទាត់មួយ ដែលជាក្លិបស្នូល»

    «យើងនឹងជ្រើសរើសយកកីឡាករវ័យក្មេង មានគុណភាពមកពីតាមបណ្តាក្លិបនីមួយៗ ឲ្យមកចូលរួមជាមួយក្លិបស្នូលនេះ អ៊ីចឹងនេះជារឿងសំខាន់ ដែលអង្គមហាសន្និបាត នៅថ្ងៃនេះ អាចបញ្ចេញមតិយោបល់ ដើម្បីចូលរួមគាំទ្រ ឬមិនគាំទ្រ។ បើមានការគាំទ្រ គឺយើងមានពេល៦ខែ ដើម្បីត្រៀមរៀបចំ ហើយការចាប់ផ្តើម នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ក្រុមដែលត្រៀមលេងនៅឆ្នាំ២០២៣ នឹងបង្ហាញមុខនៅលើទីលានប្រកួតលីកកំពូលកម្ពុជា ជំនួសក្រុមយុវជនបាល់ទាត់ជាតិបាទី ដែលកំពុងលេងសព្វថ្ងៃនេះ»

    លោក សៅ សុខា បានបញ្ជាក់ថា៖ «យើងត្រូវធ្វើការងារនេះ ឲ្យក្លាយទៅជាកិច្ចការងារ ដែលយើងទាំងអស់គ្នា រួមគ្នាឈ្នះ និងរួមគ្នាទទួលខុសត្រូវ នៅពេលជួបនឹងឧបសគ្គ ដើម្បីអនាគត និងគោលដៅ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយយើងមានជំនឿជាក់ថា វិស័យកីឡាបាល់ទាត់របស់យើង អាចនឹងនាំមកនូវកេរ្តិ៍ឈ្មោះ កិត្តិយស ជូនព្រះរាជណាចក្រកម្ពុជារបស់យើង»

    អត្ថបទ៖ Cambosport

  • Loading...
  • Recent Posts